ព័ត៌មានទាន់ហេតុការណ៍៖

ជីករ៉ែមាសពុលត្រីក្នុងអូរ អាជ្ញាធរមូលដ្ឋានហាមពលរដ្ឋប្រើប្រាស់ទឹកអូរនេះមួយរយៈ

ចែករំលែក៖

ខេត្តក្រចេះ​ ៖ ការធ្វើអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុនឯកជនមួយបានធ្វើឲ្យប៉ះពាល់ដល់ការស់នៅរបស់ប្រជាពលរដ្ឋ ធ្វើឲ្យអាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​ក្បាលដំរី ស្រុក​សំបូរ បាន​ប្រកាស​ឱ្យ​ពលរដ្ឋរស់នៅ​ក្នុងភូមិ​អូរ​ត្រូ​ន ដែល​ជា​តំបន់​ជីក​កកាយ​រ៉ែ​មាស ត្រូវផ្អាក​ប្រើប្រាស់​ទឹកអូរ​នៅ​ខាងក្រោយ ភូមិ​មួយ​រយៈពេល បន្ទាប់​ពល​រដ្ឋ​ប្រទះ​ឃើញ​ត្រី​ក្នុង​អូរ​មួយក្នុងភូមិនេះ ​ពុល​ងាប់​អណ្តែតពេញ​ផ្ទៃ​ទឹក​ កាលពី​ថ្ងៃ​ទី​២៥ វិច្ឆិកា ឆ្នាំ២០១៩ នេះ ​ ។

អាជ្ញាធរ​មូលដ្ឋាន​និយាយ​ថា ត្រីងាប់ក្ណុងអូរនេះ បណ្តាល​មក​ពីទឹកអូរ​មាន​សារ​ធាតុ​ពុលដែល​សារធាតុពុល​នោះ បាន​ហូរ​ចេញពី​ក្រុមហ៊ុន​ឯកជនជីក​រ៉ែ​មាស​របស់ចិន​ដ៏ធំ​មួយ​ឈ្មោះ​ថា ស៊ិ​ង យ័ង​គ័ង​យិ ដែល​ទើបបាន​បន្ត​អាជ្ញាប័ណ្ណ​រ៉ែ និង​ចាប់ផ្តើម​ដំណើរការ​កែ​ច្នៃ​រ៉ែ​ ដោយ​ប្រើ​សារធាតុ​គីមី កាលពី​ប៉ុន្មាន​ខែ​មុន​នេះ​។

លោក សុខ យឿ​ន មេ​ភូមិ​អូរ​ត្រូ​ន បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា ​លោក​សម្តែង​នូវ​ក្តី​បារម្ភ​ពី​សារធាតុពុល​ ដែល​នឹង​អាច​ហូរ​តាម​ទឹក​ទៅ​អូរ​ផ្សេង​ៗ​ទៀត ហើយអាច​រាលដាល​ហូរ​ចូល​ដល់​ទន្លេមេគង្គទៀតផង បើយើងទាំងអស់គ្នាមិនគិតគូរទេនោះ​ ។

លោក​មេ​ភូមិ​បាន​បញ្ជាក់​ថា អូរ​ដែល​មានទឹក​ពុល​រហូតមាន​ត្រី​ងាប់​អណ្តែត​ទឹក​នេះ គឺ​ស្ថិតនៅ​ខាងក្រោយ​ភូមិ ដែល​ប្រជាពលរដ្ឋ​របស់​លោកបាន​ប្រាស្រ័យប្រើប្រាស​ទឹកអូរ​នេះ​ជា​ប្រចាំ​ថ្ងៃ​ ។

