ព័ត៌មានទាន់ហេតុការណ៍៖

ម៉ាឡេស៊ីអះអាងថា ប្រទេសនេះមិនមែនជាមូលដ្ឋាន​ សម្រាប់សកម្មជននិរទេសខ្លួនកម្ពុជា​ ប្រឆាំងរដ្ឋាភិបាលទេ

ចែករំលែក៖

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហាមេដ បានថ្លែងថា គាត់កំពុង​«ព្យាយាម​ស្វែងរកប្រទេសណាមួយ» ដែលអាច​ទទួល​សមាជិកគណបក្សប្រឆាំងមួយរូប ដែលកំពុងព្យាយាម​វិលត្រឡប់​ទៅកាន់​ប្រទេសកម្ពុជាវិញ ក្នុងឱកាសទិវាបុណ្យឯករាជ្យ ។​ នេះបើតាមការផ្សាយរបស់គេហទំព័រ ABC.Net កាលពី​ព្រលប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

ប្រភពបានបន្តថា រដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ី លោក Saifuddin Abdullah បានថ្លែងថា លោកស្រី មួ សុខហួ អនុប្រធានគណបក្សប្រឆាំងកម្ពុជា គឺគណបក្សសង្គ្រោះជាតិ​( CNRP)នោះ ត្រូវបានឃុំខ្លួន​ដោយ​មន្ត្រីអន្តោប្រវេសន៍របស់ម៉ាឡេស៊ី បន្ទាប់ពីបានមកដល់អាកាសយានដ្ឋានទីក្រុង គូឡាឡាំពួរ កាលពីយប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងដំណើរ​មួយមកពីទីក្រុង ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ីនោះ ។

គោលជំហរ​របស់​លោកនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ខាងលើនេះ ក៏ជាឆ្លុះបញ្ចាំង​ផងដែរ ដែលថា ប្រទេសថៃ នៅក្នុងសប្តាហ៍​នេះ ក៏បានរារាំង​មន្ត្រី​គណបក្សប្រឆាំង​កម្ពុជា​​​មិនឲ្យធ្វើដំណើរឆ្លងកាត់​ប្រទេសថៃ ទៅកាន់ទឹកដីកម្ពុជាដាច់ខាត ។

នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកសម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ មិនត្រូវបាន​ក្រុមហ៊ុនអាកាសចរណ៍ ថៃអ៊ែរវ៉េយ ប្រចាំនៅ​ប្រទេសបារាំង​​ អនុញ្ញតឲ្យឡើង​យន្តហោះ ធ្វើដំណើរ​ទៅកាន់ប្រទេសថៃនោះឡើយ ដោយសារតែអាជ្ញាធររបស់ប្រទេសថៃ​បានចេញព្រមានដល់ក្រុមហ៊ុនអាកាសចរណ៍ថា មិនត្រូវ ឲ្យរូបសមរង្ស៊ីចូលទៅកាន់ប្រទេសថៃ ។ ប៉ុន្តែយ៉ាងណាក៏ដោយ លោកសម រង្ស៊ី ប្តេជ្ញាថា នឹង​រកជើងហោះហើរផ្សេង​ជំនួសវិញ ។

លោក មហាធៀ បានមានប្រសាសន៍ថា គាត់មិនអនុញ្ញាត​ឲ្យប្រទេសម៉ាឡេស៊ី ត្រូវបានប្រើប្រាស់​ជាទីកន្លែង​ដើម្បី​ធ្វើសកម្មភាពនយោបាយ​ក្នុងតំបន់នោះឡើយ ៕


ចែករំលែក៖