ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទេរហ្គាសចេញពីរថយន្តខុសបច្ចេកទេសបង្កអោយឆេះផ្ទះ

ចែករំលែក៖

ខេត្តកំពង់ធំ៖ មានហេតុការណ៍អគ្គិសភ័យឆេះផ្ទះ ម្ចាស់ស្ថានីយប្រេងឥន្ទនៈ TELA និងស្តុកហ្គាស មួយកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅត្រង់ចំណុចភូមិសូយោង ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ  ។

ពាក់ព័ន្ធករណីនេះដែរ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចំនួន០៣នាក់ រថយន្ត២គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ត្រី  គៀន គឿន មេបញ្ជាការ បានសហការជាមួយនគរបាល ជួយពន្លត់ករណីអគ្គិសភ័យនេះ ដែលបានឆេះផ្ទះរបស់ឈ្មោះអ៊ូ មឿក ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ ជាម្ចាស់ស្ថានីយប្រេងឥន្ទនៈ TELA និងស្តុកហ្គាស ពេលកំពុងផ្ទេរចេញពីរថយន្ត បណ្តាលអោយផ្ទុះឆេះ និងរបួសមនុស្ស១នាក់(ធ្ងន់) ។

ប្រភពបានបន្តថា ជនរងគ្រោះ ឈ្មោះ ហៀន ចាន់ធី ភេទប្រុស អាយុ៣៨ឆ្នាំ​ រស់នៅភូមិជ្រៃវៀន ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានរងរបួសធ្ងន់ បញ្ជូនទៅមណ្ឌលសុខភាពតាំងគោក ដើម្បីព្យាបាល ។ សូមបញ្ជាក់ថា អ្នករងរបួសគឺជាអ្នកបើកបររថយន្តដឹកហ្គាស ។

ចំណែករូបសម្ភារៈខូចខាតរួមមាន  រថយន្តដឹកហ្គាស០១គ្រឿង ត្រូវអគ្គិភ័យឆេះអស់ប្រហែល៣០ភាគរយ ។ សម្ភារៈប្រើប្រាស់សម្រាប់ផ្ទេរហ្គាសមួយចំនួន និងជញ្ជាំងផ្ទះអស់ប្រហែល៣០ភាគរយ ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានបញ្ជាក់ថា ហេតុការណ៍អគ្គិភ័យខាងលើនេះបណ្ដាលមកពីមូលហេតុ ផ្ទេរហ្គាសចេញពីរថយន្តខុសបច្ចេកទេស ៕ ប៊ុនរិទ្ធី


ចែករំលែក៖