ខេត្តកណ្តាលៈ ឃើញហើយពិតជារន្ធត់ចិត្តពន់ពេកខណៈស្ត្រីជាកម្មការិនីរោងចក្រកាត់ដេរម្នាក់ ត្រូវរថយន្តធុនធំបើកបុកពីក្រោយ និងកិនបន្ថែមបណ្តាលអោយរងរបួសខ្ទេចជើងម្ខាងទាំងព្រឹកព្រលឹមអុរ គ្រាដែលស្ត្រីរងគ្រោះជិះម៉ូតូឆ្ពោះទៅបម្រើការងារ ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ២១បេ ស្ថិតនៅក្នុងភូមិពោធិ៍រាម្មា ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្តាល ។
ស្ត្រីរងគ្រោះឈ្មោះ ជឿន សុី នឿន ភេទ ស្រី អាយុ ៣៤ ឆ្នាំ មុខរបរ កម្មកររោងចក្រកាត់ដេរ មានទីលំនៅភូមិព្រែកសែម ឃុំសំពៅពូន ស្រុកកោះធំ ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ ១២៥ សេរីឆ្នាំ២០១៧ ពណ៌ ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1U-1519 មានបំពាក់កញ្ចក់ និងពាក់មួកការពារសុវត្ថិភាព ។ ចំណែកឯរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ធុនធំដឹកទំនិញ ពណ៌ ស ពាក់ស្លាកលេខ តាកែវ 3A-0298 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ក្រោយពីបង្កហេតុបណ្តាលអោយមានមនុស្សរងរបួស បានគេចខ្លួនបាត់ ។
សាក្សីនិយាយថា នៅមុនពេលកើតហេតុគេបានឃើញស្ត្រីរងគ្រោះជិះម៉ូតូម្នាក់ឯងតាមបណ្តោយផ្លូវជាតិលេខ២១បេ ក្នុងទិសដៅពីត្បូងទៅជើង(ពីស្រុកកោះធំឆ្ពោះទៅស្រុកស្អាង) ខណៈបើកដល់ចំណុចកើតហេតុក៏ត្រូវរថយន្តធុនធំខាងលើបើកមកបុកពីក្រោយបណ្តាលអោយម៉ូតូដួលទៅលើផ្លូវ ហើយត្រូវរថយន្តនេះកិនបន្ថែមពីលើស្រ្តីរងគ្រោះ រងរបួសខ្ទេចជើងម្ខាងមើលទៅគួអោយរន្ធត់ចិត្តពន់ពេក ។ ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្តបានចុះគេចខ្លួនបាត់ រីឯស្ត្រីរងគ្រោះត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកកោះធំបានបញ្ជាក់ថា ករណីនេះបង្កឡើងដោយអ្នកបើកបរ រថយន្ត បើកបរមានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បើកវ៉ាជែង ក្នុងស្ថានភាពគ្រោះថ្នាក់ ចំណែកអ្នកបើកបរម៉ូតូ បើកគេច ពីអ្នកថ្មើរជើង រេចង្កូត ទៅប៉ះ រថយន្ត ធ្វើដួលតែម្តង ។ ករណីនេះកំលាំងជំនាញ និង កម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង ហើយបានយកមធ្យោបាយ ដែលពាក់ព័ន្ធ មករក្សាទុក បណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