ដោយឃើញសកម្មភាពបែបនេះ លោក​បាន​ហាមប្រាម​ឲ្យ​ពលរដ្ឋ​របស់​លោក​ផ្អាកប្រើ​ប្រាស់ទឹកអូរ​នេះ​មួយ​រយៈសិន រង់ចាំ​ការ​ចុះ​មក​ពិនិត្យ​ពី​មន្ត្រី​ជំនាញ​ជា​មុន​សិន​។ លោក​ក៏​បាន​អះអាង​ប្រាប់​ទៀត​ថា​កន្លង​មក​ទឹកអូរ​ក្នុងភូមិ មិន​ដែល​ជួប​ប្រទះ​បញ្ហា បែប​នេះនោះ​ទេ ហើយ​ការ​ពុល​ត្រី​ក្នុង​អូរ​ងាប់​នេះ​បាន​កើត​មាន​ឡើង​ក្រោយ​ពី​ក្រុមហ៊ុន​ចិន បាន​បន្ត សកម្មភាព​កែ​ច្នៃ​រ៉ែ​មាស​របស់​គេនៅក្នុងឃុំនេះឯង​។ កាលពី​ប៉ុន្មាន​ថ្ងៃមុន​មេឃ​មាន​ភ្លៀងធ្វើ​ឲ្យ​ទឹកភ្លៀង បាន​ហូរ​ច្រោះ​ពី​តំបន់​កែ​ច្នៃ​រ៉ែ​របស់​ក្រុមហ៊ុន​ចិន​ចូល​មក​អូរ​នេះដែលធ្វើ​ឲ្យ​ទឹកអូរ​មាន​សភាព​ខៀវ សង្ស័យ​សុ​ទ្ធតែ​ទឹក​ដែល​មាន​សារធាតុ​គីមីពីកន្លែងធ្វើអាជីវកម្មជីករ៉ែមាសនោះតែម្តង ទើប​បង្ក​ឲ្យ​ត្រី​ពុល​អណ្តែត​ងាប់​ពេញ​ផ្ទៃ​ទឹកយ៉ាងនេះ ​។

ទាក់ទិនករណីនេះមន្ត្រី​សាលាខេត្ត​ក្រចេះ​បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ក្រោយ​មាន​បញ្ហា​ត្រី​ពុល​ងាប់​ក្នុង ទឹកអូរ​បែប​នេះនៅ​ថ្ងៃ​ទី​២៦ វិច្ឆិកា ឆ្នាំ២០១៩ ​មន្ត្រី​នៃ​មន្ទីរ​ជំនាញ​មួយ​ចំនួន បាន​ចុះ​ទៅ​ពិនិត្យ​និង​បានយក​ទឹកអូរ​នោះ​មក​ធ្វើការ​ពិនិត្យ​ដល់ទី​តាំង​នោះ​ដើម្បី​រក​មូលហេតុ​ឲ្យ​ឃើញ​ពិតប្រាកដ​ ហើយលទ្ធផលបែបណានោះនឹងដឹងពេលឆាប់នេះ។រដ្ឋបាលខេត្តក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវ ប្រុងប្រយ័ត្នផងដែរ ។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន​សិន​យ័ង​គ័ង​យិ ជា​ក្រុមហ៊ុន​ចិន​ដ៏​ធំ​មួយ ដែល​ទទួល​បាន​សិ​ទ្ឋ ស្រាវជ្រាវ​រុករក​រ៉ែ​មាស នៅ​តំបន់​រ៉ែ​មាស​ក្នុងភូមិ​សាស្ត្រ​ន៍​ភូមិ​អូរ​ត្រូ​ន ឃុំ​ក្បាលដំរី ស្រុក​សំបូរ និង​បាន​ដំណើរការ​តាំងពី​ឆ្នាំ​២០១០​មកម្ល៉េះ ​។

ក្រោយ​ដំណើរការ​បានរយៈ​ពេល​ជាង​១​ឆ្នាំ​គឺ កាលពី​ចុងឆ្នាំ​២០១១​កន្លង​ទៅ ក្រុមហ៊ុន​នេះ​ បាន​អនុវត្ត​ខុស​បច្ចេកទេស​បណ្តាល​ឲ្យ​កម្មករ​ខ្មែរយ៉ាង​ហោច​៨​នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​បាក់​ដី​កៀប​ជាប់​ក្នុង​រណ្តៅ​រ៉ែ មាស​មាន ជម្រៅ​ជាង​២​រយ​មែ​ត្រ​។ សព្វ​ថ្ងៃ ​ក្រុមហ៊ុន​ចិន​នេះ​ បាន​មានសិទ្ធិបន្តសកម្មភាព​រុករក​រ៉ែ​តាមធម្មតា​ ក្រោយ​ពី​រាជរដ្ឋាភិបាល​បាន​ផ្អាក​ច្បាប់​អាជីវកម្ម​អស់​មួយ​រយៈ​ពេល​មកហើយនោះ ៕ ប្រាថ្នា


ចែករំលែក៖