ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉េឃ្លប់បើកឡើងខឿនក្រឡាប់សង្កត់លើរថយន្តព្រុសរងខូចខ្ទេចមួយកំណាត់ក្រោយ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកូរ៉េឃ្លប់មួយគ្រឿង បើកបរខ្វះការប្រុងប្រយ័ត្ន លឿនជ្រុលវ៉ាក់អើជាមួយរថភ្លើងកំពុងបើកឆ្លងកាត់ខាងមុខ ក៏ជ្រុលឡើងខឿន បណ្តាលឲ្យក្រឡាប់សង្កត់ទៅលើរថយន្តព្រុស បណ្តាលឲ្យរងខូចខាតខ្ទេចមួយកំណាត់ក្រោយ កាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ នៅតាមមហាវិថីឈ្នះ ឈ្នះ ត្រង់ចំណុចផ្លូវរថភ្លើង ភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ត្រង់ចំណុចផ្លូវខាងលើមានរថភ្លើងបើកឆ្លងកាត់ ធ្វើឲ្យយានជំនិះឈប់ស្ងៀមរង់ចាំ ស្របពេលនោះ ស្រាប់តែរថយន្តបង្ក កូរ៉េ ម៉ាកហុីយ៉ាន់ដាយ ឃ្លប់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-8683 បើកល្បឿនលឿន ពីត្បូងទៅជើង ដល់ចំណុចខាងលើវ៉ាក់អើ ជាមួយនឹងរថភ្លើងកំពុងឆ្លងកាត់ បេជារថយន្តបង្កបើកគេចឡើងខឿន ទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់មកខាងស្តាំ សង្កត់លើរថយន្ត តូយ៉ូតាព្រុស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AI-1327 ដែលកំពុងឈប់ចតស្ងៀមរង់ចាំរថភ្លើង ពីត្បូងទៅជើង បណ្តាលឲ្យរងរចូចខាតខ្ទេចមួយកំណាត់ក្រោយ តែមិនបង្កឲ្យមានអ្នករងរបួស ភ្លាមៗអ្នកបើកបររថយន្តបង្កលូនចេញ ហើយរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ និងប្រគល់រថយន្តទាំង២គ្រឿង ទៅការិយាល័យចរាចរណ៍ជើងគោកក្រុង ចាត់ចែងស្ទូចលើកយកទៅរក្សាទុក រង់ចាំដោះស្រាយពេលក្រោយ ៕ សុខាសែនជ័យ​


ចែករំលែក៖