ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ សង្ស័យកើតជំងឺឆ្កួតជ្រូក មកដេកក្នុងវត្តស្ទឹងមានជ័យបាន២ថ្ងៃ ស្រាប់តែប្រកាច់រហូតដល់សន្លប់

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់មានវ័យប្រហែល៥០ឆ្នាំ បានដេកប្រកាច់ម្នាក់ឯងរហូតដល់ស្ដូកស្ដឹងនិងខាំថ្គាមរឹងដៃរឹងជើង ផ្អើលដល់ព្រះសង្ឃក្នុងវត្តស្ទឹងមានជ័យ និងពលរដ្ឋនៅជិតនោះនាំគ្នាជួយសង្គ្រោះបឋម និងរាយការណ៍ប្រាប់សមត្ថកិច្ចជួយធ្វើអន្តរាគមន៍ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ មិនទាន់ដឹងគាត់មានជំងឺអ្វីនោះទេ ។

ករណីខាងលើនេះ បានកើតឡើងកាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងបរិវេណវត្តចង្ក្រានតាព្រហ្មហៅវត្តស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។

តាមប្រភពព័ត៍មានពីសមត្ថកិច្ចមូលដ្ឋាន ដែលចុះទៅដល់កន្លែងកើតហេតុ បានឲ្យដឹងថា បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍មកថា នៅក្នុងវត្តមានបុរសម្នាក់ បានដេកប្រកាច់ម្នាក់ឯងរហូតដល់ស្ដូកស្ដឹងនិងខាំថ្គាមរឹងដៃរឹងជើងទៀតផង ភ្លាមនោះសមត្ថកិច្ចបានចុះមកជួយធ្វើអន្តរាគមន៍ភ្លាមៗ ដោយឃើញពីសភាពគាត់ជាក់ស្ដែងត្រូវការសង្គ្រោះបឋមសិនប៉ុណ្ណោះ មុននឹងបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យ ។

បន្ទាប់មកកម្លាំងសមត្ថកិច្ចក៏បានទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់ មកដឹកជនរងគ្រោះដែល តែពុំមានខាងណាឆ្លើយតបសោះ ទើបសមត្ថកិច្ចហៅឡំប្រឺតាដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្ស៊ីតែម្តង ។

ក្រោយកើតហេតុ បើតាមសម្តីព្រះគ្រូចៅអធិការវត្តស្ទឹងមានជ័យ បានឲ្យដឹងថា បុរសខាងលើនេះគឺគាត់មិនស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថាមានអាយុប្រហែល៥០ឆ្នាំ និងមិនមានអ្វីជាប់ខ្លួនឡើយ ដោយមុនពេលកើតហេតុ អ្នកនៅក្នុងវត្តបានឃើញបុរសនេះមកស្នាក់នៅក្បែរចេតិយក្នុងវត្តបាន២,៣ថ្ងៃហើយ ស្រាប់តែដល់ម៉ោងកើតហេតុខាងលើស្រាប់តែឃើញដេកប្រកាច់តែម្នាក់ឯង និងបង្កការភ្ញាក់ផ្អើលតែម្តង ៕ ភារ៉ា ដង្កោ


ចែករំលែក៖