បាតុកម្មនៅកោះហុងកុង កាន់តែតានតឹងខ្លាំងឡើងដោយកម្លាំងប៉ូលិសអស់ការអត់ធ្មត់ ជាមួយបាតុករ គ្មានថ្ងៃបញ្ចប់ ។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ក្រុមបាតុករហុងកុងដែលមានការគាំទ្រពីបណ្តាប្រទេស លោកខាងលិច ពិសេសគឺអាមេរិក ។
ដោយធុញទ្រាន់ នឹងបាតុកម្មគ្មានទីបញ្ចប់ ពលរដ្ឋហុងកុង ជាច្រើនរយនាក់ បានរួមគ្នាធ្វើបាតុកម្ម សម្តែងការគាំទ្រ ដល់នគរបាលហុងកុង ដែលប្រឈមមុខនឹងបាតុកម្មហិង្សា ជាច្រើនខែមកនេះ ។ ប្រជាជនហុងកុង ដែលមានវត្តមានក្នុងក្បួនបាតុកម្មនេះ ក៏បានអះអាងថាខ្លួនគាំទ្រ របបនយោបាយហុងកុងបច្ចុប្បន្ន ប្រទេសមួយរបប២ ក្រោមការដឹកនាំរបស់ចិនប៉េកាំង ។
ប្រជាជនហុងកុងក្មេងចាស់ប្រុសស្រី ជាច្រើនរយនាក់ បានប្រមូលផ្តុំគ្នា នៅចំពោះមុខអាគារសភាហុងកុង និងខាងមុខស្នងការដ្ឋាននគរបាលហុងកុង ដើម្បីសម្តែងការគាំទ្រនរគបាលហុងកុង ។ អ្នកខ្លះកាន់ទង់ជាតិហុងកុង អ្នកខ្លះកាន់ទង់ជាតិចិន ឬឯអ្នកខ្លះទៀត មានកាន់បដា ដែលមានសរសេរជាអក្សរថា “យើងគាំទ្រនរគបាល” ឬ “ យើងឈរនៅខាងនគរបាល” ជាដើម ។
ស្រ្តីហុងកុង វ័យ៤៩ឆ្នាំម្នាក់ បានលើកឡើងថា ជាច្រើនខែមកហើយ ដែលប្រជាជន ហុងកុងមួយចំនួនដូចជាអ្នកស្រី បានបិទមាត់ មិនតវ៉ា មិនសម្តែងមតិអ្វីទាំងអស់ ដោយសារតែខ្លាចការគំរាមពីសំណាក់ ក្រុមបាតុករហិង្សាជ្រុលនិយម ។ តែឥឡូវវាដល់ពេលហើយ ដែលត្រូវធ្វើបាតុកម្មសម្តែងការគាំទ្រ ដល់នគរបាលហុងកុង ។
សូមបញ្ជាក់ថា បាតុកម្មតវ៉ានៅហុងកុង បានអូសបន្លាយប្រមាណ៦ខែមកហើយ ដោយហ្វូងបាតុករ ភាគច្រើនជាយុវជនសិស្សនិស្សិត បានទាមទារឲ្យចិន ដកចេញនូវគំនៀបសង្កត់ សិទ្ធិសេរីភាពនយោបាយ មកលើប្រជាជនហុងកុង ។ ក្រុមបាតុករប្រជាធិបតេយ្យ ក៏បានទាមទារ ឲ្យមានការស៊ើបអង្កេតដោយឯករាជ្យផងដែរ ទៅលើវិធានការហិង្សាហួសប្រមាណ ដែលនគរបាលហុងកុង បានធ្វើមកលើបាតុករ ។
គួរកត់សំគាល់ដែរថា នេះជាលើកទីមួយហើយ ដែលមានក្បួនបាតុកម្មរបស់ប្រជាជនហុងកុង ដែលចេញមុខ គាំទ្រនគរបាល ក៏ដូចជារដ្ឋាភិបាលហុងកុង ក្នុងទ្រង់ទ្រាយធំបែបនេះ ។ កន្លងមកចលនានេះ មានទំហំតូចតាចបំផុត ។ ក្បួនបាតុកម្មនេះ ក៏បានសម្តែងការគាំទ្រ ដល់ការដឹកនាំរបស់ចិនប៉េកាំង និង រដ្ឋបាលហុងកុង ដឹកនាំដោយលោកស្រី ការី ឡាំ ផងដែរ ។
