ខេត្តពោធិ៍សាត់៖ កម្លាំងសហការស្រុកក្រគរ ចុះបង្រ្កាបមុខសញ្ញាសកម្មជនដីធ្លី ខណៈបំផុសបំផុលប្រជាពលរដ្ឋទៅចាប់យកដីក្រុមហ៊ុនភាពីមុិចគ្រុប ក្នុងនោះកម្លាំងដកហូតត្រាក់ទ័រ ២គ្រឿងរួមទាំងម្ចាស់ផងដែរ នៅគ្រាកំពុងធ្វើសកម្មភាពជាក់ស្ដែង ។
ប្រតិបត្តិការខាងលើធ្វើឡើងនាព្រឹកថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចស្រង៉ែ ខាងក្រោម(ការដ្ឋានទី១០) ស្ថិតក្នុងភូមិកណ្ដាល ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
យោងតាមរបាយការណ៍នគរបាលស្រុកក្រគរ ដែលបានចុះដល់កន្លែងកើតហេតុជាក់ស្រែង ផ្ទៃដីទំហំចំនួន ៧២ហិកតាត្រូវបានមុខសញ្ញាសកម្មជនដីធ្លីឈ្មោះ ទាំ ព្រហុីម ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិដង្កៀបក្ដាម ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បាននាំប្រជាពលរដ្ឋប្រមាណ ២៥គ្រួសារ មកពីភូមិនានានៃឃុំឈើតុំ ស្រុកក្រគរ ដើម្បីវាស់វែងចែកគ្នា ។
របាយការណ៍នគរបាលបន្តថា ក្នុងកិច្ចប្រត្តិបត្តិការកម្លាំងបង្រ្កាប និងដកហូតនូវវត្ថុតាង(ត្រាក់ទ័រ)ម៉ាក គូបូតា ៧០.៤០ ពណ៏ក្រហមចំនួន ២គ្រឿង របស់ឈ្មោះ និត គានី ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ឃឹម ផល ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង២នាក់ បច្ចុប្បន្ន រស់នៅភូមិផ្ទះចេក ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលបានមកសុីឈ្នួលឈូកភ្ជួរឲ្យគេ ។
របាយការណ៍នគរបាលដដែលបន្តទៀតថា វត្ថុតាង(ត្រាក់ទ័រ)ទាំងចំនួន ២គ្រឿង រក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកក្រគរ រងចាំបទបញ្ជាដើម្បីបន្តនីតិវិធី ខណៈកំពុងតាមប្រម៉ាញ់មុខសញ្ញាសកម្មជនដីធ្លី(ទាំ ព្រហុីម) ៕ បុឹម ពិន