ក្រោយពេលអាមេរិកប្រកាស កាត់បន្ថយការចំណាយទៅលើសម្ព័ន្ធមិត្តយោធា អូតង់ហើយ ទាមទារឲ្យប្រទេសជាសមាជិក បង្កើនការចំណាយ ។ ទាំងនោះហើយបានធ្វើឲ្យអឺរ៉ុប ឡើងគម្រោង រៀងចំយុទ្ធសាស្ត្រ ដាច់ ដោយឡែករបស់ខ្លួនឯង កាត់បន្ថយឥទ្ធិពលពីអាមេរិក ។
កន្លងមកថ្មីៗ ប្រធានាធិបតីបារាំង ចង់ឲ្យមានការចរចាជាមួយរុស្ស៊ី ជាពិសេស ក្នុងរឿងគ្រប់គ្រងអាវុធ។ សម្រាប់ប្រធានាធិបតី បារាំង ទ្វីបអឺរ៉ុប មិនអាចមានស្ថេរភាព និងសុវត្ថិភាព ទេ បើសិនប្រទេសនៅអឺរ៉ុបផ្ទាល់ មិនធ្វើនយោបាយសន្តិភាព និងបញ្ជាក់ឲ្យច្បាស់ពីទំនាក់ទំនងល្អជាមួយរុស្ស៊ីនោះ។
ប្រធានាធិបតីបារាំងអះអាងថា បារាំងមិនបានទទួលយល់ព្រមតាមសំណើរបស់រុស្ស៊ី ដែលចង់ឲ្យមានការផ្អាក ការពង្រាយ មីស៊ីល នៅទឹកដីអឺរ៉ុបខាងកើត ក្បែរព្រំដែនរុស្ស៊ីនោះទេ។ ប៉ុន្តែ ប្រធានាធិបតីបារាំងបានទាមទារឲ្យអង្គការអូតង់ ចរចាសំណុំរឿងនេះ ជាមួយរុស្ស៊ី ដោយមានដាក់បញ្ចូលភាគីអឺរ៉ុបទៅការចរចាផងដែរ។
សន្ធិសញ្ញាស្តីពីមីស៊ីលបាញ់ចម្ងាយមធ្យម ដែលចុះហត្ថលេខា ដោយអាមេរិក និងសហភាពសូវៀត កាលពីឆ្នាំ ១៩៨៧ បានចប់អស់សុពលភាព កាលពីខែ សីហា បន្ទាប់ពីអាមេរិកប្រកាសដកខ្លួន ឯកតោភាគី។ អាមេរិក និងអូតង់ បានចោទប្រកាន់រុស្ស៊ីថា បានរំលោភសន្ធិសញ្ញាស្តីពីមីស៊ីលបាញ់ចម្ងាយមធ្យម តាមរយៈ ការលួចផលិត មីស៊ីលដែលអាចពាំនាំក្បាលគ្រាប់នុយក្លេអ៊ែរ ទៅវាយប្រហារទីក្រុង នៅបណ្តាប្រទេសអឺរ៉ុប។
តាមអគ្គលេខាធិការអូតង់ រុស្ស៊ីបានដាក់តាំងរួចហើយមីស៊ីលបំពាក់ដោយក្បាលគ្រាប់នុយក្លេអ៊ែរ ដែលអាចបាញ់ដល់ទឹកដីអឺរ៉ុប តែក្នុងរយៈពេលប៉ុន្មាននាទី។
ប្រធានាធិបតីបារាំងវាយតម្លៃដែរថា អឺរ៉ុប ដែលជាអ្នកប្រឈមខ្លាំងជាងគេនឹងការវាយប្រហាររបស់រុស្ស៊ី គួរតែជាអ្នកដែលចេញមុខ ដើរតួនាទីសំខាន់ ក្នុងការដោះស្រាយបញ្ហាជាមួយរុស្ស៊ី ផ្ទាល់។ ប្រធានាធិបតី បារាំង កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា លោកចង់ឲ្យភាគីអឺរ៉ុបចូលរួមដោយផ្ទាល់ ក្នុង សន្ធិសញ្ញា ថ្មី ស្តីពីមីស៊ីលចម្ងាយមធ្យម បន្ទាប់ពីសន្ធិសញ្ញាចាស់ ដួលរលំ នៅក្រោយ ការដកខ្លួនរបស់អាមេរិក កាលពីខែ សីហាកន្លងទៅនេះ។
