ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសជាច្រើនជុំវិញពិភពលោក ចាត់វិធានការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ

ចែករំលែក៖

អំពើហិង្សាក្នុងគ្រួសាគឺជាបញ្ហា ស្មុគស្មាញបំផុតនៅប្រទេសជាច្រើន លើពិភពលោក​។ ក្នុងនោះស្ត្រីគឺជាជនរងគ្រោះដោយផ្ទាល់នៅក្នុងអំពើហិង្សា ក្នុងគ្រួសារ​ មិនត្រឹមតែ រងការវាយដំ ស្ត្រីមួយចំនួន​ ក៏រងការប្រើអាវុធដើម្បីវាយប្រហារ ដូចជាកាំភ្លើង កាំបិតជាដើម។

តាមតួលេខរបស់អង្គការសហប្រជាជាតិ មានស្ត្រីដល់ទៅ​៣៥ភាគរយ​នៅលើពិភពលោក បានក្លាយជាជនរងគ្រោះ ក្នុងអំពើហិង្សា ក្នុងគ្រួសារ​។ អំពើហិង្សា​ក្នុងគ្រួសារ មិនត្រឹមតែកើនមាននៅប្រទេសអ្នកក្រ នោះឡើយសូម្បីតែប្រទេសអ្នកមាន អាមរិក អឺរ៉ុប ក៏មានអំពើហិង្សា កើនឡើងផងដែរ​។ តាមលទ្ធផលស្រាវជ្រាវ មានស្ត្រីអាមេរិក​១០លាននាក់ជាជនរងគ្រោះក្នុងអំពើហិង្សាក្នុងគ្រួសារ​។ តាមលទ្ធផលស្រាវជ្រាវ ក្នុងចំណោមស្ត្រីអាមេរិក ៤នាក់ គឺមានម្នាក់រងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ​។ ជនរងគ្រោះដោយអំពើហិង្សា​នោះបានធ្វើឲ្យវិស័យសុខាភិបាលអាមេរិក ត្រូវចំណាយប្រាក់អស់ ដល់ទៅ​៥,៨លានដុល្លារក្នុងមួយឆ្នាំ​​។

ជាមួយគ្នានេះ បារាំងបង្ហាញផែនការទប់​ស្កាត់​​នឹង​អំពើ​ហិង្សា​ក្នុង​គ្រួសារ ចំ​ថ្ងៃ​ទិវា​ពិភពលោក​​លុបបំបាត់អំពើហិង្សាលើស្ត្រី ​។ ថ្ងៃទី ២៥​វិច្ឆិកា ជា​ទិវា​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី​​ពិភពលោក។ អង្គការ​សហប្រជាជាតិ​បាន​បើក​យុទ្ធនាការ​ពី​ថ្ងៃ​នេះ​រហូត​ដល់​ថ្ងៃទី​១០​ធ្នូ​ ដើម្បី​បំផុស​មតិ​សាធារណៈ​​ពិភពលោក ឱ្យ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ហិង្សា​លើស្ត្រី។ ចំណែក​នៅ​ប្រទេស​បារាំង​វិញ រដ្ឋាភិបាល​បាន​លាត​ត្រដាង​​អំពី​វិធានការ​ជិត​៥០​ចំណុច​ដើម្បី​ទប់​ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី។

ពាក្យ​ថា​ហិង្សា​មិន​មែន​រាប់​តែ​ការ​វាយ​ដំ​លើ​រាងកាយ​មួយ​មុខ​ទេ។ ​ហិង្សា​លើ​ស្ត្រី​ ដែល​ពិភពលោក​ចង់​លុប​បំបាត់​ឱ្យ​អស់​ គឺ​សំដៅ​ទៅ​អំពើ​ហិង្សា​លើ​រាងកាយ អំពើហិង្សា​លើ​ផ្លូវភេទ និង​អំពើ​ហិង្សា​លើ​ផ្លូវចិត្ត មាន​ជាអាទិ៍ ៖

អំពើ​ហិង្សា​របស់ដៃគូ​ជីវិត​ (វាយ​ដំ គំរាមកំហែង​ធ្វើ​បាប​ផ្លូវចិត្ត ​ ​បង្ខំ​ឱ្យប្រពន្ធ​រួម​ដំណេក សម្លាប់…)