ប៉ុន្តែមតិមួយចំនួនបានលើកឡើងថា ក្រុមបាតុករ ដែលចេញមកគាំទ្រចិន និងនគរបាលហុងកុងនេះ គឺពិតជាមានការពន្យុះ ឬរៀបចំដោយរដ្ឋអំណាចចិន ។ មួយវិញទៀត ការជួបជុំនេះ បានធ្វើឡើង ក្នុងខណៈដែលក្រុមបាតុករប្រជាធិបតេយ្យ បានដកថយបន្តិចទៅវិញ នៅថ្ងៃសៅរ៍ទី១៦វិច្ឆិកា បន្ទាប់ពីពួកគេបានឃើញទាហានចិន មានវត្តមាននៅតាមផ្លូវនានា នៅក្នុងក្រុងហុងកុង ដើម្បីធ្វើការរៀបចំសំអាតទីតាំងមួយចំនួន ដែលខូចខាតដោយបាតុកម្ម ។ ដោយឡែក រដ្ឋបាលហុងកុង បានអះអាងថា វត្តមានរបស់ទាហានចិននេះ គឺខ្លួនមិនបានស្នើសុំទេ គឺកងទ័ពចិន ដែលជាអ្នកស្នើខ្លួនជួយ ដើម្បីរៀបចំសំអាត ។ តែយ៉ាងណា វត្តមានរបស់ទាហានចិន នៅតាមផ្លូវបែបនេះ បានធ្វើឲ្យមានការតវ៉ា ខឹងសម្បារកាន់តែខ្លាំងពីសំណាក់ក្រុមបាតុករប្រជាធិបតេយ្យ ។
ជាមួយគ្នានោះរដ្ឋាភិបាលបានសម្រេចផ្លាស់ប្តូរស្នងការប៉ូលិសហុងកុង ដើម្បីបង្កើនប្រសិទ្ធិភាព ក្នុងការទប់ស្កាត់ក្រុមបាតុករ ។
លោក Chris Tang Ping- Keung បានឆ្លើយតបទៅនឹងបទសម្ភាសន៍របស់សារព័ត៌មាន South China morning post មុនពេលស្បថចូលកាន់តំណែង ស្នងការប៉ូលិសហុងកុង កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ថា ការឡើងកាន់តំណែង ក្នុងពេល ដែលកម្លាំងប៉ូលិសនៅលើកោះនេះកំពុងតែប្រឈមការថ្កោលទោសយ៉ាងខ្លាំង ពីមហាជនដោយបានប្រើប្រាស់ កម្លាំងទៅលើក្រុមបាតុករនៅហុងកុង ។ ប៉ុន្តែ លោកបានថ្កោលទោសដល់ក្រុមបាតុករដែលបានបង្កអំពើហិង្សា ហើយការនៅស្ងៀមរបស់ប៉ូលិសធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅ ។
លោក Chris Tang Ping បានទទួលស្គល់ថា កម្លាំងប៉ូលិស៣១ពាន់នាក់ មិនអាច បញ្ចប់ការធ្វើបាតុកម្ម នាពេលបច្ចុប្បន្ននោះឡើយ គឺចាំបាច់ត្រូវតែមានការចូលរួមពី ពលរដ្ឋនៅក្នុងតំបន់ ។ លោកបន្តទៀតថា«គ្រាប់គ្រាន់ហើយ! បើទោះបីទស្សនៈរបស់អស់លោកបែបណា ក៏មិនត្រូវបង្កឲ្យមានអំពើហិង្សាកាន់តែធ្ងន់ ជាការផ្តល់ឱកាស់ដល់ជនខិតខូចតែប៉ុណ្ណោះ ។ មកទល់ពេលនេះមានបាតុករ ជិត៤៥០០នាក់ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនិងបាតុកម្មហិង្សា ។
លោក Chris Tang Pingអាយុ ៥៤ឆ្នាំបានបង្ហាញពីការប្តេជ្ញា ការពារ កិត្តិយសរបស់ប៉ូលិសហុងកុង ថាជាប៉ូលិស ពូកែបំផុតនៅទ្វីបអាស៊ី ។ តាំងពីបាតុកម្មផ្ទុះឡើង ប៉ូលិសបានប្រើប្រាស់គ្រាប់បែកផ្សេង ដល់ទៅ១ម៉ឺនគ្រាប់ និងគ្រាប់កាំភ្លើងពិត១៨គ្រាប់ ។ មនុស្ស ១៧០០នាក់រងរបួស ក្នុងនោះមានប៉ូលិស៤៥០នាក់ផងដែរ៕