ភ្នំពេញ៖ ពិតជាសរសើរ និងការខិតខំប្រឹងប្រែងរបស់ផលិតករ នៃផលិតកម្ម LD Picture ដែលអាចនាំភាពយន្តខ្មែរទៅបង្ហាញលើរោងភាពយន្តអន្តរជាតិរហូតដល់៦ប្រទេស។ ខណៈនេះថ្ងៃចាក់បញ្ចាំងនៅរោងភាពយន្តនៃប្រទេសថៃ និងឡាវត្រូវបានកំណត់នាថ្ងៃទីថ្ងៃ ២៦ ខែ ធ្នូចុងឆ្នាំ២០១៩។
ខណៈកំពុងទទួលការគាំទ្រពីទស្សនិកជនក្នុងប្រទេស កម្ពុជា ភាពយន្តកម្រិតស្តង់ដាររឿង នាឡិកាដាស់វិញ្ញាណ របស់ផលិតកម្ម LD Picture ផ្ដើមបញ្ចេញថ្ងៃបញ្ចាំងច្បាស់លាស់ហើយនៅប្រទេស ថៃ និងឡាវ ។ អ្នកគាំទ្រជាច្រើនបានបញ្ចេញទស្សនៈផ្សេងៗគ្នាដោយលើកសរសើរថា នេះគឺជាភាពយន្តមួយប្រកបដោយស្តង់ដារ និងមានគុណភាពធ្វើឱ្យអ្នកទស្សនាពេញចិត្តជាខ្លាំង។
ដោយឡែកក្រឡេកមើលក្នុងផេក Major Group នៅប្រទេស ថៃណោះវិញគ្រាន់តែផុសរូបភាពមួយសន្លឹក ដោយភ្ជាប់អត្តន័យនៃសាច់រឿងនេះ គឺទទួលការកោតសរសើរ និងមានអ្នកចែករំលែករាប់ពាន់អ្នកជាបន្តបន្ទាប់ក្នុងប្រទេស ថៃ។ នេះគឺជាសញ្ញាមួយបញ្ជាក់ពីកម្រិតគុណភាព ភាពយន្តរបស់ខ្មែរដែលអាចចូលទីផ្សារអន្តរជាតិ ដោយមានការទទួលស្គាល់ព្រមទាំងឱ្យតម្លៃពីសំណាក់ប្រទេសជិតខាត។
បើតាមការបញ្ជាក់ពីលោក លៀក លីដា ជាផលិតករ និងជាចាងហ្វាងផលិតកម្ម LD Picture ឱ្យដឹងថា ស្នាដៃដំបូងរបស់ខ្លួនដែលចំណាយទុនផលិតមិនធ្លាប់មាននឹងក្លាយជាស្នាដៃមួយបើកផ្លូវសម្រាប់ភាពយន្តខ្មែរធ្វើឱ្យបរទេសទទួលស្គាល់ពីការផលិតភាពយន្តខ្មែរនាពេលបច្ចុប្បន្ន។
លោកបានបញ្ជាក់ថា៖ យើងមិនសូវរំពឹងថានឹងទទួលបានជោគជ័យខ្លាំងទេសម្រាប់ស្នាដៃមួយនេះ ។ តែយើងសង្ឃឹមថានេះជាស្នាដៃមួយធ្វើឱ្យបរទេសទទួលស្គាល់ថាយើងពិតជាមានសមត្ថភាពផលិតរឿងប្រកបដោយស្តង់ដារមិនចាញ់ពួកគេនោះទេ ។ផលិតករល្បីឈ្មោះរូបនេះបន្តថា ក្រោយរឿង នាឡិកាដាស់វិញ្ញាណ ការចាក់បញ្ចាំងចប់រួចរាល់នៅតាមបណ្ដាប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ លោកសង្ឃឹមយ៉ាងមុតមាំថាភាពយន្តខ្មែរនឹងកាន់តែមានទីផ្សារទូលំទូលាយជាងមុន ហើយនឹងមានផលិតករខ្មែរជាច្រើនទៀតបង្ហាញស្នាដៃជាបន្តបន្ទាប់លើទីផ្សារអន្តរជាតិ។
គួរបញ្ជាក់ដែរថាក្រៅតែពីការកំណត់ថ្ងៃច្បាស់លាស់ការបញ្ចាំងនៅថៃ និងឡាវ រឿង នាឡិកាដាស់វិញ្ញាណ ក៏ត្រៀមបង្ហាញកាលបរិច្ឆេទបញ្ចាំងនៅប្រទេសផ្សេងៗទៀតដូចជា ភូមា វៀតណាម ម៉ាឡេស៊ី និងឥណ្ឌូណេស៊ីជាដើមក្នុងពេលឆាប់ៗខាងមុខ៕ វឌ្ឍនា