ខេត្តព្រះសីហនុៈ ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់បានស្លាប់ ពេលទៅលេងទឹកនៅរមណីយដ្ឋានថ្មរូង កាលពី រសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយពេលកំពុងលេងទឹក ក្មេងរងគ្រោះបានផុងជើងខាងស្តាំចូលក្នុងទុយយោបង្ហូរទឹកដែលគេដាក់នៅកន្លែងល្បាក់ថ្ម ហើយជាប់ដកមិនចេញ ។
ភ្លាមៗដើម្បីសង្គ្រោះ ពលរដ្ឋក៏វាយបំបែកទុយយោនោះ ហេីយព្យាយាមដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យដែរ ប៉ុន្តែដោយអាការរបួសជើងធ្ងន់ធ្ងរពេក ក្មេងរងគ្រោះក៏បានស្លាប់តាមផ្លូវ ។
បើតាមសមត្ថកិច្ចប្រាប់អោយដឹងថា ក្មេងរងគ្រោះឈ្មោះ សុីម ឡុងជឺ ភេទប្រុស អាយុ១២ឆ្នាំ មានទីលំនៅភូមិស្ទឹងឆាយខាងជើង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បច្ចុប្បន្នរស់នៅជាមួយជីដូនពិការ ក្រោយឪពុកម្តាយក្មេងរងគ្រោះលែងលះគ្នា ក្នុងនោះឪពុកឈ្មោះ សុីម វុធ អាយុ ៣៨ឆ្នាំ ម្តាយឈ្មោះ គីវ ដារុង អាយុ ៣៣ឆ្នាំ បច្ចុប្បន្នត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ឆ្លាម សមុទ្រ