ភ្នំពេញ៖ មុខសញ្ញាចោរឆក់ទ្រព្យសម្បត្តិពលរដ្ឋបានសម្រេចចំនួន១០លើក ក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលក្រសួងមហាផ្ទៃ បង្ហាញមុខកាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយបង្ក្រាបបាននាំយកមកសាកសួរ រហូតបញ្ចប់នីតិវិធីរួចបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ខណៈដែលពួកគេធ្វើសកម្មភាពឆក់កាបូបនិងទូរស័ព្ទជាលើកទី១១ តែមិនបានសម្រេចក៏ប្រទះជួបសមត្ថកិច្ចចាប់ក្របួចជាប់តែម្តង ។
នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ ទី១ ឈ្មោះ វង្ស រីឆាត អាយុ១៧ឆ្នាំ និងទី២៖ឈ្មោះ រិន ប៊ីណាង អាយុ១៧ឆ្នាំ ពួកគេទាំង២នាក់នេះ ត្រូវបានឃាត់ខ្លួននៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យថា ពួកគេធ្លាប់ធ្វើសកម្មភាពផ្ទាល់ និងជាអ្នកការពារបក្ខពួកពីក្រោយ(បិទគូថ)ចំនួន១១ដង ក្នុងនោះសម្រេចបាន១០ដង ដោយឆក់កាបូប និងទូរស័ព្ទនៅតាមដងផ្លូវ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ចាប់ពីខែកក្កដា ដល់ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។
ដោយសកម្មភាពលើកទី១៖ ក្នុងអំឡុងដើមខែកក្កដា ឆ្នាំ២០១៩ ឆក់ទូរស័ព្ទពីជនជាតិបរទេសម្នាក់ បានសម្រេចនៅម្ដុំសាកលវិទ្យាល័យធនធានមនុស្ស។ ទី២៖ ក្នុងអំឡុងដើមខែកក្កដា ឆ្នាំ០១៩ ឆក់ទូរស័ព្ទដៃពីជនជាតិបរទេសម្នាក់ បានសម្រេចនៅម្ដុំហាងកាហ្វេ Brown សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង។ ទី៣៖ ក្នុងអំឡុងដើមខែកក្កដា ឆ្នាំ២០១៩ដដែល ឆក់ទូរស័ព្ទដៃពីជនជាតិចិនម្នាក់ បានសម្រេចនៅតាមបណ្ដោយផ្លូវ៣១០ ជិតដល់លូទឹកស្អុយ ។ ទី៤៖ ក្នុងអំឡុងចុងខែសីហា ឆ្នាំ២០១៩ ឆក់ទូរស័ព្ទពីជនជាតិបរទេសម្នាក់ បានសម្រេចនៅម្ដុំផ្លូវ៦៣ ក្បែរធនាគារ ABA ។ ទី៥៖ ក្នុងអំឡុងចុងខែសីហា ឆ្នាំ២០១៩ ឆក់ទូរស័ព្ទពីជនជាតិបរទេសម្នាក់ បានសម្រេចនៅម្ដុំស្ដុបអគារ៤២ជាន់ ក្នុងខណ្ឌបឹងកេងកង ។ ទី៦៖ ក្នុងអំឡុងចុងខែតុលា ឆ្នាំ២០១៩ ឆក់កាបូបពីជនជាតិចិនម្នាក់ បានសម្រេចមានលុយជាង៣,៥០០ដុល្លារ នៅម្ដុំហាងកាហ្វេ Brown ផ្លូវ៥៧ ខណ្ឌបឹងកេងកង។ ទី៧៖ ក្នុងអំឡុងចុងខែតុលា ឆ្នាំ២០១៩ ឆក់កាបូបពីជនជាតិចិនម្នាក់ បានសម្រេចមានលុយជាង១,០០០ដុល្លារ នៅម្ដុំហាងកាហ្វេ Brown ផ្លូវ៥៧ ខណ្ឌបឹងកេងកង។ ទី៨៖ ក្នុងអំឡុងចុងខែតុលា ឆ្នាំ២០១៩ ឆក់ទូរស័ព្ទពីជនជាតិម្នាក់ បានសម្រេចនៅម្ដុំក្លឹបលុច្សសារី ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។ ទី៩៖ ក្នុងអំឡុងចុងខែតុលា ឆ្នាំ២០១៩ ឆក់ទូរស័ព្ទពីជនជាតិចិនម្នាក់ បានសម្រេចនៅម្ដុំសារមន្ទីរទួលស្លែង សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង។ ទី១០៖ ក្នុងអំឡុងដើមខែវិច្ឆិកា ឆ្នាំ២០១៩ ឆក់ទូរស័ព្ទពីជនជាតិចិនម្នាក់ បានសម្រេចនៅសង្កាត់ទួលទំពូង១ ខណ្ឌចំការមន និងទី១១៖ ក្នុងអំឡុងដើមខែវិច្ឆិកា ឆ្នាំ២០១៩ បម្រុងឆក់ទូរស័ព្ទពីនារីម្នាក់ តែឱកាសមិនល្អក៏មិនបានធ្វើសកម្មភាព នៅម្ដុំផ្លូវ៦៣ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ។
បន្ទាប់ពីបញ្ចប់ការសួរនាំ និងផ្អែកតាមចម្លើយសារភាព កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យទាំង២នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ដតាមនីតិវិធី ៕ស រស្មី