ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលចុះបង្ក្រាបជនជាតិចិន១១នាក់ ពាក់ព័ន្ធជំរិតជនជាតិចិនដូចគ្នា

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងនគរបាលចម្រុះក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះបង្ក្រាបចាប់ខ្លួនជនជាតិចិនចំនួន១១នាក់ ពាក់ព័ន្ធនឹងករណីចាប់ជំរិតជនជាតិចិនដូចគ្នា និងរំដោះជនរងគ្រោះម្នាក់ ។ 

ប្រតិបត្តិ​ការណ៍​នេះបានធ្វេីឡេីងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ នៅចំណុចបុរីព្រីនថោន​ ផ្ទះលេខ១០៩​ ផ្លូវលេខ១០៩​ ភូមិក្បាលដំរី២​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​។ 

លោកវរៈសេនីយ៍ឯក​ យឹម​ សារ៉ាន់​ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ​ បានឲ្យដឹងថា​ មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលេី​ កម្លាំងនគរបាលការិយាល័យក្រសួងមហាផ្ទៃ​បានទទួលពាក្យបណ្តឹងពីស្ថានទូតចិន ដោយមានជនជាតិចិនមួយក្រុម បាននាំគ្នាចាប់បង្ខាំង និងជំរិតបុរសជនជាតិចិនម្នាក់ទារប្រាក់ ​។ បន្ទាប់ពីទទួលពាក្យបណ្តឹងរួច កម្លាំងនគរបាលក៏បានស្រាវជ្រាវរហូត កំណត់មុខសញ្ញាបានទេីបសហការជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យ និងចុះទៅបង្ក្រាបភ្លាមៗតែម្តង ។ 

ក្នុងប្រតិបត្តិការ​នេះ កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យ ជាជនជាតិចិនចំនួន១១នាក់ និងរំដោះជនជាតិចិនជាជនរងគ្រោះម្នាក់ផងដែរ ។ 

បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលបញ្ជូនទៅការិយាល័យក្រសួងមហាផ្ទៃ ដេីម្បីចាត់ការតាមច្បាប់ ៕ សុខាសែនជ័យ​


ចែករំលែក៖