ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរស១នាក់បានស្លាប់បាត់បង់ជីវិតដ៍រន្ធត់ និងចំនួន ៥នាក់ផ្សេងទៀតបានរងរបួសស្រាល.ធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៣លើកជាបន្តបន្ទាប់ នៅលើកំណាត់ផ្លូវជាតិលេខ៥ ។
យោងតាមរបាយការណ៍មូលដ្ឋានកងរាជអាវុធហត្ថស្រុកបាកាន នាយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិ.ឃុំបឹងខ្នារ ស្រុកបាកាន មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយ រវាងអ្នកជិះម៉ូតូឌុបគ្នា និងអ្នកបើកបររថយន្តធុនធំ ១គ្រឿង បណ្ដាលឲ្យភាគីបើកបរម៉ូតូរងរបួសធ្ងន់ និងអ្នករួមដំណើរស្លាប់ភ្លាមៗ ។
ចំណែករបាយការណ៍ផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកក្រគរឯណេះវិញ នៅយប់ថ្ងៃដដែល លើកំណាត់ផ្លូវជាតិលេខ៥ ដែរនោះ ស្ថិតក្នុងភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍ ១លើកផងដែរ រវាងអ្នកជិះម៉ូតូឌុបគ្នា និងអ្នកបើកបររថយន្តម៉ាក នីសាន់ បណ្ដាលឲ្យកងកម្លាំងប្រដាប់អាវុធ(យោធា) ២នាក់រងរបួសធ្ងន់ ។
របាយការណ៍នគរបាលស្រុកក្រគរដដែលបន្តថា នៅវេលាទាបភ្លឺឈានចូលថ្ងៃទី២៥ ខែឆ្នាំដដែល លើកំណាត់ផ្លូវជាតិលេខ៥ដដែល ស្ថិតក្នុងភូមិអូរអាចម៍កុក ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍ម្ដងទៀត ដោយអ្នកបើកបររថយន្តធុនធំដឹកសត្វជ្រូក ១គ្រឿង ក្រឡាប់ផ្ងារជើងដោយខ្លួនឯង បណ្ដាលឲ្យអ្នកបើកបរ និងព្រូរងរបួសស្រាលផងដែរ ។
ប្រភពព័ត៌មានខាងលើ គ្រោះថ្នាក់ចរាចរណ៍ ៣លើក បណ្ដាលឲ្យស្លាប់ ១នាក់ របួសធ្ងន់ ៣នាក់ និងស្រាល ២នាក់ សរុបចំនួន ៦នាក់ រួមទាំងខូចខាតមធ្យោបាយធ្វើដំណើរផងដែរ ត្រឹមរយៈពេល ១យប់ប៉ុណ្ណោះ ករណីមន្រ្តីនគរបាលជំនាញចរាចរណ៍ផ្លូវគោក កំពុងមមាញឹកដើម្បីបន្តនីតិវិធីនៅឡើយ ៕ បុឹម ពិន