អ៊ីរ៉ង់បានបង្កើនការផលិតអាវុធរយៈពេលកន្លងមក ដើម្បីការពារខ្លួន ដោយអ៊ីរ៉ង់ដឹងយ៉ាងច្បាស់ថា អាមេរិក អ៊ីស្រាអែល មិនលើកលែងឲ្យអ៊ីរ៉ង់នោះឡើយ ។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានព្រមាន អ៊ីរ៉ង់ថា ការចម្រើនសារធាតុ អ៊ុយរ៉ាញ៉ូមឡើងវិញ របស់អ៊ីរ៉ង់ គឺជាកំហុសឆ្គងមួយដ៏ធំ និងជាចេតនាគំរាមកំហែង ដើម្បីទទួលបានសម្បទាន ឬជំរិតទារប្រាក់ពីសហគមន៍អន្តរជាតិតែម្តង ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃអង្គារសប្ដាហ៍នេះ អ្នកនាំពាក្យខាងលើដដែលបានលើកឡើង យ៉ាងដូច្នេះថា «យើងគាំទ្រយ៉ាងពេញទំហឹងដល់ ទីភ្នាក់ងារឃ្លាំមើលថាមពលអាតូមិចអន្តរជាតិ (IAEA) ក្នុងការដឹកនាំការផ្ទៀងផ្ទាត់ដោយឯករាជ្យ លើសកម្មភាពនុយក្លេអ៊ែរអ៊ីរ៉ង់ ក៏ដូចជាត្រួតពិនិត្យរបាយការណ៍របស់ IAEA ជុំវិញការវិវត្តស្ថានភាពនានា… ប៉ុន្តែព្រមពេលជាមួយគ្នា ការបង្កើនការចម្រាញ់អ៊ុយរ៉ាញ៉ូមឡើងវិញ បានបង្ហាញយ៉ាងច្បាស់ពីចេតនាគំរាមកំហែងចង់បានសម្បាទាន ឬជំរិតទារប្រាក់ ពីសហគមន៍អន្តរជាតិ»។
គួរជម្រាបថា ប្រតិបត្តិការរបស់ទីក្រុងវ៉ាស៊ីនតោន កើតមានឡើងបន្ទាប់ពីទីក្រុងតេហេរ៉ង់ នៅថ្ងៃអង្គារសប្ដាហ៍នេះបានប្រកាសថា ខ្លួននឹងចាប់ផ្ដើមបង្កើនការចម្រាញ់អ៊ុយរ៉ាញ៉ូមឡើងវិញ នៅថ្ងៃទី០៦ ខែវិច្ឆិកានេះតែម្តង ឱ្យដល់កម្រិត៥ភាគរយ នៅឯរោងចក្រនុយក្លេអ៊ែរក្រោមដី ហ្វ័រដូវ (Fordow) តាមរយៈការបញ្ចូលឧស្ម័នបញ្ឆេះកម្តៅឡើងវិញ។
ជាមួយគ្នានេះ សភាអឺរ៉ុបបានបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ថា វិបត្តិនុយក្លេអ៊ែរអ៊ីរ៉ង់កាន់តែធ្លាក់ចុះជ្រៅ ពិបាកនឹងស្តារវិញ។ ប្រទេសលោកខាងលិច បានប្រតិកម្មបន្តបន្ទាប់ពីគ្នា នៅក្រោយអ៊ីរ៉ង់ ប្រកាសលែងគោរព កិច្ចព្រមព្រៀងនុយក្លេអ៊ែរមួយចំណុចបន្ថែមទៀត។ នៅថ្ងៃអង្គារម្សិលមិញ ប្រធានាធិបតីអ៊ីរ៉ង់ លោកហាសាន់ រូហានី បានប្រកាសថា អ៊ីរ៉ង់នឹងចម្រើនសារធាតុអ៊ុយរ៉ាញ៉ូម នៅរោងចក្រFordo ដែលបានផ្អាកសកម្មភាព ចាប់តាំងពីមានកិច្ចព្រមព្រៀងអន្តរជាតិស្តីពីនុយក្លេអ៊ែរ អ៊ីរ៉ង់ឆ្នាំ ២០១៥។ រុស្ស៊ី និងសហភាពអឺរ៉ុប បានសំដែងក្តីបារម្ភ ចំណែកបារាំងបានទាមទារឲ្យទីក្រុងតេហេរ៉ង់ គិត និងផ្លាស់ប្តូរជំហររបស់ខ្លួនសាជាថ្មី។
បារាំង និងសហភាពអឺរ៉ុប ដែលជាហត្ថលេខីនៃ កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់បានសំដែងការបារម្ភ ដូចគ្នា នៅក្រោយ ប្រធានាធិបតី អ៊ីរ៉ង់ លោកហាសាន់ រូហានី ប្រកាសដាក់ឲ្យប្រើប្រាស់រោងចក្រចម្រើនធាតុអ៊ុយរ៉ាញ៉ូម នៅក្រោមដី ឈ្មោះ Fordo កាលពីថ្ងៃអង្គារម្សិលមិញ។ ទីក្រុងម៉ូស្គូ តាមរយៈអ្នកនាំពាក្យរបស់វិមានក្រេមឡាំង បានសំដែងការព្រួយបារម្ភ ប៉ុន្តែ ក៏យល់ពីការសម្រេចចិត្តរបស់រដ្ឋាភិបាលអ៊ីរ៉ង់ ដែលបានកាត់បន្ថយការគោរពកិច្ចសន្យារបស់ខ្លួន នៅក្នុងកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ឆ្នាំ ២០១៥ ដោយសារតែ ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក។
