ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានភាពកោះហុងកុង កាន់តែអាក្រក់ រដ្ឋាភិបាល​បញ្ជាឲ្យបិទសាលាទាំងអស់

ចែករំលែក៖

បាតុកម្ម​នៅកោះហុងកុង អូសបន្លាយជាង​៥ខែកន្លងមក ដោយមិនមានទីបញ្ចប់នោះឡើយ ហើយបាតុកម្មវិវឌ្ឍន៍ទៅជាអំពើហិង្សា​ ក្រោយពេលមាននិស្សិតម្នាក់ស្លាប់​នៅក្នុងការប៉ះទង្គិចជាមួយកម្លាំងសន្តិសុខ​ ។

មេដឹកនាំកោះហុងកុង លោកស្រី​ Carrie Lam បានកោះប្រជុំជាបន្ទាន់​​ជាមួយមន្ត្រីគ្រប់​ជាន់​ថ្នាក់ដើម្បីឡើងផែនការទប់ស្កាត់បាតុកម្ម។​ ពេលថ្មីៗនេះលោកស្រី លឹម ​ក៏បាន​ព្រមានថា នឹងឈប់បន្ធូបន្ថយដល់ក្រុមបាតុករបង្កអំពើហិង្សា ធ្វើឲ្យមានអសន្តិសុខ ក្នុងសង្គម​ ជាប់គាំងសេដ្ឋកិច្ចជាតិ​។

ជាមួយគ្នានេះដែរស្នងការប៉ូលិសកោះហុងកុង លោក​ Tse Chun Chung ​បានប្រកាសនៅ​ថ្ងៃទី​១៤ខែតុលា​​ថា​ ក្រុមនិស្សិត​ចូលរួមធ្វើបាតុកម្ម បានប្រើប្រាស់គ្រាប់បែកសាំង ​វាយប្រហារទៅលើ កម្លាំងសន្តិសុខ ជំរុញឲ្យស្ថានភាពធ្លាក់ក្នុងគ្រោះថ្នាក់​ អាចបង្កឲ្យ​មានអ្នកស្លាប់។

លោក​ Tse Chun Chung បានលើកឡើងថា​« គ្រាប់បែកសាំងទាំងនោះ បានមកពីណា​ ធ្វើនៅកន្លែងណា ​​អាចបញ្ជូនចូលក្នុងក្រុងបានយ៉ាងឆាប់រហ័សបែបនេះ​។ យើងមានការសង្ស័យ​​ថា​មហាវិទ្យាល័យ នានា​ អាចក្លាយទៅជាទីតាំង​សម្រាប់ផលិតគ្រាប់បែកសាំង​បង្កភាពចលាចល​»។

ស្ថានភាព​នៅកោះហុងកុង តានតឹងកាន់តែខ្លាំង​​ក្រោយពេល​ បណ្តាសាលាមហាវិទ្យាល័យ​នានា​បានបោះបង់ចូលការសិក្សារបស់ខ្លួន ។ ជាមួយគ្នានេះ​រដ្ឋាភិបាលហុងកុង ក៏បានស្នើឲ្យបិទ សាលារៀនទាំងអស់ ក្នុងនោះមានតាំងពី​ ថ្នាក់មតេយ្យ ដល់មហាវិទ្យាល័យ​ ដោយស្ថានភាព​បាតុកម្ម​កាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃ ​អាចបង្កទៅជាអំពើហិង្សាជាទ្រង់ទ្រាយធំ ៕


ចែករំលែក៖