រយៈពេលកន្លងមក ពលរដ្ឋកូរ៉េខាងត្បូង បង្ហាញការខឹងសម្បាយ៉ាងខ្លាំង ដល់សកម្មភាពរបស់ប្រធានាធិបតិអាមេរិក ទាមទារប្រាក់សម្រាប់ចិញ្ចឹមទាហានអាមេរិកឈរជើងជួយរក្សាសន្តិសុខកូរ៉េខាងត្បូង រាប់ពាន់លានដុល្លារ។ សកម្មភាពទាំងនោះបានធ្វើឲ្យពលរដ្ឋកូរ៉េខាងត្បូង ជាច្រើនមិនត្រូវការទាហានអាមេរិក រក្សាសន្តិសុខឡើយ គឺអាចការពារខ្លួនឯងបាន។
ពលរដ្ឋកូរ៉េខាងត្បូងមួយចំនួនបានលើកឡើងថា វត្តមានយោធាអាមេរិក ទើបធ្វើឲ្យទំនាក់ទំនងបងប្អូនទាំងពីរ មិនអាចផ្សះផ្សាគ្នាបាន។ នៅពេលនេះសញ្ញាវជ្ជមានបានបង្ហាញយ៉ាងច្បាស់ ក្រោយជំនួបពិភាក្សាច្រើនលើកកន្លងមក រវាងមេដឹកនាំកូរ៉េខាងត្បូង និងខាងជើង។ដូច្នេះមិនចាំបាច់មានការការពារពីអាមេរិកនោះឡើយ។
ពេលថ្មីៗនេះក្រសួងការបរទេសកូរ៉េខាងត្បូង បានថ្លែងថា មន្រ្ដីកូរ៉េខាងត្បូង និង អាមេរិក មិនអាចឈានដល់កិច្ចព្រមព្រៀង ជុំវិញការបង្កើនលើការចំណាយសម្រាប់កងទ័ពអាមេរិក ចំនួន២៨ ៥០០នាក់ ដែលបោះទីតាំងនៅលើទឹកដីកូរ៉េខាងត្បូង នោះឡើយ។
មន្រ្ដីអាមេរិក និងកូរ៉េខាងត្បូង កាលពីថ្ងៃទី១៨ ខែតុលា ម្សិលមិញនេះ មានគម្រោងបន្ដកិច្ចចរចា រយៈពេលថ្ងៃ ជុំវិញការជំរុញឲ្យរដ្ឋាភិបាលកូរ៉េខាងត្បូង បង្កើនការចំណាយ រហូតដល់៤ពាន់លានដុល្លារអាមេរិក សម្រាប់កងទ័ពអាមេរិក ចំនួន ២៨ ៥០០ នាក់ ដែលកំពុងឈរជើង នៅក្នុងប្រទេសនេះ។ ស្របគ្នានេះដែរ ប្រជាពលរដ្ឋកូរ៉េខាងត្បូង ក៏បានចេញមកតាមដងផ្លូវ បានតវ៉ាប្រឆាំងនឹងការចរចានេះ ហើយពួកគេបានចាត់ទុកថា នេះជាការច្របាច់ក ប្លន់កូរ៉េខាងត្បូង។
ក្រសួងការបរទេសកូរ៉េខាងត្បូង បានបញ្ជាក់ថា បើតាមកិច្ចព្រមព្រៀងចែករំលែកលើការចំណាយនោះ តួនាទីរបស់យើង គឺស្ថិតនៅក្នុងកិច្ចព្រមព្រៀងដ៏ពិសេស (SMA) មួយ ដែលបានព្រមព្រៀងគ្នា ដោយកូរ៉េខាងត្បូង និងអាមេរិក សម្រាប់រយៈពេល២៨ឆ្នាំកន្លងមកនេះ។ អាមេរិកជឿថា ការចែករំលែកលើការចំណាយ នឹងបង្កើនឡើងថែមទៀត ដោយបង្កើតនូវប្រភេទការចំណាយផ្សេងៗទៀត។
ដោយឡែក តំណាងរាស្រ្ដកូរ៉េខាងត្បូង បានថ្លែងថា មន្រ្ដីអាមេរិក មុនដំបូង បានទាមទារឲ្យប្រទេសកូរ៉េខាងត្បូង ចំណាយលើកងទ័ពអាមេរិក ចំនួន៥ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល១ឆ្នាំ។ ចំនួននេះ គឺកើនឡើងលើស៥ដង នៃការចំណាយទៅលើកងទ័ពអាមេរិក ដែលឆ្នាំនេះ ចំណាយប្រហែលតែ៨៩៦លានដុល្លារ សម្រាប់កងទ័ពអាមេរិក ២៨ ៥០០នាក់។
លោកស្រី Lee Hye-hoon ប្រធានគណៈកម្មាធិការស៊ើបអង្កេតសភាកូរ៉េខាងត្បូង បានថ្លែង នៅក្នុងបទសម្ភាសន៍តាមវិទ្យា នៅថ្ងៃទី១៩ ខែវិច្ឆិកា នេះថា ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកូរ៉េខាងត្បូង បាននិយាយមកកាន់លោកស្រី អំពីរបៀបដែលលទីក្រុងសេអូល ត្រូវចំណាយ១ភាគ៥ ទៅលើកងទ័ពអាមេរិក ដែលបោះទីតាំង នៅលើទឹកដីកូរ៉េខាងត្បូង។ ប៉ុន្ដែបើយោងតាមច្បាប់របស់កូរ៉េខាងត្បូង គឺកិច្ចព្រមព្រៀងចែករំលែកការចំណាយលើយោធា ត្រូវតែមានការឯកភាពពីសភា។
