ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនអាកាសចរណ៍ Thai Airways នៅប្រទេសបារាំង មិនអនុញ្ញាតឲ្យសម រង្ស៊ីឡើងយន្តហោះ​ទៅប្រទេសថៃនោះឡើយ (វីដេអូ)

ចែករំលែក៖

ភ្នំពេញ៖ វីដេអូ ដែលបានចែកចាយពាសពេញបណ្តាញទំនាក់ទំនងសង្គម​បានបញ្ជាក់ឲ្យដឹងកាលពីព្រលប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា ក្រុមហ៊ុន​អាកាសចរណ៍​ Thai Airways ប្រចាំនៅ​ប្រទេសបារាំង មិនអនុញ្ញាត​ឲ្យលោកសម រង្ស៊ី ធ្វើដំណើរ​ពីប្រទេសបារាំង ទៅកាន់ប្រទេសថៃនោះទេ ។

យោងតាមប្រភពព័ត៌មានក្នុងស្រុកមួយបានផ្សាយថា គម្រោងរបស់ លោក សម រង្ស៉ី ហោះហើរចាកចេញពីទីក្រុងប៉ារីស ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ នោះត្រូវបានបរាជ័យហើយ ដោយសារតែ​មិនមានឈ្មោះ ក្នុងជើងហោះហើរពីប៉ារីស ទៅកាន់ទីក្រុងបាងកក នៅថ្ងៃទី៧ វិច្ឆិកា ឆ្នាំ២០១៩ឡើយ ។

ប្រភពបានបញ្ជាក់ថា មន្រ្តីជាន់ខ្ពស់អាកាសចរណ៍ស៊ីវិលកម្ពុជា បានថ្លែងនៅព្រលប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ថា «សម រង្ស៉ី មិនមានឈ្មោះក្នុងជើងហោះហើរពីប៉ារីស ទៅកាន់ទីក្រុងបាងកក នៅថ្ងៃទី៧ វិច្ឆិកានេះទេ» ដោយសារមិនមានឈ្មោះនៅក្នុងបញ្ជី ហោះហើរនៅថ្ងៃនេះឡើយ, ព្រោះសម្រាប់ថ្ងៃទី៧ វិច្ឆិកានេះ សម រង្ស៉ី បានពន្យារពេលជើងហោះហើរអស់ហើយ ។

ប្រភពព័ត៌មានខាងលើនេះ បានយោងតាមមន្រ្តីជាន់ខ្ពស់នៃក្រុមហ៊ុនអាកាសចរណ៍ Thai Airways ដែលបានថ្លែងប្រាប់មន្រ្តីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩។ មន្រ្តីជាន់ខ្ពស់អន្តោប្រវេសន៍មួយរូបថា «ភាគីខាងថៃក្រុមហ៊ុន Thai Airways បានបញ្ជាក់មកថា សម រង្ស៉ី មិនមានឈ្មោះឡើងលើយន្តហោះមកទីក្រុងបាងកកទេ» ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ នាយករដ្ឋមន្ត្រី​ថៃ លោកប្រាយុទ្ធ ចាន់អូចា បានថ្លែងក្នុងសន្និសីទមួយនៅទីក្រុងបាងកកថា កម្ពុជា និងថៃ​សុទ្ធតែជាប្រទេស​សមាជិកសមាគមអាស៊ានដូចគ្នា ហើយថៃ​ប្តេជ្ញារក្សា​មិនជ្រៀតជ្រែក​ចូលកិច្ចការផ្ទៃក្នុងរវាងគ្នា នឹងគ្នាឡើយ ហើយថៃមិនអនុញ្ញាត​ឲ្យ​មនុស្សប្រឆាំងរដ្ឋាភិបាល ប្រើប្រាស់ប្រទេសថៃ​សម្រាប់ធ្វើសកម្មភាពនោះដែរ ។

លោកប្រាយុទ្ធ បានថ្លែងថា «ខ្ញុំសូមដាក់បទបញ្ជាដូច្នេះ ហើយគាត់ (សម រង្ស៊ី) ប្រហែលមិនអនុញ្ញាតឲ្យចូលទឹកដីប្រទេសថៃបានទេ» ៕

 


ចែករំលែក៖