ព័ត៌មានទាន់ហេតុការណ៍៖

លោក គឹម សន្តិភាព ៖​ ការទម្លាក់ ឬមិនទម្លាក់ចោលការចោទប្រកាន់ជាឆន្ទានុសិទ្ឌិរបស់តុលាការ

ចែករំលែក៖

ភ្នំពេញ​ ៖​ លោក គឹម សន្តិភាព រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការគ្រប់គ្រង និងចាត់ចែងវត្ថុតាង (គ.គ.ច.វ)​ នៅថ្ងៃនេះលោកបានតបឆ្លេីយទៅស្ថានទូតអាមេរិក​ ក៏​ដូចជាអង្គការសង្គមស៊ីវិល​ ពាក់​ព័ន្ធ​នឹងចំណត់ការតុលាការលេីបុគ្គលពីររូបឈ្មោះ​ យាង សុធារិន្ទ និងលោក អ៊ួន ឈិន ​តាមរយ:ហ្វេសប៊ុក​របស់លោកផ្ទាល់​ បានសរសេរ​ថា​ការទម្លាក់ ឬមិនទម្លាក់ចោលការចោទប្រកាន់ជាឆន្ទានុសិទ្ឌិរបស់តុលាការ ដោយផ្អែកតាមលទ្ធផលនៃការស៊ើបសួរ លើអង្គហេតុ និងភស្តុតាងស្របតាមស្មារតីនៃច្បាប់កម្ពុជា។

លោកបានស​រសេរបញ្ជាក់បន្ថែមថា​  សូមភាគីពាក់ព័ន្ធនៃសំណុំរឿងត្រូវប្រើប្រាស់សិទ្ធិការពារខ្លួនដែល​មានចែងក្នុងច្បាប់ ដើម្បីជាប្រយោជន៍របស់ខ្លួន ដោយបង្ហាញភាពស្អាតស្អំរបស់ខ្លួន​នៅចំពោះមុខតុលាការ។

ការតបឆ្លេីយរបស់លោក​ គឹម​ សន្តិភាព​ បន្ទាប់ពី​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ទូត​ អាមេរិក​ប្រចាំ​កម្ពុជា​បាន​សរសេរ​បង្ហោះ​  មានខ្លឹមសារ​ដូច្នេះថា​ ថ្ងៃ​នេះគឺជាថ្ងៃខួបលើកទី ២ នៃការចាប់ខ្លួនអ្នកយកព័ត៌​មានរបស់វិទ្យុអាស៊ីសេរីចំនួន ២ រូប គឺលោក អួន ឈិន និងលោក យាង សុធារិន នៅកម្ពុជា។ ការចាប់ខ្លួន ការឃុំខ្លួនដ៏យូរ និងដំណើរការកាត់ក្តីដែលអូសបន្លាយវែង នៃអ្នកសារព័ត៌ទាំងពីររូបនេះ ដែលកំពុងបំពេញការងាររបស់គេ បំផ្លាញសេរីភាពសារព័ត៌មាន ហើយធ្វើមិនឲ្យអ្នកដទៃទៀតចង់ធ្វើការងារដ៏សំខាន់ផ្នែកសារព័ត៌មាន។

ខ្លឹមសារ​បន្តថា​ ការទម្លាក់ចោលការចោទប្រកាន់ទៅលើអ្នកសារព័ត៌មានទាំង ២ រូបនេះ ហើយផ្តល់ឲ្យពួកគេវិញនូវសិទ្ធិនិងសេរីភាពពេញលេញរបស់គេនឹងកែតម្រូវឡើងវិញនូវអំពើអយុត្តិធម៌ គោរពតាមរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា ហើយជាសញ្ញានៃការប្តេជ្ញាចិត្តចាំបាច់ចំពោះតួនាទីដ៏មានសារៈសំខាន់នៃប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ នៅក្នុងប្រទេសប្រជាធិបតេយ្យ។

ចំណែកបុគ្គលដែលជាប់ក្នុងចំណាត់ការ​ តុលាការឯណេះវិញ​ក៏​បាន​សរសេរ​បង្ហោះ​មានខ្លឹមសារ​នៅលេី​ហ្វេសប៊ុក​ របស់ខ្លួនថា​ យើងខ្ញុំសូមសម្តែងការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ  អង្គការលើកលែងទោស    អន្តរជាតិ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) មូលនិធិ Clooney ដើម្បីយុត្តិធម៌ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ស្ថានទូតសហ​រដ្ឋអាមេរិកប្រចាំកម្ពុជា និងប្រធានវិទ្យុអាស៊ីសេរីទាំងគ្រប់ភាសា ដែលបាន​ចេញសេចក្តីថ្លែងការណ៍ ទាមទារឲ្យតុលាការកម្ពុជាទម្លាក់ចោលបទចោទ​ ប្រកាន់ទាំងអស់មកលើខ្ញុំបាទ យាង សុធារិន្ទ និងលោក អ៊ួន ឈិន នៅចំខួប២ឆ្នាំនៃការចាប់ខ្លួនយើងខ្ញុំ ថ្ងៃទី១៤ វិច្ឆិកា ២០១៧ – ១៤ វិច្ឆិកា ២០១៩ ។ យើងខ្ញុំសង្ឃឹមថា តុលាការនឹងទម្លាក់ចោលបទ ចោទប្រកាន់ និងផ្តល់សិទ្ធិសេរីភាពពេញលេញជាពលរដ្ឋឲ្យយើងខ្ញុំវិញ ៕​ សដារ៉ា


ចែករំលែក៖