ព័ត៌មានទាន់ហេតុការណ៍៖

លោកតាម្នាក់មានប័ណ្ណក្រីក្រ ពេលទៅពិនិត្យភ្នែកនៅខេត្តតាកែវ តែពេទ្យបដិសេធមិនទទួលយក ដោយទាមទារឲ្យបង់ប្រាក់៥ម៉ឺនរៀល

ចែករំលែក៖

ខេត្តតាកែវ៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកតាមានការមិនពេញចិត្តទាល់តែសោះ ចំពោះការបម្រើសេវាសុខាភិបាលរបស់ពេទ្យភ្នែកខេត្តតាកែវ នៅពេលដែលលោកតាទៅពិនិត្យភ្នែក ដោយក្រុមគ្រូពេទ្យនៅទីនោះ បាននិយាយថា “លោកតា មកពិនិត្យភ្នែកត្រូវបង់លុយមុនសិន តែលោកតាបានប្រាប់គ្រូពេទ្យវិញថា ខ្ញុំមានប័ណ្ណក្រីក្រ តែពេទ្យបានតបវិញថា ប័ណ្ណនេះអត់បានការទេលោកតា ដល់តែលោកតាបង់លុយសិនបានពិនិត្យ និង ព្យាបាលឲ្យបាន”។

លោកតា ឈ្មោះ ប៉ុល ហ៊ី រស់នៅភូមិកំពង់លួង ឃុំកំពង់រាប ស្រុកអង្គបុរី ខេត្តតាកែវ ធ្លាប់ជាអ្នកគ្រប់គ្រងសារៈមន្ទីរអង្គបុរី ដែលបច្ចុប្បន្ន ស្នាក់នៅវត្តកំពង់លួង២នាក់យាយតា មានអាយុ៨២ឆ្នាំ ប្រចាំខេត្តតាកែវ ។

លោកតា ប៉ុល ហ៊ី បានបន្តថា គាត់បានឮថា ពេទ្យភ្នែកបានជូនដំណឹងពីការពិនិត្យភ្នែក មិនយកលុយកាក់ ទើបគាត់២នាក់យាយរបស់គាត់ បាននាំគ្នាជិះទូកដរពីស្រុកអង្គរបុរីទៅ ទៅដល់ខេត្តតាកែវ ចំណាយលុយ៣៥,០០០ម៉ឺនរៀល ទៅដល់មន្ទីរពេទ្យភ្នែក ។ នៅពេលគាត់ចូលទៅក្នុងមន្ទីរភ្នែកគាត់បានសាកសួរ នៅពេលនោះគ្រូពេទ្យដែលនៅប្រចាំការនៅទីនោះនិយាយថា លោកតា មកពិនិត្យភ្នែកត្រូវបង់លុយ៥ម៉ឺនរៀល ទើបពិនិត្យព្យាបាលជូនបាន ។

លោកតាបន្តថា គាត់ប្រាប់ទៅពេទ្យវិញថា គាត់គ្មានលុយទេ ហើយពេទ្យប្រាប់វិញថា ត្រូវបង់លុយសិនលោកតា បានពិនិត្យជូនបាន នៅពេលនោះលោកតា បានឲ្យយាយរបស់គាត់ទ្បើងទូកត្រទ្បប់មកផ្ទះវិញមកយកលុយទៅបង់ពេទ្យ តែគាត់មិនមានលុយគ្រប់ទេ តែគាត់សុំឲ្យពេទ្យចុះថ្លៃខ្លះទៅ គាត់ថាពេទ្យមិនព្រមចុះឲ្យទេ រហូតដល់គាត់យាយគាត់យកលុយមកបង់ឲ្យ ទើបគេពិនិត្យព្យាបាលឲ្យ ។

លោកបានចោទសួរថា “បើជូនដំណឹងថា ពិនិត្យព្យាបាលមិនយកលុយចុះហេតុអ្វីត្រូវឲ្យគាត់បង់លុយទៅវិញ ? ហើយគាត់មានប័ណ្ណ ក្រីក្រទៀត ។ លោកតាសំណូមពរឲ្យអាជ្ញាធរខេត្ត និង មន្ទីរសុខាភិបាលខេត្តតាកែវ មេត្តាពិនិត្យមើលផង កុំឲ្យពេទ្យភ្នែកនេះធ្វើអ្វីតាមតែចិត្តបែបនេះទៀត។

ជុំវិញបញ្ហានេះ លោក ផាន់ វ៉ាន់ អនុប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានឲ្យដឹងដែរថា ពេទ្យភ្នែកក៏ដូចមន្ទីរពេទ្យបង្អែកខេត្តដែរ គឺមិនយកលុយទេបើមានប័ណ្ណ “បសស”និងប័ណ្ណក្រីក្រនោះ ។ ប៉ុន្តែបើទោះបីជាលោក ផាន់ វ៉ាន់ អនុប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានលើកឡើងយ៉ាងនេះក៏ដោយ មជ្ឈដ្ឋានជាច្រើន សង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធនឹងមានវិធានការចំពោះមន្ទីរពេទ្យភ្នែក នៅខេត្តតាកែវ នេះផងដែរ ៕ ប្រាថ្នា


ចែករំលែក៖