អំពើ​ហិង្សា ឬ​ ការបៀតបៀន​​ផ្លូវភេទ ដោយ​បុរស​ (រំលោភ បង្ខំ​ឱ្យ​បម្រើ​ផ្លូវភេទ​ រៀប​ការ​ដោយ​បង្ខំ បៀតបៀន​ផ្លូវភេទ​តាម​ទីសាធារណៈ តាម​ផ្លូវ តាម​ប្រព័ន្ធ​អ៊ីនធ័រនែត បំពារបំពាន​ឧក្រិដ្ឋ)

ជួញ​ដូរ​មនុស្ស​ (មក​ធ្វើ​ជា​ទាសករ មក​ជួញដូរ​ផ្លូវ​ភេទ)។ កាត់​ប្រដាប់ភេទ​ស្ត្រី រៀបការ​ដោយ​បង្ខំ​ ជាដើម។

នៅ​លើ​ពិភពលោក​យើង​នេះ មាន​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​បី​នាក់ រស់​រង​អំពើ​ហិង្សា​ផ្លូវកាយ និង​ផ្លូវ​ភេទ ពីបុរស​ជា​ប្តី​ ពី​បុរស​ជា​ដៃគូ​ជីវិត​ ឬ​អំពើ​ហិង្សា​ផ្លូវភេទ​ពី​សំណាក់​បុរស​ដទៃ​ផ្សេង​ទៀត​។ មាន​ស្ត្រី​ជាភរិយា​គេ​ប្រមាណ​តែ​៥២%​ប៉ុណ្ណោះនៅ​លើ​ភពផែនដី​ទាំង​មូល​នេះ ដែល​មាន​សិទ្ធិ​សេរីភាព​ យ៉ាង​ពេញ​លេញ​ក្នុង​ការ​សម្រេច​ចិត្ត​ ដោយ​ខ្លួន​ឯង​ លើ​ជីវិត​​ផ្លូវភេទ​ លើ​ជម្រើស​ប្រើ​វិធី​ពន្យារ​កំណើត ឬលើ​ការ​​ថែទាំង​សុខភាព។

ស្ត្រី​និង​យុវតី​ ជាង​២០០​លាននាក់​ ត្រូវ​រងគំនាប​ប្រពៃណី​ទំនៀម​ទម្លាប់​កាត់​ប្រដាប់​ភេទ។ ៧៥០​លាន​នាក់​ រៀប​អាពាហ៍ពិពាហ៍​ មុន​ថ្ងៃ​ខួប​កំណើត​​ទី​១៨​ឆ្នាំ​របស់​ខ្លួន (មុន​អាយុ​​ដែល​គេ​ចាត់​ទុក​ថា​ជាមនុស្ស​ធំ​ពេញ​វ័យ)។

នៅក្នុង​ឆ្នាំ​២០១៧ ​ក្នុង​ចំណោម​ស្ត្រី​ដែលស្លាប់​ដោយ​ការ​ធ្វើ​ឃាត​ ពាក់កណ្តាល​ជា​ឃាតកម្មដែល​បង្ក​ឡើង​ដោយ​ដៃគូ​ជីវិត​របស់​​ស្ត្រី ឬ​ដោយ​ក្រុមគ្រួសារ។ ស្ថានភាព​ឃាតកម្ម​បែប​នេះ​ មាន​ត្រឹម​តែ​១លើ​២០​ករណី​ប៉ុណ្ណោះ​ចំពោះបុរស។

នៅ​លើ​ពិភពលោក​យើង​នេះ ជនរងគ្រោះ​​ក្នុង​សកម្មភាព​ជួញដូរ​មនុស្ស ចំនួន​៧២%​ជាមនុស្ស​ស្រី និងក្មេង​ស្រី។ ហើយ​បីភាគ​បួន​ ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​រកស៊ី​លក់​ខ្លួន។

បើ​តាមការ​សិក្សា​របស់​​ធនាគារ​ពិភពលោក នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០១៨ ​បាន​បង្ហាញ​ថា​មាន​ស្ត្រី​ ​​ជាង​១ពាន់​លាន​នាក់​នៅ​លើ​ពិភភពលោក​មិន​បាន​ទទួល​ការ​ការពារតាម​ផ្លូវ​ច្បាប់​ ពី​​ទង្វើ​ហិង្សាផ្លូវភេទ និង​​ក្នុងគ្រួសារ​ទេ។

