ខេត្តកណ្ដាល៖ នគរបាលខេត្ដកណ្ដាល សហការជាមួយនគរបាលខេត្ដកំពង់ឆ្នាំង និងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសម្របសម្រួលដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងខេត្តកណ្ដាល បើកប្រតិបត្ដិការស៊ើបអង្កេតស្រាវជ្រាវប្រើពេល៥យប់៥ថ្ងៃ ទើបចាប់ខ្លួនជនដៃដល់ជាឃាតក ដែលសម្លាប់ប្រពន្ធខ្លួនឯងយ៉ាងសាហាវព្រៃផ្សៃបាន ខណៈដែលជនដៃដល់ជាប្ដីបានព្យាយាមរត់គេចខ្លួនទៅនៅខេត្ដកំពង់ឆ្នាំង ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង២រំលងអធ្រាត មានករណីឃាតកម្មមួយ ប្ដីសម្លាប់ប្រពន្ធខ្លួនឯង នៅត្រង់ចំណុចវាលស្រែ ស្ថិតក្នុងភូមិត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ។ ជនរងគ្រោះដែលឃាតកសម្លាប់ឈ្មោះ យ៉ាត ស្រីពៅ ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ រកក្ដាមលក់ រីឯជនដៃដល់ជាឃាតកឈ្មោះ ឃុត សុផល ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សន្តិសុខរោងចក្រ ។ ជនរងគ្រោះនិងជនដៃដល់ជាប្ដីប្រពន្ធនឹងគ្នា មានទីលំនៅភូមិ ត្រពាំងពុទ្រា ឃុំ ទំនប់ធំ ស្រុក ពញាឮ ខេត្ត កណ្តាល ។
មន្រ្ដីនគរបាលខេត្ដកណ្ដាលបានឲ្យដឹងថា នៅយប់កើតហេតុថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ជនសង្ស័យជាប្ដីនឹងជនរងគ្រោះបានចេញពីផ្ទះទៅវាលស្រែ ដើម្បីរកក្ដាមលក់ លុះមកដល់វេលាម៉ោង២រំលងអធ្រាត ស្រាប់តែជនសង្ស័យខាងលើ បានវាយដំទៅលើប្រពន្ធរហូតបាក់ដៃ រួមច្របាច់ក និងយកកាំបិតកាប់ក្បាលទៅលើប្រពន្ធបន្ថែមទៀត បណ្ដាលឲ្យស្លាប់យ៉ាងអណោចអធ័ម ។ ក្រោយពីជនសង្ស័យធ្វើសកម្មភាពរួច ក៏មកប្រាប់ប្អូនថ្លៃរបស់ខ្លួនថាឲ្យយកបងឯងទៅពេទ្យផង ហើយជនសង្ស័យក៏រត់គេចខ្លួនបាត់ទៅ ។ លុះព្រឹកឡើងថ្ងៃខែឆ្នាំដដែល ស្រាប់តែមានប្រជាពលរដ្ឋដើរទៅស្រែ ក៏បានប្រទះឃើញស្រ្ដីរងគ្រោះដែកស្លាប់ក្នុងវាលស្រែ ក៏បង្កមានការផ្អើលឆោឡោ ដល់ប្រជាពលរដ្ឋជិតខាងនិងរាយការណ៍ជូនសមត្ថកិច្ចជំនាញ ដើម្បីចុះមកពិនិត្យ ។
បន្ទាប់ពីនគរបាលជំនាញខេត្ដទទួលបានព័ត៌មានថា មានករណីឃាតកម្មនៅចំណុចភូមិឃុំកើតហេតុខាងលើ ភ្លាមនោះកម្លាំងនគរបាលខេត្ដ សហការជាមួយនគរបាលស្រុកពញា និងកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលទំនប់ធំ ចុះដល់ចំណុចកើតហេតុ រួចធ្វើការពិនិត្យ និងកោសល្យវិច្ច័យឃើញថា ជនរងគ្រោះស្លាប់ដោយសារអំពើឃាតកម្ម ដោយប្ដីសម្លាប់ប្រពន្ធ បន្ទាប់ពីធ្វើការពិនិត្យរួច កម្លាំងសមត្ថកិច្ចជំនាញបានកសាងសំណុំរឿង ដើម្បីធ្វើការស្រាវជ្រាវចាប់ខ្លួនជនដៃដល់ចាត់ការតាមច្បាប់ ។
ប្រភពដដែលបន្ដថា ក្រោយពីជនដៃដល់ជាឃាតកបានសម្លាប់ប្រពន្ធខ្លួនឯងរួច ជនដៃដល់បានព្យាយាមរត់គេចខ្លួន ដោយពុំដឹងថា ទៅទីណានោះទេ ចំណែកសមត្ថកិច្ចបន្ទាប់ពីធ្វើការស្រាវជ្រាវយកយ៉ាងយកចិត្ដទុកដាក់ រួចបានកំណត់មុខសញ្ញាច្បាស់ថា ជនដៃដល់បានរស់នៅក្នុងទឹកដីខេត្ដកំពង់ឆ្នាំង ភ្លាមនោះក៏សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ,កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ឆ្នាំង ដោយមានការសម្របសម្រួលដោយលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ដកណ្ដាល បើកប្រតិបតិ្ដការស្រាវជ្រាវ ទាំងយប់ទាំងថ្ងៃ ធ្វើការតាមរកក្នុងភូមិសាស្រ្ដភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង និងបន្ដតាមរកនៅកោះតូចៗឆ្លងទៅចំណុចភូមិកោះឬស្សី ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយប្រើប្រាស់ទូកចំនួន៨គ្រឿង និងមានការចូលរួមពីមហាជន រហូតដឹងថា ជនសង្ស័យបានកំពុងពួនសំងំក្នុងព្រៃលិចទឹក រហូតមកដល់យប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ទើបកម្លាំងសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យបាន ដោយប្រើប្រាស់រយៈពេល៥យប់៥ថ្ងៃ ។
តាមការឲ្យដឹងរបស់សមត្ថកិច្ចថា ជនសង្ស័យខាងលើនេះ ធ្លាប់ជាប់ពន្ធនាគារខេត្ដកណ្ដាលម្ដងរួចមកហើយ ពីបទហិង្សាប្រព្រឹត្តលើសហព័ទ្ធ កាលពីឆ្នាំ២០១៨ លុះចេញមកវិញមកដល់ឆ្នាំ២០១៩ ជនសង្ស័យក៏បានសម្លាប់ប្រពន្ធខ្លួនឯងតែម្ដង ៕ ស្អាងជ័យ