បទល្មើសនេសាទប្រើអួនកែច្នៃអូសយកមច្ឆជាតិគ្រប់ប្រភេទនៅតំបន់បឹងទន្លេសាប ក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់បានចាប់ផ្តើមរៀបចំចែកផលប្រយោជន៍ឲ្យស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តការងារចាប់ពីពេលនេះតទៅ ។ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ពួកឈ្មួញធំៗចាប់ផ្តើមបែងចែកផលប្រយោជន៍ជូនស្ថាប័នពាក់ព័ន្ធនៅក្នុងខេត្តពោធិ៍សាត់ ដែលមានថ្នាក់ដឹកនាំខេត្ត, នគរបាលខេត្ត ជាពិសេសស្ថាប័នកសិកម្ម ពោលគឺរដ្ឋបាលជលផល ។ ការបែងចែកផលប្រយោជន៍ទាំងនោះ គឺដើម្បីឲ្យពួកគេអាចធ្វើសកម្មភាព អូសអួនកែច្នៃ បានពេញមួយរដូវប្រាំងខាងមុខនេះ ។ អួនកែច្នៃ អូសដោយម៉ាស៊ីនធំៗ មាន៦ម៉ាស៊ីន ដែលអាចធ្វើសកម្មភាព អូសយកមច្ឆជាតិបានគ្រប់ប្រភេទ ទាំងនៅក្នុងបាតដី ។
ប្រភពរាយការណ៍ថា ពួកឈ្មួញមានឈ្មោះ អេង ចេង, អេង វេង, អេង ម៉ៅ, ង្វៀង យ៉ាំងគូ, ង្វៀង យ៉ាំងឡាំង, ឌី ណា និងឈ្មោះ ភឿន ដែលពួកគេមានទូកម៉ាស៊ីនធំៗ ត្រៀមបម្រុងសម្រាប់ប្រព្រឹត្តបទល្មើសនេសាទនៅតំបន់បឹងទន្លេសាបក្នុងស្រុកកណ្តៀង ដោយពួកគេប្រមូលថវិកាបែងចែកជូនស្ថាប័ននានានៅក្នុងខេត្តពោធិ៍សាត់ ដែលក្នុងនោះតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ថ្នាក់ដឹកនាំខេត្តទទួលបានសេវា២០លានរៀល, ស្នងការនគរបាលខេត្ត៤លានរៀល, ខណ្ឌរដ្ឋបាលជលផល២លានរៀល, បរិស្ថានខេត្ត
៨០ម៉ឺនរៀល, ផ្នែកជលផលកណ្តៀង៣លានរៀល, សង្កាត់ជលផល២លានរៀល… ។ នៅមានសមត្ថកិច្ចមួយចំនួនទៀត ក៏ទទួលបានលាភសក្ការពីការអនុញ្ញាតឲ្យមានបទល្មើសអូសអួនកែច្នៃទ្រង់ទ្រាយធំនៅពេលខាងមុខនេះដែរ ។
បើតាមសេចក្តីរាយការណ៍អះអាងថា អាជ្ញាធរហាក់ដូចជាមិនបានខ្វល់ខ្វាយចំពោះបញ្ហាបទល្មើសនេះទេ ពីព្រោះគេយល់ថា ឆ្នាំនេះ ផលនេសាទ ពោលគឺត្រីមិនសូវមានដូចបណ្តាឆ្នាំមុនៗឡើយ ។ ទឹកនៅបឹងទន្លេសាបឡើងតិចតួច ហើយស្រកវិញលឿនរហ័ស ជាហេតុធ្វើឲ្យមិនសូវមានត្រី ច្រើនដូចបណ្តាឆ្នាំមុនៗ ។ ដោយសារបញ្ហាគ្មានត្រីនោះហើយ ទើបអាជ្ញាធរមានសមត្ថកិច្ចព្រងើយកន្តើយក្នុងការបង្ក្រាបបទល្មើស ។ ប៉ុន្តែយ៉ាងណាក៏ដោយពួកឈ្មួញ ដែលធ្លាប់រកស៊ីប្រព្រឹត្តបទល្មើសនៅតែត្រូវផ្តល់ផលប្រយោជន៍ឲ្យស្ថាប័នជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត ទើបអាចប្រព្រឹត្តល្មើសបានដូចបណ្តាឆ្នាំមុនៗ ។ បញ្ហាបទល្មើសនេសាទ នៅតែជាបញ្ហាចោទ ដោយសារតែពួកមន្ត្រីជលផលត្រូវរ៉ូវជាមួយពួកឈ្មួញបិទភ្នែកឲ្យមានបទល្មើសជាថ្នូរនឹងផលប្រយោជន៍ ៕