សន្ធិសញ្ញាស្តីពីអាវុធបាញ់ក្នុងចម្ងាយមធ្យម ពាក់ព័ន្ធដោយផ្ទាល់ទៅលើអនាគតជោគវាសនារបស់អឺរ៉ុប ព្រោះវាជួយបញ្ជៀសមិនឲ្យរុស្ស៊ី និងអាមេរិកមានអាវុធមីស៊ីល នៅទឹកដីអឺរ៉ុប កាលពីសម័យសង្រ្គាមត្រជាក់ ប៉ុន្តែ អឺរ៉ុប គ្មានមុខជាហត្ថលេខីនៃសន្ធិសញ្ញា ដែលមានតែអាមេរិក និងរុស្ស៊ីតែប៉ុណ្ណោះ។
ប្រធានាធិបតីបារាំងចង់បញ្ជាក់ដែរថា អឺរ៉ុបមិនមែនចេះតែទុកឲ្យអាមេរិក ជាអ្នកអារកាត់ សម្រេចលើជោគវាសនារបស់អឺរ៉ុបរហូតនោះទេ។ ដោយសារចង់ឲ្យអឺរ៉ុបក្តោបក្តាប់វាសនារបស់ខ្លួន លែងសូវពឹងលើអាមេរិក ប្រធានាធិបតី បារាំង ចង់ឲ្យអូតង់ និងអឺរ៉ុបផ្ទាល់ តែម្តង បើកការចរចាជាមួយរុស្ស៊ី ជាពិសេស ពីរឿងតាំងទីគ្រាប់មីស៊ីលរបស់អាមេរិក នៅទឹកដី អឺរ៉ុប ដែលរុស្ស៊ីបានទាមទារឲ្យផ្អាក មួយរយៈសិន បន្ទាប់ពីអាមេរិក ដកខ្លួនចេញពី សន្ធិសញ្ញាស្តីពីអាវុធបាញ់បានចម្ងាយមធ្យម កាលពីខែសីហា។ តាមប្រធានាធិបតីបារាំង គេត្រូវចរចា កសាង រចនាសម្ព័ន្ធ ថ្មី ខាងផ្នែក សន្តិសុខ ហើយនិងការទុកចិត្តគ្នា ជាមួយ រុស្ស៊ី ដើម្បី សុវត្ថិភាព របស់អឺរ៉ុប។
ពាក់ព័ន្ធនិងសម្ព័នយោធាអូតង់ប្រធានាធិបតីបារាំងទាមទារឲ្យអូតង់ កែប្រែយុទ្ធសាស្រ្តយោធាឡើងវិញ។ នៅមួយសប្តាហ៍មុនបើកជំនួបកំពូលនៅទីក្រុងឡុងដ៍ សមាជិករបស់អង្គការ អូតង់ នៅតែខ្វែងគំនិត មិនចុះសម្រុងគ្នា តាំងពីបញ្ហាយុទ្ធសាស្រ្ត និងថវិការបស់អូតង់។ នៅថ្ងៃព្រហស្បតិ៍ ទី២៨វិច្ឆិកា ២០១៩ នៅក្នុងជំនួបជាមួយអគ្គលេខាធិការអង្គការអូតង់ នៅទីក្រុងប៉ារីស ប្រធានាធិបតី បារាំង លោកអេម៉ានុយអែល ម៉ាក្រុង បានរក្សាសំដីដដែលរបស់លោកដែលធ្លាប់បានចាត់ទុកសម្ព័ន្ធអាត្លង់ទិក អូតង់ថា ជាស្ថាប័នដូចស្លាប់។
