ភ្នំពេញ ៖ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី០៧ ខែវិច្ចិកា ឆ្នាំ២០១៩ មានបុរសម្នាក់សង្ស័យស្រវឹងបើករថយន្តឡិចស៊ីស RX300 បួងចង្កូតជ្រុលបុកក្បាលនាគពុះចែកទ្រូងផ្លូវនៅចំណុចមុខដេលីកាហ្វេ តាមបណ្តោយផ្លូវលេខ១១៣កែងនឹងផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់បឹងកេងទី២ ខណ្ឌបឹងកេងកង បណ្តាលឲ្យរងការខូចខាតវៀចមួយកង់ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខ និងផ្ទុះពោងការពារសុវត្ថិភាពហើយព្យាយាមបើករត់ បានប្រហែល១០០ម៉ែត្រ ត្រូវបានសមត្ថកិច្ចឃាត់ជាប់ទាំងរថយន្ត និងម្ចាស់ ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តម៉ាកឡិចស៊ីស ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2 AE 9067 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១១៣ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចផ្លូវព្រះសីហនុ ក៏បតឆ្វេងជ្រុលបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យវៀចអស់មួយកង់់ ចំណែករថយន្តផ្ទុះពោងការពារសុវត្ថិភាព និងរងការខូចខាតផ្នែកខាងមុខ ។
ប្រភពដដែលបានបន្តថា ភ្លាមនោះរ ថយន្តបង្កបានព្យាយាមបើករត់បានប្រហែល១០០ម៉ែត្រ ក៏ត្រូវបានសមត្ថកិច្ចឃាត់ជាប់ ។ បន្ទាប់មក សមត្ថកិច្ចបានស្ទូចរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមនីតិវិធី ៕ ភារ៉ា ដង្កោ