ព័ត៌មានទាន់ហេតុការណ៍៖

សិស្សវិទ្យាល័យសំពៅលូន៣១នាក់ ដួលសន្លប់ជាបន្តបន្ទាប់ មិនដឹងមូលហេតុបញ្ជូនទៅមន្ទីរពេទ្យ

ចែករំលែក៖

ខេត្តបាត់ដំបង៖ សិស្សវិទ្យាល័យស្រុកសំពៅលូន ខេត្តបាត់ដំបង ៣១នាក់បានដួលសន្លប់ជាបន្តបន្ទាប់មិនដឹងមូលហេតុបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២ ខែធ្នូឆ្នាំ២០១៩ ។ សិស្សទាំងនោះភាគច្រើនជាសិស្សស្រីត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកសំពៅលូនដើម្បីសង្រ្គោះ ។

បើតាមប្រធានការិយាល័យប្រតិបត្តិស្រុកសំពៅលូនបានប្រាប់ឲ្យដឹងថា សិស្សរងការដួលសន្លប់មានស្រី៣០នាក់ប្រុស១នាក់ជាសិស្សរៀនថ្នាក់ទី១០ និងទី១១ ។ តាមការពិនិត្យតាមដានសុខភាពនិងតេស្ថឈាម ពួកគេមានអាការៈខ្វះជាតិស្ក ចុកដៃចុកជើង មានអារម្មណ៍តានតឹង មិនតែប៉ុណ្ណោះមិនបានទទួលទានអាហារពេលព្រឹកធ្វើឲ្យពួកគេខ្សោយកម្លាំងទើបរងការដួលសន្លប់ ។ ជាងនេះថែមទៀតពួកគេរៀនច្រើនម៉ោងចេញពីរៀនក្នុងសាលារដ្ឋបន្តទៅរៀនគួររហូតដល់ម៉ោង៧យប់ ការសិក្សារៀនច្រើនម៉ោងបែបនេះវាអាចបង្កឲ្យប៉ះពាល់អារម្មណ៍តានតឹង ។

ប្រធានការិយាល័យប្រតិបត្តិស្រុកសំពៅលូន ប្រាប់ឲ្យដឹងទៀតថា សិស្សទាំង៣១នាក់ មកដល់រសៀលថ្ងៃដដែលគ្រូពេទ្យបានព្យាបាលមានអាការៈធូស្បើយចេញពីមន្ទីរពេទ្យទៅផ្ទះវិញជិតអស់នោះហើយ ។ នៅសល់តែ១០នាក់ប៉ុណ្ណោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕ សំ វិច្ឆិកា

 

 


ចែករំលែក៖