អង្គការសម្ព័ន្ធអាត្លង់ទិក អូតង់នឹងបើកជំនួបកំពូល នៅថ្ងៃទី ៣ និងទី ៤ធ្នូ នៅទីក្រុងឡុងដ៍ នៅចំឱកាស ប្រារព្ធខួប ៧០ឆ្នាំនៃការបង្កើតអង្គការបក្សសម្ព័ន្ធ។ ពិធីបុណ្យរំលឹកខួប៧០ឆ្នាំនៃកំណើតរបស់អូតង់ កំពុងអួរអាប់ ដោយវិបត្តិផ្ទៃក្នុង នៅពេលសមាជិករបស់អូតង់កំពុងខ្វែងគំនិត និងបែកបាក់គ្នា ខ្លាំង ជាងពេលណាទាំងអស់។ ប្រធានាធិបតីបារាំង ចេញមុខរិះគន់ ថា ប្រតិបត្តិការយោធា របស់ប្រទេសសមាជិកពីររបស់អូតង់ គឺតួកគី និងអាមេរិក បានប៉ះពាល់ យុទ្ធសាស្រ្តយោធារបស់បារាំង នៅស៊ីរី។ ដោយសារអន្តរាគមន៍យោធារបស់តួកគី ធ្វើឡើងដោយគ្មានការពិគ្រោះយោបល់ពីប្រទេសសមាជិកដទៃទៀតរបស់អូតង់ លោកម៉ាក្រុង បាននិយាយចាត់ទុកអូតង់ថា ជាស្ថាប័នដូចស្លាប់។
នៅក្នុងជំនួបជាមួយអគ្គលេខាធិការអង្គការអូតង់ កាលពីថ្ងៃម្សិលមិញ ប្រថានាធិបតីបារាំង បានរក្សាសំដីរិះគន់របស់លោកដដែល និងបន្ថែមពីលើនោះ លោកបានទាមទារឲ្យបក្សសម្ព័ន្ធអូតង់ សើរើ ពិនិត្យ ពិចារណា ពីយុទ្ធសាស្រ្តយោធារបស់ខ្លួនឡើងវិញ។
សម្រាប់ប្រធានាធិបតី បារាំង បន្ថែមពីលើគោលដៅ ចំបងរបស់អូតង់ដែលថា ជួយការពារប្រទេសសមាជិកពីការវាយប្រហារពីខាងក្រៅ អូតង់មានបេសកកម្មមួយទៀត គឺប្រយុទ្ធប្រឆាំងនឹងក្រុមភេរវនិយម នៅក្នុងពិភពលោក។ ប៉ុន្តែ អ្វីដែលគួរឲ្យសោកស្តាយ គឺត្រង់ថា ប្រទេសសមាជិករបស់អូតង់ យល់មិនដូចគ្នានោះទេ ពីនិយមន័យ របស់ក្រុមភេរវនិយម។ ជាក់ស្តែង តួកគី បានបើកការវាយប្រហារទៅលើក្រុមគួដឌីស្ថានស៊ីរី ដែលតួកគីចាត់ទុកជាក្រុមភេរវនិយម ចំណែក រដ្ឋាភិបាល បារាំង និងប្រទេសអឺរ៉ុបផ្សេងទៀត រួមជាមួយអាមេរិកផង ធ្លាប់បានជួយឧបត្ថម្ភក្រុមគួដឌីស្ថាន ដោយសារតែក្រុមនេះ បានជួយសម្ព័ន្ធអន្តរជាតិ ក្នុងការប្រយុទ្ធយកឈ្នះ លើក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាមនៅទឹកដីស៊ីរី៕