ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់កម្មករ កម្មការិនីប្រមាណជិត៥០០នាក់ បាននាំគ្នាធ្វើកូដកម្មមិនចូលបម្រើការងារ ខណៈទាមទារលក្ខខណ្ឌការងារចំនួន១១ចំណុច ពីក្រុមហ៊ុនរោងចក្រសេងយ៉ាវ២ នៅក្នុងតំបន់ហ្គីហ្គារីសស៍ស្វាយរៀង ស្ថិតក្នុងភូមិដើមពោធិ៍ ឃុំកណ្ថៀងរាយ ស្រុកស្វាយទាប កាលពីវេលាម៉ោង១០ និង៥០នាទីព្រឹក ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
យោងតាមតំណាងកម្មករបានឲ្យដឹងថា មានកម្មករ កម្មការិនីដែលបម្រើការងារនៅរោងចក្រហ្គីហ្គារីសស៍ស្វាយរៀងមាន ចំនួន៤៨០នាក់ស្រី៨០នាក់ធ្វើការហើយការទាមទារលក្ខខណ្ឌការងារមានចំនួន១១ចំណុចពីក្រុមហ៊ុន៖ ១-សុំឲ្យក្រុមហ៊ុនបន្ថយចំនួនផលិតនៅផ្នែករំយោល Led នៅ២៣ដុំ៨ម៉ោង និងផ្នែកជនអំពូលនៅ450(មីនី) ក្នុង៨ម៉ោង
២-សុំកុំឲ្យក្រុមហ៊ុនកាត់ឈ្នួលនៅពេលវៃកាតមុន និងក្រោយម៉ោង និងសុំឲ្យក្រុមហ៊ុនអនុញ្ញាតវាយកាតបានមុនម៉ោង
៣-សុំឲ្យក្រុហ៊ុនផ្ដល់ប្រាក់ឈ្នួលជូន50%នៅពេលក្រុមដែលក្រុមហ៊ុនមិនមានការងារឲ្យកម្មករនិយោជិតធ្វើ ដូចនៅថ្ងៃ១៤-១៦ វិច្ឆិកា ឆ្នាំ២០១៩ដែលក្រុមហ៊ុនរៀបចំឲ្យឈប់បន្តរបុណ្យអុំទូក
៤-សុំឲ្យក្រុមហ៊ុនដូរអ្នកបកប្រែឈ្មោះ សាន់ នី(ស្រី) និង និងសុំប្ដូរប្រធានផ្នែកជនជាតិចិននៅខ្សែទឹកហូរ
៥-ស្នើសុំក្រុមហ៊ុនទូទាត់ប្រាក់បំណាច់កិច្ចសន្យា5%ជួនកម្មករនិយោជិតដែលមិនទាន់បានបើក និងឲ្យបានទៀងទាត់
៦-សុំឲ្យក្រុមហ៊ុនទុករយ:ពេលមួយថ្ងៃដើម្បីផ្ទៀងផ្ទាត់ និងតវ៉ាចំពោះប្រាក់ឈ្នួលដែលបាត់
៧-សុំឲ្យក្រុមហ៊ុនជួនដំណឹងមុនរយ:ពេល7ថ្ងៃក្នុងករណីបន្តរឫមិនបន្តរកិច្ចសន្យាការងារ
៨-ស្នើសុំឲ្យក្រុមហ៊ុនកាត់ប្រាក់ឈ្នួលកន្លះថ្ងៃនៅពេលដែលកម្មករដាក់ច្បាប់ធុរ:កន្លះថ្ងៃ
៩-ស្នើក្រុមហ៊ុនទុកពេលសាកល្បងការងារកម្មករនិយោជិតចូលថ្មីរយ:ពេល7ថ្ងៃមុន និងកំណត់ចំនួន និងម៉ោងដូចកម្មករនិយោជិតចាស់
១០-ស្នើសុំក្រុមហ៊ុនកុំដាក់សម្ពាធ ឫចេញលិខិតព្រមាន មកលើកម្មករនិយោជិតនៅពេលដែលកម្ករនិយោជិតធ្វើមិនដល់ចំនួនកំណត់
១១-ស្នើរសុំឲ្យក្រុមហ៊ុនមានពាក្យសុំច្បាប់ នៅក្នុងក្រុមហ៊ុនសេងយ៉ាវ២តែម្ដង
ពាក់ពន្ធ័នឹងករណីនេះលោក អ៊ួ សុខឃឿន ប្រធានមន្ទីរការងារបណ្ដុះបណ្ដាល និងវិជ្ជាជីវះខេត្តស្វាយរៀងបានឲ្យដឹងនៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា ការផ្សះផ្សារឯកភាពគ្នាជាមួយកម្មករ និងតំណាងរោងចក្រយល់ស្របគ្នាទាំង១១ចំនុចហើយដោយនឹងចូលធ្វើការធម្មតាមិនមានបញ្ហាអ្វីកើតឡើងជាហិង្សានោះទេ ៕ យឹម សុថាន