សមាជិកសភាបក្សកាន់អំណាច បាននិយាយនៅសប្តាហ៍នេះថា ពួកគេនឹងបដិសេធការផ្តល់សច្ចាប័នលើការចំណាយហួសហេតុណាមួយ នៃកិច្ចចរចា នាពេលបច្ចុប្បន្ន។ ករណីនេះ នឹង ងាកចេញពីគោលការណ៍ និងរចនាសម្ព័ន្ធ នៃកិច្ចព្រមព្រៀង ដែលបានបង្កើតឡើង អស់រយៈពេលប្រហែល៣០ឆ្នាំមកហើយនោះ។ ដោយឡែក លោក Trump បាននិយាយប្រឆាំងនឹងអ្វីដែលលោកនិយាយ ដោយចាត់ទុកថា នេះជាការចូលរួមវិភាគទាន ហើយវាមិនបានគ្រប់គ្រាន់ពីសម្ព័ន្ធមិត្ត ចំពោះថ្លៃការពារនោះឡើយ។
ក្រៅពីប្រទេសកូរ៉េខាងត្បូងនោះ សហរដ្ឋអាមេរិក គ្រោងនឹងចាប់ផ្តើមការចរចាដាច់ ដោយឡែកពីគ្នា សម្រាប់កិច្ចព្រមព្រៀងចែករំលែកថ្លៃការពារជាតិថ្មីជាមួយប្រទេសជប៉ុន អាល្លឺម៉ង់ និងណាតូ នៅឆ្នាំក្រោយ។
ជាមួយគ្នានេះដែឬ អាមេរិក និងកូរ៉េខាងត្បូងលើកពេលធ្វើសមយុទ្ធជាសញ្ញាដែលបង្ហាញពីឆន្ទៈល្អ ដើម្បីពិភាក្សាជាមួយកូរ៉េខាងជើង ។ ដំណឹងនេះត្រូវបានប្រកាសដោយរដ្ឋមន្រ្តីការពារជាតិអាមេរិកលោកម៉ាក អេស្ភ័រពីទីក្រុងបាងកក ប្រទេសថៃនាថ្ងៃអាទិត្យ ទី១៧ វិច្ឆិកា។ ទីក្រុងបាងកកដែលលោកបានទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការពារជាតិជាមួយក្រុមប្រទេសអាស៊ាន។ ចំណែកសមភាគីកូរ៉េខាងត្បូងបានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូលនៅមិនទាន់បានកំណត់ថ្ងៃ ខែថ្មីនៃការធ្វើសមយុទ្ធទេ។ កូរ៉េខាងជើងបានសម្តែងការពេញចិត្តចំពោះការលើកពេលធ្វើសមយុទ្ធរវាងអាមេរិក និងកូរ៉េខាងត្បូងពេលនេះ។ តែស្របពេលគ្នា ក្រុងព្យុងយ៉ាងក៏បានឆ្លៀតរិះគន់ ទិតៀនអាមេរិកពីបទបន្តប្រើនយោបាយអរិភាពលើកូរ៉រខាងជើង។ តើការដែលអាមេរិក និងកូរ៉េខាងត្បូងបានសម្រេចលើកពេលធ្វើសមយុទ្ធរវាងគ្នាពេលនេះមានគោលដៅអ្វីដែរ?។
« វាជារឿងសំខាន់ណាស់ដែលយើងធ្វើការរួមគ្នាយ៉ាងជិតស្និតដើម្បីឈានទៅសម្រេចគោលដៅរួមរបស់យើង។ មានន័យថា យើងត្រូវសម្លឹងមើលឲ្យបានឆ្ងាយ និងជំនះលើគ្រប់ឧបសគ្គទាំងអស់ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់យើង។ ខ្ញុំយល់ឃើញថា ការដែលអាមេរិក និងកូរ៉េខាងត្បូងបានសម្រេចលើកពេលធ្វើសមយុទ្ធជាមួយគ្នាពេលនេះ មិនមែនជាការធ្វើសម្បទានអ្វីទេ។
តែខ្ញុំចាត់ទុកកាយវិការមួយនេះជាការរួមចំណែកនៅក្នុងកិច្ចខិតខំប្រឹងប្រែងដ៏ស្មោះត្រង់របស់អាមេរិក និងកូរ៉េខាងត្បូង។ គឺជាកិច្ចខិតខំប្រឹងប្រែងមួយដែលមានគោលដៅសន្តិភាព និងសម្រួលឲ្យមានកិច្ចព្រមព្រៀងនយោបាយមួយដែលឆ្ពោះទៅរំសាយនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។ អ្វីដែលយើងបានសម្រេចពេលនេះ គឺពិតជាការរួមចំណែកនៅក្នុងកម្មវត្ថុទាំងនេះឯង។ ដូចខ្ញុំបាននិយាយរួចហើយ ការងាររបស់ខ្ញុំមិនមែនមានគោលដៅគ្រាន់តែពង្រឹងលើការទូតប៉ុណ្ណោះទេ។
ការងាររបស់ខ្ញុំ គឺមានគោលដៅជួយសម្រួល និងធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបាន។ នៅក្នុងករណីនេះ ខ្ញុំគិតថាវាសំខាន់ខ្លាំងណាស់ដែលត្រូវបង្កើតឲ្យមានឱកាសបន្ថែមដើម្បីឲ្យក្រុមអ្នកការទូតរបស់យើងឈានទៅសម្រេចកិច្ចព្រមព្រៀងមួយស្តីពីការរំសាយនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ »៕