ភ្នំពេញ៖ ភាពយន្តសំណើចគ្រួសារដែលតារាកំប្លែងនាយកុយ តារាសម្តែង លោក ជា លាងឈែ និងតារាស្រី ចន្ធី ដាឡែន សម្តែងរួមគ្នាជាមួយតារាកំប្លែងមកពីប្រទេសចិននោះនឹងចាប់ផ្តើមចាក់បញ្ចាំងហើយនៅថ្ងៃទី១៣ខែវិច្ឆិកានេះនៅលើកញ្ចក់ទូរទស្សន៍Nice TV ចាប់ពីម៉ោង៧យបតទៅ។
ជាភាពយន្តបែបកំប្លែងថ្មីមួយដែលជាកិច្ចសហការផលិតរវាងផលិតករខ្មែរ និងផលិតករមកពីសាធារណរដ្ឋប្រជាមានិតចិន។
តាមការបញ្ជាក់របស់លោក ជា លាងឈែ ដែលជាតួឯកប្រុសក្នុងភាពយន្តនេះធ្លាប់បានលើកឡើង លោកត្រូវសម្តែងជាតួឈ្មោះបុត្រដែលទើបនឹងបញ្ចប់ការសិក្សានៅប្រទេសចិន ហើយបានបម្រើការងារជាបុគ្គលិកក្រុមហ៊ុនមួយជាមួយថៅកែប្រុសសម្តែងដោយនាយកុយ។ ក្នុងនោះដែរមានតួអង្គសំខាន់ៗជាច្រើននិងសាច់រឿងដែលបង្កើតឲ្យមានឈុតឆាកកំប្លែងផ្ទុះសំណើចគ្រប់ឆាកទាំងអស់។ លោកថានេះគឺជាលើកដំបូងដែលលោកសម្តែងរួមជាមួយតារាសម្តែងមួយចំនួនមកពីប្រទេសចិនលោក លីអូវ៉ាង និងកញ្ញា លីលី ហើយភាពយន្តនេះលោកក៏ត្រូវប្រើប្រាស់ភាសាចិនខ្លះដើម្បីសម្តែងរួមជាមួយពួកគាត់ផងដែរ។
កញ្ញា ចន្ធី ដាឡែន ដែលជាតួឯកស្រី វិញបានលើកឡើងថាជាភាពយន្តដែលមានកិច្ចសហការរវាងទូរទស្សន៍ក្រសួងមហាផ្ទៃ Nice Tv វិទ្យុមិត្តភាពកម្ពុជា-ចិន ហើយនាងពិតជារំភើបដែលទទួលបានឱកាសសម្តែងក្នុងភាពយន្តបែបកំប្លែងបែបនេះ ហើយជាប្រភេទភាពយន្តដែលនាងពេញចិត្ត។ នាងថាក្រោយចូលរួមសម្តែងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះនាងយល់ថារឿងនេះពិតជាកំប្លែងដែលនឹងធ្វើឲ្យទស្សនិកជនសើចចុកពោះ។ កញ្ញា បន្តថា ជារសជាតិថ្មីដែលនាងនិងសិល្បករខ្មែរ បានសម្តែងរួមគ្នាជាមួយតារាសម្តែងមកពីប្រទេសចិន។
ក្រៅពីធ្វើការចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ក្នុងស្រុកភាពយន្តដែលសហការផលិតដោយផលិតករខ្មែរ និងចិន នេះនឹងត្រូវធ្វើការចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍មួយនៅប្រទេសចិនផងដែរ ដែលគេរំពឹងថាជាការភ្ជាប់ទំនាក់ទំនងរវាងសិល្បៈវប្បធម៌រវាងប្រជាជនទាំងពីរ ពិសេសការចូលរួមចំណែកជួយដល់ការផ្សព្វផ្សាយតំបន់ទេសចរណ៍នៅកម្ពុជាផងដែរ៕ វឌ្ឍនា