ខេត្តប៉ៃលិន ៖ ទំនាស់ព្រំដីដ៏ក្តៅគគុកមួយរវាងព្រះសង្ឃ និងប្រជាពលរដ្ឋមួយគ្រួសារដែលមានទីលំនៅជាប់នឹងរបងវត្ត អូរបេង ធ្វើឲ្យឱ្យខាងមន្រ្តីជំនាញសុរិយោដីដែលចុះទៅធ្វើការវាស់វែង ដើម្បីចេញប្លង់កម្មសិទ្ធិជូននោះនាំគ្នាឈឺក្បាលវិលមុខពេញមួយព្រឹកព្រោះតែមានការតវ៉ារបស់ភាគីទាំងពីរ។ រហូតមកដល់វេលា ម៉ោង១០ និង២០នាទីព្រឹកថ្ងៃទី២៨ វិចិ្ឆកា ឆ្នាំ២០១៩ អាជ្ញាធរខេត្តបានចុះដោះស្រាយតែភាគីប្រជាពលរដ្ឋមិនយល់ព្រម ដោយទាមទារឲ្យអភិបាលខេត្ត និងជំនាញវាស់វែងម្តងទៀត ព្រោះប៉ះចំជញ្ជាំងផ្ទះរបស់គាត់ ស្ថិតនៅក្នុងភូមិអូរបេង ឃុំស្ទឹង កាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ហើយទីបំផុតលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ចុះទៅដោះស្រាយដោយផ្ទាល់។
បើតាមប្រភពពីបុរសម្នាក់ឈ្មោះ ចាន់ ព្រាន អាយុ៥២ឆ្នាំ ប្រពន្ធឈ្មោះ យាង បូ អាយុ៤៥ឆ្នាំ មានកូន៦នាក់ (ប្រុស៣ស្រី៣) រស់នៅភូមិខាងលើបានរៀបរាប់ឱ្យដឹងថា ដីលំនៅខាងលើនេះ ត្រូវបានមេរបស់គាតចែកឱ្យរស់នៅក្នុងក្បាល៣៣ម៉ែត្រ បណ្តោយ៤៩ម៉ែត្រ អស់រយ:ពេលជាយូរមកហើយ នៅជាប់នឹងរបងវត្ត អូរបេង ហើយក៏បានសម្បទានឱ្យទៅខាងវត្តចំនួន២ម៉ែត្រដែរ គាត់មិនធ្លាប់មានទំនាស់អ្វីជាមួយព្រះសង្ឃទេ ពោលគឺតាំងពីចៅអធិការវត្តមុនៗគ្រប់គ្រងមានចំនួន៤អង្គហើយ ។ លុះដល់ព្រះសង្ឃជាចៅអធិការវត្តមួយអង្គថ្មីនេះទៀត ឡើងមកគ្រប់គ្រងវត្ត បែរជាបង្ខិតព្រំដីវត្តចូលមក ខាងក្នុងដីរបស់គាត់ទៅវិញបាន ចាក់បង្គោលថ្មស៊ីម៉ង់ត៍ តម្រង់ព្រំរួចហើយ បែរជាទាមទារឱ្យបង្ខិតចូលទៅក្នុងដីរបស់គាត់បន្តទៀត ។
គាត់បន្តទៀតថា ក្រោយពីមានទំនាស់ជាមួយព្រះសង្ឃក្នុងវត្តអូរបេងរួចមក គេបានប្រកាសតាមប្រព័ន្ធបំពងសំឡេងនៅក្នុងវត្តក្នុងថ្ងៃមានបុណ្យទានម្តងៗ ដោយមិនឱ្យគ្រួសាររបស់គាត់ចូលទៅធ្វើបុណ្យនៅវត្តនេះ និងមិនឱ្យចូលទៅលាងចាន លាងឆ្នាំងបន្តទៀតនោះឡើយ ។ គាត់បញ្ជាក់ថារហូតមកដល់ព្រឹកដែលអាជ្ញាធរខេត្តចុះទៅដោះស្រាយមានលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ចូលរួមផងនោះ ទើបគាត់យល់ព្រមតាមសំណើរបស់លោកអភិបាលខេត្តប៉ៃលិន ដើម្បីឱ្យមន្រ្តីជំនាញធ្វើប្លង់ជូនគាត់ប្រើប្រាស់ផងដែរ ។
ចំណែកលោក ផាន់ ចាន់ធុល បានឱ្យដឹងនៅកន្លែងដីទំនាស់រវាងព្រះសង្ឃ និងប្រជាពលរដ្ឋឱ្យដឹងថា សូមឱ្យខាងមន្រ្តីជំនាញសម្របសម្រួលធ្វើយ៉ាងណា ដើម្បីកុំឱ្យមានការរំលោភចូលទៅខាងភាគីណាមួយ ដោយខាងប្រជាពលរដ្ឋ ត្រូវសម្បទានខ្លះទៅឱ្យខាងវត្ត ដើម្បីធ្វើបុណ្យទាំងអស់គ្នា ។
លោកអភិបាលខេត្តបន្តទៀតថា នៅថ្ងៃក្រោយបន្ទាប់ពីកំណត់ព្រំដីរួចហើយ បើនៅតែមានបញ្ហានេះគឺមានតទៅទៀត លោកលែងចូលដោះស្រាយទៀតហើយ តែត្រូវបញ្ជូនសំណុំរឿងទៅតុលា ការដើម្បីចាត់ការតាមនីតិវិធី ទើបចប់រឿង ៕ ប្រាថ្នា