ប៉ោយប៉ែតៈ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បន្ទាប់ពីស្ថានការណ៍តានតឹងផ្នែកនយោបាយថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលមានសភាពស្ងប់ស្ងាត់ គេឃើញមានកងកម្លាំងបីប្រភេទយាមកាមតឹងរឹងទប់ស្កាត់ការប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់ទណ្ឌិត សម រង្ស៊ី នាពេលកន្លងមក នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ២០១៩នេះ មានសភាពដូចដើមវិញហើយ ដោយគេឃើញមានពលរដ្ឋ អាជីវករ កម្មករ ដើរឆ្លងកាត់ចេញ ចូលទៅប្រកបរបរក្នុងប្រទេសថៃ មិនតែប៉ុណ្ណោះ កម្មករអូសរទេះ ដឹកទំនិញប្រកបអាជីវកម្មគ្រប់ប្រភេទ រថយន្តដឹកទំនិញឆ្លងកាត់ ផ្ទេរទំនិញដូចធម្មតាវិញហើយ។
កងកម្លាំងបីប្រភេទ ដែលធ្លាប់តែមានវត្តមានយាមកាមតឹងរឹងនៅចំណុចខាងលើនោះ ក៏បានវិលចូលអង្គភាពរៀងខ្លួន ដោយរង់ចាំទទួលផែនការ និងធ្វើការងារតាមតួនាទីបម្រើពលរដ្ឋ ជាកាតព្វកិច្ចរបស់ពួកគាត់វិញ ។
ប្រភពអ្នករត់តាក់ស៊ីបានប្រាប់ថា រយះពេលប៉ុន្មានថ្ងៃដែលព្រឹត្តិការណ៍ក្ដៅគគុកខាងលើនោះ នៅច្រកទ្វារអន្តរជាតិមានសភាពស្ងប់ស្ងាត់ ធ្វើឲ្យគាត់បាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃ ចំណែកពលរដ្ឋដែលជាអាជីវករ កម្មករ ក៏មិនបានលក់ដូរ ប្រកបរបរអាជីកម្មរនោះដែរ ម្យ៉ាងលោកមិនចង់ឲ្យមានស្ថានការនយោបាយ ដូចថ្ងៃទី៩ ខែវិច្ឆិកា (ទណ្ឌិតសម រង្ស៊ី ប៉ុនប៉ងរដ្ឋប្រហារ)នោះដែរ ព្រោះថា វាជាប្រវត្តិសាស្រ្តអាក្រក់ ដែលពួកគាត់ធ្លាប់តែប្រកបរបរកស៊ីចិញ្ចឹមជីវិតសុខស្រួល បែរជា មានសភាពនយោបាយអាក្រក់របស់ទណ្ឌិតសម រង្ស៊ី ធ្វើឲ្យពួកគាត់បាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃ ស្ថានការប្រែប្រួល ។
ជុំវិញស្ថានការណ៌ខាងលើនេះ លោកគាត ហ៊ុលអភិបាលក្រុងប៉ោយប៉ែតបញ្ជាក់តាមទូរស័ព្ទថា ចាប់ពីនោះមកទល់ថ្ងៃទី១៩ ខែវិច្ឆិកានេះ សភាពការណ៍នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ប្រជាពលរដ្ឋប្រកបរបរកស៊ីធម្មតា លោកថា បើទោះជាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ជាថ្ងៃតឹងរឹងផ្នែកនយោបាយ មានការយាមកាមការពារសន្តិសុខមែន ប៉ុន្តែប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរផ្សាររោងក្លឿរ ប្រទេសថៃ លោកនៅរកស៊ីធម្មតាមិនមានអ្វីខុសប្លែកនោះទេ ។
លោកបន្ថែមថា ការភ័យខ្លាចរបស់ពលរដ្ឋ ក៏មិនមានដែរ មុនឈានដល់ថ្ងៃព្រឹត្តិការណ៍រាជរដ្ឋាភិបាល បានផ្សព្វផ្សាយឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិធ្វើវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយ ទទួលយកបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ដែលត្រូវការ ហើយនៅពេលខាងមុខនេះ រដ្ឋបាលក្រុង នឹងផ្សព្វផ្សាយ អំពីព្រឹត្តិការណ៍ថ្មីៗនៅក្នុង នៅក្នុងព្រះរាជជាណាចក្រ និងផ្សព្វផ្សាយមិនឲ្យមានការភ័យខ្លាច ។ ពលរដ្ឋនៅទីក្រុងប៉ោយប៉ែតមិនមានអ្វីភ័យខ្លាច ចំពោះសមត្ថកិច្ចដែលការពារសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ឈរជើងនៅតាមគោលដៅនៅធម្មតា ដោយឡែក នៅច្រកទ្វារព្រំដែនអន្តជាតិប៉ោយប៉ែត គីបានដកចេញវិលចូលអង្គភាពវិញហើយ ៕ វណ្ណា