ព័ត៌មានទាន់ហេតុការណ៍៖

បាក់ប្លង់សេសាលាឆាន់វត្តប្រាសាទគោកចកសង្កត់មនុស្សជាង២០នាក់ 

ចែករំលែក៖

ខេត្តសៀមរាប៖  មានឧបទ្ទវហេតុបាក់ស្រុតប្លង់សេសាលាឆាន់កំពុងសាងសង់ក្នុងវត្តមួយកន្លែង បណ្ដាលឲ្យសង្កត់មនុស្សជាង២០នាក់ដែលសុទ្ធសឹងជាកម្មករសំណង់រងរបួសធ្ងន់ ត្រូវបានអាជ្ញាធរមូលដ្ឋានដុតដៃដុតជើងធ្វើការសង្រ្គោះជាបន្ទាន់ ហើយមកដល់ម៉ោង៥រសៀលក្នុងចំណោមមនុស្សជាង២០នាក់នោះមានមនុស្ស២នាក់បានបាត់បង់ជីវិតហើយ និងច្រើននាក់ទៀតកំពុងរុករក ។

ឧបទ្ទវហេតុនេះកើតឡើងនៅវេលាម៉ោងប្រមាណ ៣រសៀល ថ្ងៃ ចន្ទ ៦កើត ខែមិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ២០១៩ នៅក្នុងនៅវត្តប្រាសាទគោកចក ស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ខណៈនៅក្នុងវត្តនេះកំពុងសាងសង់សាលាឆាន់មួយខ្នងទំហំ ២០ម៉ែត្រគុណ៣០ម៉ែត្រ ជិតមួយឆ្នាំមកហើយ និងទើបសាងសង់បាន២០ភាគរយប៉ុណ្ណោះ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ខណៈដែលកម្មករសំណង់មិនតិចជាង២០នាក់ កំពុងនាំគ្នាចាក់ប្លង់សេសាលាឆាន់ក្នុងវត្តគោកចកជាធម្មតា ។លុះពេលដែលក្រុមកម្មករកំពុងបំពេញការងារតាមមុខព្រួញរៀងខ្លួននោះ ស្រាប់តែបាក់រន្ទាឈើនិងដែកជាច្រើនដើមដែលធ្វើសម្រាប់ទ្រទម្ងន់ប្លង់សេក្នុងកម្ពស់៨ម៉ែត្របណ្តាលឲ្យសង្កត់លើក្រុមកម្មករទាំងនោះគ្មានអ្នកណារើខ្លួនរួចនោះឡើយ ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយកើតហេតុភ្លាម កម្លាំងអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានបានសហការគ្នាទៅជួយសង្គ្រោះជនរងគ្រោះយ៉ាងយកចិត្តទុកដាក់ ហើយជំហានដំបូងរំដោះយកបានមនុស្ស ១០នាក់ចេញពីគំនរបាក់បែកប្លង់សេនិងគំនររន្ទាយ៉ាងច្រើនលើសលុបយកទៅកាន់មន្ទីរពេទ្យ។ ឯជាង១០នាក់ទៀតនៅកៀបជាប់ក្រោមគំនរបាក់បែកនៅឡើយ ។

យ៉ាងណាមិញ រហូតមកដល់ម៉ោង៥រសៀលថ្ងៃដដែលសមត្ថកិច្ចខិតខំព្យាយាមរំដោះជនរងគ្រោះបានជាបន្តបន្ទាប់ទៀតសរុបទាំងអស់បានដល់១៦នាក់យកទៅកាន់មន្ទីរពេទ្យ ហើយក្នុងនោះមានពីរនាក់បានស្លាប់បាត់បង់ជីវិតគួរឲ្យខ្លោចផ្សាបំផុតនៅក្នុងមន្ទីរពេទ្យ ។​ ក្រៅពីនេះសមត្ថកិច្ចជំនាញនៅបន្តរុករកជនរងគ្រោះជាបន្តទៀត ៕ ប៊ុនរិទ្ធី


ចែករំលែក៖