ព័ត៌មានទាន់ហេតុការណ៍៖

រន្ធត់ណាស់ ស្ត្រីម្នាក់ត្រូវរថយន្តធុនធំបើកបុក និងកិនខ្ទេចជើងម្ខាង

ចែករំលែក៖

ខេត្តកណ្តាលៈ​ ឃើញហើយពិតជារន្ធត់ចិត្តពន់ពេកខណៈស្ត្រីជាកម្មការិនីរោងចក្រកាត់ដេរម្នាក់​ ត្រូវរថយន្តធុនធំបើកបុកពីក្រោយ​ និងកិនបន្ថែម​បណ្តាលអោយរងរបួសខ្ទេចជើងម្ខាងទាំងព្រឹកព្រលឹមអុរ​ គ្រាដែលស្ត្រីរងគ្រោះជិះម៉ូតូឆ្ពោះទៅបម្រើការងារ​ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក​ ថ្ងៃទី២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ នៅលើកំណាត់ផ្លូវជាតិលេខ២១បេ​ ស្ថិតនៅក្នុងភូមិពោធិ៍រាម្មា ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល ។

ស្ត្រីរងគ្រោះឈ្មោះ​ ជឿន សុី នឿន ភេទ ស្រី អាយុ ៣៤ ឆ្នាំ មុខរបរ កម្មកររោងចក្រកាត់ដេរ មានទីលំនៅភូមិព្រែកសែម ឃុំសំពៅពូន ស្រុកកោះធំ​ ជិះម៉ូតូម៉ាកហុងដាឌ្រីម​ ធុនសេ ១២៥ សេរីឆ្នាំ២០១៧ ពណ៌ ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1U-1519​ មានបំពាក់កញ្ចក់​ និងពាក់មួកការពារសុវត្ថិភាព​ ។ ចំណែកឯរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ធុនធំដឹកទំនិញ​ ពណ៌ ស ពាក់ស្លាកលេខ តាកែវ 3A-0298​ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ​ ក្រោយពីបង្កហេតុបណ្តាលអោយមានមនុស្សរងរបួស​ បានគេចខ្លួនបាត់​ ។

សាក្សី​និយាយថា​ នៅមុនពេលកើតហេតុគេបាន​ឃើញស្ត្រីរងគ្រោះជិះម៉ូតូម្នាក់ឯងតាមបណ្តោយផ្លូវជាតិលេខ២១បេ​ ក្នុងទិសដៅពីត្បូងទៅជើង​(ពីស្រុកកោះធំឆ្ពោះទៅស្រុកស្អាង)​ ខណៈបើកដល់ចំណុចកើតហេតុក៏ត្រូវរថយន្តធុនធំខាងលើបើកមកបុកពីក្រោយ​បណ្តាលអោយ​ម៉ូតូដួលទៅលើផ្លូវ​ ហើយត្រូវរថយន្តនេះកិនបន្ថែមពីលើស្រ្តីរងគ្រោះ​ រងរបួសខ្ទេចជើងម្ខាងមើលទៅគួអោយរន្ធត់ចិត្តពន់ពេក​ ។ ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្តបានចុះគេចខ្លួនបាត់​ រីឯស្ត្រីរងគ្រោះត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកកោះធំបានបញ្ជាក់ថា​ ករណីនេះបង្កឡើងដោយអ្នកបើកបរ រថយន្ត បើកបរមានល្បឿនលឿន ខ្វះការប្រុង​ប្រយ័ត្ន បើកវ៉ាជែង ក្នុងស្ថានភាពគ្រោះថ្នាក់ ចំណែកអ្នកបើកបរម៉ូតូ បើកគេច ពីអ្នកថ្មើរជើង រេចង្កូត ទៅប៉ះ រថយន្ត ធ្វើដួលតែម្តង ។ ករណីនេះកំលាំងជំនាញ និង កម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង ហើយបានយកមធ្យោបាយ ដែលពាក់ព័ន្ធ មករក្សាទុក បណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ


ចែករំលែក៖