ភ្នំពេញ៖ ជម្លោះរវាងមន្ដ្រីនគរបាលប៉ុស្ដិ៍បឹងសាឡាង ខណ្ឌទួលគោក ជាមួយអ្នកជិតខាង រហូតផ្ទុះអាវុធចំនួន ៤គ្រាប់ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ ផ្ដើមចេញពីរឿងជនរងគ្រោះមានចិញ្ចឹមឆ្កែធ្លាប់ខាំជនសង្ស័យដែលជាមន្ដ្រីនគរបាល ។
លោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា មូលហេតុដែលនាំឲ្យមានជម្លោះនេះ គឺផ្ដើមចេញពីសត្វឆ្កែចិញ្ចឹមរបស់ជនរងគ្រោះ ធ្លាប់ខាំមន្ដ្រីនគរបាល ហើយក៏ធ្លាប់ទាស់ពាក្យសម្ដីគ្នាកាលពីពេលកន្លងទៅផងដែរ ។
លោកអធិការបានឲ្យដឹងទៀតថា ជនសង្ស័យមានឈ្មោះ សុង វិសិដ្ឋ ជាមន្ដ្រីនគរបាលប៉ុស្ដិ៍បឹងសាឡាង ត្រូវបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំ និងចាត់វិធានការបន្តតាមនីតិវិធី ។
គួរបញ្ជាក់ផងដែរថា នៅម៉ោង១០ព្រឹក ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មានករណីមន្ដ្រីនគរបាលប៉ុស្ដិ៍បឹងសាឡាងម្នាក់ បានឈ្លោះជាមួយបុរសម្នាក់ រស់នៅជិតខាងគ្នា រហូតមន្ដ្រីនគរបាលខាងលើទាញកាំភ្លើង AK47 បាញ់ចំនួន៤គ្រាប់ផ្ទួនៗ ដោយ៣គ្រាប់បាញ់ឡើងលើ និង១គ្រាប់ទៀត បាញ់ត្រូវចំខ្នងរបស់ជនរងគ្រោះបណ្ដាលឲ្យរងរបួស ហើយត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ហើយមន្ដ្រីនគរបាលក៏ត្រូវបានចាប់វាយខ្នោះភ្លាមៗ នៅកន្លែងកើតហេតុបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីសួរនាំ និងចាត់តាមនីតិវិធី ៕ ជ្រោយពេជ្រ