ដោយដាក់ឲ្យដំណើរការរោងចក្រFordo ដែលស្ថិតនៅចម្ងាយប្រមាណ ១៨០គីឡូម៉ែត្រពីរដ្ឋធានីតេហេរ៉ង់ គឺជាការរំលោភកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលនៅក្នុងនោះអ៊ីរ៉ង់បានសន្យាកាត់បន្ថយសកម្មភាពនុយក្លេអ៊ែរ របស់ខ្លួន ដូចជាបិទរោងចក្រចម្រើនធាតុអ៊ុយរ៉ាញ៉ូម Fordo ជាដើម ជាថ្នូរនឹងការដកទណ្ឌកម្មសេដ្ឋកិច្ចពីសហគមន៍អន្តរជាតិ។
នៅក្រោយ អាមេរិកដកខ្លួនជាឯកតោភាគីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៊ីរ៉ង់ តាំងពីខែ ឧសភា បានរំលោភកិច្ចព្រមព្រៀង នុយក្លេអ៊ែរ ដូចជា ប្រកាសចម្រើនធាតុអ៊ុយរ៉ាញ៉ូមក្នុងកម្រិតខ្ពស់ជាងមុន ឬ ប្រកាសបង្កើនបរិមាណស្តុកសារធាតុអ៊ុយរ៉ាញ៉ូមជាដើម។ កាលពីដើមខែកញ្ញកន្លងទៅ អ៊ីរ៉ង់បានប្រកាសដាក់ឲ្យប្រើប្រាស់ម៉ាស៊ីនទំនើប ៤០គ្រឿង សម្រាប់ចម្រើនធាតុអ៊ុយរ៉ាញ៉ូម។
ការប្រើម៉ាស៊ីនទំនើបដែលមានកម្លាំងខ្លាំង ដើម្បីចម្រើនធាតុអ៊ុយរ៉ាញ៉ូម គឺជាការរំលោភកិច្ចព្រមព្រៀងមួយទៀតរបស់អ៊ីរ៉ង់ ព្រោះថា ទៅតាមកិច្ចព្រមព្រៀងឆ្នាំ ២០១៥ អ៊ីរ៉ង់មានសិទ្ធិប្រើត្រឹមម៉ាស៊ីនជំនាន់ទី១តែប៉ុណ្ណោះ។
ដាក់ឲ្យដំណើរការឡើងវិញ រោងចក្រនុយក្លេអ៊ែរFordo គឺជាចំណាត់ការទី៤របស់អ៊ីរ៉ង់ក្នុងការកាត់បន្ថយការគោរពកិច្ចសន្យារបស់ខ្លួន ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀង។ ការសម្រេចរបស់រដ្ឋាភិបាលអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ មិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះទេ។ វាកើតឡើងនៅក្រោយពេលឱសានវាទ ៦០ថ្ងៃ ដែលអ៊ីរ៉ង់ បានដាក់ទៅលើបណ្តាប្រទេសហត្ថលេខី បានចប់កាលពីថ្ងៃចន្ទទី៤វិច្ឆិកា។ នៅថ្ងៃអង្គារ ប្រធានាធិបតីអ៊ីរ៉ង់ បានប្រកាសទុកពេល ២ខែទៀត ឲ្យប្រទេសហត្ថលេខី ចាត់វិធានការជួយការពារសេដ្ឋកិច្ចអ៊ីរ៉ង់ ពីទណ្ឌកម្មអាមេរិក បើមិនដូច្នេះទេ អ៊ីរ៉ង់នឹងកាត់បន្ថយការគោរពកិច្ចសន្យាមួយចំនុចបន្ថែមទៀត។ រុស្ស៊ី បារាំង និងសហភាពអឺរ៉ុប បានអះអាងថា ខ្លួននៅតែបន្តគោរព កិច្ចព្រមព្រៀង ប៉ុន្តែ នៅតែតាមដានរបាយការណ៍ របស់ទីភ្នាក់ងារថាមពលនុយក្លេអ៊ែរអន្តរជាតិ ដែលមាននាទីត្រួតពិនិត្យឃ្លាំមើលកុំឲ្យអ៊ីរ៉ង់អាចលួចចម្រើនធាតុអ៊ុយរ៉ាញ៉ូម ដើម្បីគោលដៅយោធា។
ប៉ុន្តែ គ្រប់ប្រទេសហត្ថលេខីធ្លាប់បានបង្ហាញជំហរ ប្រឆាំងនឹងការសម្រេចចិត្តរបស់អាមេរិក ដែលដកខ្លួនចេញពីកិច្ចព្រមព្រៀង ជាឯកតោភាគី។ ប៉ុន្តែ ទាំងរុស្ស៊ី និងសហភាពអឺរ៉ុបវាយតម្លៃថា គេកាន់តែពិបាកនឹងស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដរាបណាអ៊ីរ៉ង់បន្តកាត់បន្ថយការគោរពកិច្ចសន្យា ទៅតាម កិច្ចព្រមព្រៀង៕