ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះ ចុះបង្ក្រាបទីតាំងរោងសិប្បកម្មកែច្នៃអត់ច្បាប់រឹបអូសឈើប្រណីត និងគ្រឿងសង្ហារឹមយ៉ាងច្រើនសន្ធឹក

ចែករំលែក៖

ខេត្ដឧត្ដរមានជ័យ៖ រោងសិប្បកម្មកែឆ្នៃឈើអត់ច្បាប់មួយកន្លែង​ស្ថិតនៅក្នុងភូមិស្រះឈូក ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ត្រូវបានកម្លាំងចុះបង្ក្រាប និងរិបអូសបានវត្ថុតាងជាច្រើន ។

ការបង្ក្រាបនេះ​សមត្ថកិច្ចធ្វើឡើង នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ រួមមានកម្លាំង សមត្ថកិច្ចចម្រុះ
ដឹកនាំដោយវរៈសេនីយ៍ទោ ងួន ទ្ធីរិទ្ធ មេបញ្ជាការ មូលដ្ឋានកងរាជ អាវុធហត្ថ ស្រុក សហការជាមួយ កម្លាំងអាវុធហត្ថ ខេត្ត មន្ត្រីរដ្ឋបាលព្រៃឈើ និង មន្ត្រីសាលាស្រុក អន្លង់វែង អាជ្ញាធរឃុំ ដោយមានការសម្របសម្រួលដឹកនាំបញ្ជា ពីលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តឧត្តរមានជ័យ ។

កម្លាំងបានចុះបង្ក្រាប ទីតាំងសិប្បកម្មកែច្នៃផលអនុផលព្រៃឈើខ្នាតតូចដែលជាទីតាំងពុំមានច្បាប់អនុញ្ញាត ។

សមត្ថកិច្ចបានឲ្យដឹងថា៖ ម្ចាស់រោងសិប្បកម្មឈ្មោះ រ៉ុង ស្រីឡៃ ភេទស្រី អាយុ៣២ឆ្នាំ បច្ចុប្បន្ន នៅភូមិស្រះឈូក ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

សមត្ថកិច្ចប្រមូល និងរឹបអូស បានប្រភេទឈើលេខមួយ សន្លឹក និងដុំចំនួន 225ដុំស្មើរ១៥,១៤១ម៉ែត្រគូប
គ្រឿងសង្ហារឹមរួមមាន៖ គ្រែព្រះនាងចំនួន15, តុបាយចំនួន72, តុសាឡុងចំនួន87, តុទឹកតែចំនួន70, តុអាវង់ចំនួន01, គ្រែចំនួន12, ទូរសំអាងចំនួន3, ហង្សតេចំនួន125, តុកៅអីចំនួន87, ថូចំនួន19 និងងទ្វារចំនួន16 ។

វត្ថុតាងទាំងអស់ ត្រូវបានយកមករក្សារទុកនៅសង្កាត់រដ្ឋបាលព្រៃឈើអន្លង់វែង រីឯម្ចាស់រោងសិប្បកម្មរត់គេចខ្លួនបាត់ ៕ប៉ែន នួន


ចែករំលែក៖