ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខេត្តព្រះសីហនុ​បង្ក្រាបក្រុមចោរឆក់​កាបូបឃាត់ខ្លួនបានជាបន្តបន្ទាប់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ កងរាជអាវុធហត្ថក្រុងព្រះសីហនុ បង្ក្រាបជនសង្សយ័៣នាក់ ពីបទឆក់កាបូបជនបរទេស នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៣និង១៥នាទី មានករណីឆក់កាបូប មួយកើតឡើងត្រង់ចំណុចហ្គារ៉ាស់សាំង តូតាល់ឃ្លាំងលើ ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បង្កឡើងដោយជនសង្ស័យមាន០៣នាក់ ជិះម៉ូតូ០២គ្រឿង បានឆក់កាបូប ពីជនរងគ្រោះឈ្មោះ សីង លីងលី ភេទស្រី ឆ្នាំកំណើត ១៩.១០.១៩៧១ ជនជាតិចិន។

ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំង អាវុធហត្ថក្រុងព្រះសីហនុ ដែលឈរតាមគោលដៅផ្លូវជាតិលេខ៤ ភ្លាមៗដោយមានកិច្ចសហការពីពលរដ្ឋបានឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ហ៊ាន វិសាល ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ។

បន្ទាប់មកនៅម៉ោង១៣និង២៥នាទីថ្ងៃដដែល កម្លាំងអាវុធហត្ថក្រុងព្រះសីហនុចំនួន១៥នាក់ទៀត ដឹកនាំដោយលោកវរសេនីយ៍ទោ ហ៊ត សីហា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានពួនស្ទាក់ឃាត់បានបក្សពួកជនសង្ស័យចំនួន០២នាក់ទៀតនៅម្តុំក្រោយមន្ទីរ ឧស្សាហកម្ម និងសិប្បកម្មខេត្ត ស្ថិតក្នុងភូមិ២ សង្កាត់១ មានឈ្មោះ ហែម សុខលី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិចំការអណ្តូង ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម និងឈ្មោះ ខា បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើត ភូមិជួរ ឃុំកោះពីរ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ចបានបញ្ជាក់ថា ការចាប់ខ្លួននេះ កម្លាំងបានដកហូតវត្ថុតាងរួមមាន ៖ ម៉ូតូម៉ាក Honda C-១២៥ ២០២០ ពណ៌ក្រហម អត់មានផ្លាកលេខ ចំនួន ០១គ្រឿង, ម៉ូតូម៉ាក Honda C-១២៥ ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១FW-៩៥៧៥ ចំនួន ០១គ្រឿង, ទូរស័ព្ទដៃ ចំនួន ០៣គ្រឿង, នាឡិកា ចំនួន ០៣គ្រឿង, ចិញ្ចៀនលោហធាតុពណ៌លឿង ចំនួន ០២វង់, លុយចំនួន ៣០,០០០រៀល, កាតក្រីម៉ូតូ ០១សន្លឹក, អត្តសញ្ញាណប័ណ្ណជនជាតិចិនចំនួន ០២សន្លឹក និងកាបូបដៃចំនួន ០២។

ជនសង្សយ័ និងវត្ថុតាងសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនជូនទៅសាលាដំបូងតាមច្បាប់ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