ខេត្តសៀមរាប៖ មន្ត្រីយោធាម្នាក់ឈរជើងនៅខេត្តព្រះវិហារ បានជួបគ្រោះថ្នាក់ចរាចណ៍ជិះម៉ូតូដួលដោយខ្លួនឯង ក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែចូលមកដល់ទីដីខេត្តសៀមរាប បានដួលបោកក្បាលបណ្ដាលឲ្យប្ដីស្លាប់ ចំណែកប្រពន្ធបានរងរបួស ។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៩និង១០នាទី ព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅត្រង់ចំណុចផ្លូវហាយវ៉េ ភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
សមត្ថកិច្ចបាន ឱ្យដឹងថា ជនរងគ្រោះ ជិះម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ស៊េរី ឆ្នាំ២០១៤ ស្លាកលេខ បាត់ដំបង ១F៣៦៤១ អ្នកបើកបរឈ្មោះបូ សារុំ ភេទប្រុស អាយុ៤៧ឆ្នាំ ជាមន្ត្រីយោធា អង្គភាពកងពលធំអន្តរាគមន៍លេខ៣ ឈរជើងនៅខេត្តព្រះវិហារ ទីលំនៅបច្ចុប្បន្ននៅភូមិថ្នល់ទទឺង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ (ស្លាប់) អ្នកជិះពីក្រោយឈ្មោះមួន វ៉ុន ភេទស្រី អាយុ៥៨ឆ្នាំ ត្រូវជាប្រពន្ធ រស់នៅជាមួយគ្នារងរបួសស្រាល ។
បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារយក ទៅធ្វើបុណ្យនៅអន្លង់វែង ចំណែកម៉ូតូនគរបាលយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី ៕ ប៊ុនរិទ្ធី