ព័ត៌មានទាន់ហេតុការណ៍៖

អកុសលម្ល៉េះ ជិះទូកបង់សំណាញ់ជាមួយតា បាក់ច្រាំងសង្កត់លង់ទឹកស្លាប់

ចែករំលែក៖

ខេត្តកំពង់ធំ: កុមារអាយុ១១ឆ្នាំម្នាក់បានបាត់បងជីវិតដោយលង់ទឹកស្ទឺង ខណៈទៅបង់សំណាញ់ជាមួយជីតា ហើយចៃដន្យបាក់ច្រាំងសង្កត់លើទូកបណ្តាលឲ្យលិច ដោយតាហែលទឹករួចខ្លួន ឯចៅលង់ស្លាប់យ៉ាងអាណោចអាធ័ម ។

ឧបទ្ទវហេតុនេះកើតឡើង កាលពីវេលាម៉ោង ២និង១០នាទីរសៀល ថ្ងៃ ព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃទី ២៨ខែ វិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅ ភូមិតាំងក្រង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

មន្រ្តីនគរបាល ស្រុកប្រាសាទសំបូរ បានឲ្យដឹងថាជនរងគ្រោះឈ្មោះ ខេន វណ្ណះ ភេទប្រុស អាយុ១១ឆ្នាំ មុខរបរសិស្ស មានទីលំនៅកន្លែងកើតហេតុខាងលើ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតបានឲ្យដឹងថា មុនពេលកើតហេតុ​ ជាពេលទំនេរពីការសិក្សា ក្មេងប្រុសជាជនរងគ្រោះបានជិះទូកទៅបង់សំណាញ់ជាមួយជីតារបស់ខ្លួនដើម្បីយកត្រីមកធ្វើម្ហូប ដោយជីតាជាអ្នកបង់សំណាញ់ ឯជនរងគ្រោះជាអ្នកអុំទូក ។ លុះជិះទូកដល់កន្លែងកើតហេតុត្រង់ជិតច្រាំង ស្រាប់តែដីច្រាំងស្ទឹងមួយផ្ទាំងធំបានបាក់មកសង្កត់លើទូកបណ្តាលឲ្យលិចក្នុងទឹក ស្លាប់ជនរងគ្រោះ(លង់ទឹក)តែម្តង។ ចំណែកជីតាបានហែលទឹករួច និងស្រែកឲ្យគេឯងជួយស្រង់សពចៅយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្តុកក្តួលបំផុត ៕ ប្រាថ្នា


ចែករំលែក៖