ខេត្តក្រចេះ ៖ ការធ្វើអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុនឯកជនមួយបានធ្វើឲ្យប៉ះពាល់ដល់ការស់នៅរបស់ប្រជាពលរដ្ឋ ធ្វើឲ្យអាជ្ញាធរមូលដ្ឋានក្នុងឃុំក្បាលដំរី ស្រុកសំបូរ បានប្រកាសឱ្យពលរដ្ឋរស់នៅក្នុងភូមិអូរត្រូន ដែលជាតំបន់ជីកកកាយរ៉ែមាស ត្រូវផ្អាកប្រើប្រាស់ទឹកអូរនៅខាងក្រោយ ភូមិមួយរយៈពេល បន្ទាប់ពលរដ្ឋប្រទះឃើញត្រីក្នុងអូរមួយក្នុងភូមិនេះ ពុលងាប់អណ្តែតពេញផ្ទៃទឹក កាលពីថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០១៩ នេះ ។
អាជ្ញាធរមូលដ្ឋាននិយាយថា ត្រីងាប់ក្ណុងអូរនេះ បណ្តាលមកពីទឹកអូរមានសារធាតុពុលដែលសារធាតុពុលនោះ បានហូរចេញពីក្រុមហ៊ុនឯកជនជីករ៉ែមាសរបស់ចិនដ៏ធំមួយឈ្មោះថា ស៊ិង យ័ងគ័ងយិ ដែលទើបបានបន្តអាជ្ញាប័ណ្ណរ៉ែ និងចាប់ផ្តើមដំណើរការកែច្នៃរ៉ែ ដោយប្រើសារធាតុគីមី កាលពីប៉ុន្មានខែមុននេះ។
លោក សុខ យឿន មេភូមិអូរត្រូន បានប្រាប់ឲ្យដឹងនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា លោកសម្តែងនូវក្តីបារម្ភពីសារធាតុពុល ដែលនឹងអាចហូរតាមទឹកទៅអូរផ្សេងៗទៀត ហើយអាចរាលដាលហូរចូលដល់ទន្លេមេគង្គទៀតផង បើយើងទាំងអស់គ្នាមិនគិតគូរទេនោះ ។
លោកមេភូមិបានបញ្ជាក់ថា អូរដែលមានទឹកពុលរហូតមានត្រីងាប់អណ្តែតទឹកនេះ គឺស្ថិតនៅខាងក្រោយភូមិ ដែលប្រជាពលរដ្ឋរបស់លោកបានប្រាស្រ័យប្រើប្រាសទឹកអូរនេះជាប្រចាំថ្ងៃ ។
ដោយឃើញសកម្មភាពបែបនេះ លោកបានហាមប្រាមឲ្យពលរដ្ឋរបស់លោកផ្អាកប្រើប្រាស់ទឹកអូរនេះមួយរយៈសិន រង់ចាំការចុះមកពិនិត្យពីមន្ត្រីជំនាញជាមុនសិន។ លោកក៏បានអះអាងប្រាប់ទៀតថាកន្លងមកទឹកអូរក្នុងភូមិ មិនដែលជួបប្រទះបញ្ហា បែបនេះនោះទេ ហើយការពុលត្រីក្នុងអូរងាប់នេះបានកើតមានឡើងក្រោយពីក្រុមហ៊ុនចិន បានបន្ត សកម្មភាពកែច្នៃរ៉ែមាសរបស់គេនៅក្នុងឃុំនេះឯង។ កាលពីប៉ុន្មានថ្ងៃមុនមេឃមានភ្លៀងធ្វើឲ្យទឹកភ្លៀង បានហូរច្រោះពីតំបន់កែច្នៃរ៉ែរបស់ក្រុមហ៊ុនចិនចូលមកអូរនេះដែលធ្វើឲ្យទឹកអូរមានសភាពខៀវ សង្ស័យសុទ្ធតែទឹកដែលមានសារធាតុគីមីពីកន្លែងធ្វើអាជីវកម្មជីករ៉ែមាសនោះតែម្តង ទើបបង្កឲ្យត្រីពុលអណ្តែតងាប់ពេញផ្ទៃទឹកយ៉ាងនេះ ។
ទាក់ទិនករណីនេះមន្ត្រីសាលាខេត្តក្រចេះបានបញ្ជាក់ឲ្យដឹងដែរថា ក្រោយមានបញ្ហាត្រីពុលងាប់ក្នុង ទឹកអូរបែបនេះនៅថ្ងៃទី២៦ វិច្ឆិកា ឆ្នាំ២០១៩ មន្ត្រីនៃមន្ទីរជំនាញមួយចំនួន បានចុះទៅពិនិត្យនិងបានយកទឹកអូរនោះមកធ្វើការពិនិត្យដល់ទីតាំងនោះដើម្បីរកមូលហេតុឲ្យឃើញពិតប្រាកដ ហើយលទ្ធផលបែបណានោះនឹងដឹងពេលឆាប់នេះ។រដ្ឋបាលខេត្តក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវ ប្រុងប្រយ័ត្នផងដែរ ។
សូមបញ្ជាក់ថា ក្រុមហ៊ុនសិនយ័ងគ័ងយិ ជាក្រុមហ៊ុនចិនដ៏ធំមួយ ដែលទទួលបានសិទ្ឋ ស្រាវជ្រាវរុករករ៉ែមាស នៅតំបន់រ៉ែមាសក្នុងភូមិសាស្ត្រន៍ភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកសំបូរ និងបានដំណើរការតាំងពីឆ្នាំ២០១០មកម្ល៉េះ ។
ក្រោយដំណើរការបានរយៈពេលជាង១ឆ្នាំគឺ កាលពីចុងឆ្នាំ២០១១កន្លងទៅ ក្រុមហ៊ុននេះ បានអនុវត្តខុសបច្ចេកទេសបណ្តាលឲ្យកម្មករខ្មែរយ៉ាងហោច៨នាក់ បានស្លាប់បាត់បង់ជីវិតដោយសារបាក់ដីកៀបជាប់ក្នុងរណ្តៅរ៉ែ មាសមាន ជម្រៅជាង២រយមែត្រ។ សព្វថ្ងៃ ក្រុមហ៊ុនចិននេះ បានមានសិទ្ធិបន្តសកម្មភាពរុករករ៉ែតាមធម្មតា ក្រោយពីរាជរដ្ឋាភិបាលបានផ្អាកច្បាប់អាជីវកម្មអស់មួយរយៈពេលមកហើយនោះ ៕ ប្រាថ្នា