បើ​តាម​តួលេខ​របស់​ភ្នាក់ងារ​សារព័ត៌មាន​បារាំង គិត​ពី​ឆ្នាំ​២០១៩​មក​ដល់​ពេល​នេះ មាន​ស្រី​យ៉ាង​ហោច​១១៧​នាក់​បាន​ស្លាប់​ ដោយ​ស្នាដៃ​របស់​ដៃគូជីវិត ឬ​អតីត​គូ​កំណាន់។ ក្នុង​មួយ​ឆ្នាំៗ មាន​ស្ត្រី​ពេញ​វ័យ​​ប្រមាណ​២១៣​០០០​នាក់ ជា​ជន​រង​គ្រោះ​នៃអំពើ​ហិង្សា​ក្នុង​គ្រួសារ (ប្តីប្រពន្ធ) លើ​ផ្លូវកាយ​និង​ផ្លូវភេទ។ នេះ​បើ​តាម​តុល្យការ​ផ្លូវការបារាំង។

តាំង​ពី​ថ្ងៃ​សៅរ៍​និង​បន្ត​មក​ដល់​ថ្ងៃ​ចន្ទ​ ចលនា​ការពារ​ស្ត្រី​បាន​​នាំ​គ្នា​ធ្វើ​បាតុកម្ម​ នៅ​តាម​ទីក្រុង​ធំៗ​ ស្ទើរ​ទូទាំង​ពិភពលោក​។ នៅ​ប្រទេស​បារាំង​ ចលនា​ការពារ​ស្ត្រី​ប្រឆាំង​នឹង​អំពើ​ហិង្សា​បាន​ទទួល​ជោគជ័យ​យ៉ាង​ខ្លាំង និង​បាន​ជំរុញ​ឱ្យ​​រដ្ឋាភិបាល​មាន​វិធានការ​។

ក្រោម​សម្ពាធ​សាធារណៈ រដ្ឋាភិបាល​បាន​បើក​កម្មវិធី​ពិគ្រោះ​​ ពិចារណា​តាំង​ពីដើម​ខែ​កញ្ញា​ រក​វិធី​ទប់​ស្កាត់​​អំពើ​ហិង្សា​លើ​ស្ត្រី​និងយុវតី។ នៅ​ក្នុង​ថ្ងៃ​​បិទ​បញ្ចប់ ការ​ពិគ្រោះ​យោបល់ ​នៅ​ថ្ងៃ​ចន្ទ​ទី​២៥​នេះ និងជាការ​​ផ្តល់​ភាព​សំខាន់​ដល់​ទិវា​ពិភពលោក​ដើម្បី​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី​ផង ប្រមុខ​រដ្ឋាភិបាល​បារាំងបាន​ប្រកាស​អំពី​វិធានការ​ប្រមាណ​៤០​ចំណុច​ ដែល​មាន​ទម្រង់​និងតម្លៃតាមផ្លូវច្បាប់ ដើម្បីការពារ​ស្ត្រី​ពីអំពើ​ហិង្សាក្នុងគ្រួសារ។

វិធានការ​ខ្លះ​ត្រូវ​បាន គេ​ស្គាល់​រួច​មក​ហើយ។ វិធានការ​ខ្លះ​នឹង​មាន​ចែង​ក្នុង​សំណើច្បាប់។វិធានការ​ទាំង​នោះ​រាប់ឃើញ​មាន​​តាំង​ពី ការ​បង្កើត​ជំរក​១០០០​កន្លែង​សម្រាប់​ស្ត្រី​រងគ្រោះ​។ ការ​ទទួល​បន្ទុក​ព្យាបាល​រោគ​ចិត្ត​របស់​បុរស​ រឹប​អូស​អាវុធពី​បុរស​ហិង្សា​នៅពេល​ស្ត្រី​ប្តឹង​ ដល់​ការ​បង្កើត​លេខ​ទូរស័ព្ទ​ពិសេស​ ទាក់ទង​បាន​គ្រប់​ម៉ោង​គ្រប់​ថ្ងៃ សម្រាប់​ស្តាប់​និង​ជួយ​ជនរងគ្រោះ​ ឱ្យ​ហ៊ាន​និយាយ​និងបរិហារទង្វើ​របស់​បុរស​៕


ចែករំលែក៖