ភ្នំពេញ ៖ មានករណី អគ្គិភ័យឆេះគំនរឈើចាស់ៗក្នុងទីតាំងសិប្បកម្មកែច្នៃតុទូមួយកន្លែងត្រង់ចំណុចផ្ទះ០៩ ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ចចុះអន្តរាគមន៍កាលពីវេលាម៉ោង២២ និង២០នាទី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ សរ មោលីឌមាជោតិក ភេទប្រុស អាយុ ៥៩ឆ្នាំ មុខរបរ បើកសិប្បកម្ម បច្ចុប្បន្នស្នាក់នៅទីតាំងកើតខាងលើ ។ ក្នុងករណីអគ្គិភ័យខាងលើនេះ បណ្តាលមកពីជាងផ្សារដំបូលខ្ទាតកម្ទេចធូបផ្សាចូលគំនរឈើ បណ្តាលឲ្យឆាបឆេះតែម្តង ។ ចំពោះទំហំនៃការខូចខាត ឆេះឈើចាស់ៗមួយចំនួនធំ ។
សមត្ថកិច្ចបានបន្ថែមថា ការប្រើប្រាស់រថយន្តអគ្គិភ័យអស់ចំនួន ០២គ្រឿង ក្នុងនោះមានរថយន្តសាលាខណ្ឌ ០១គ្រឿង និងរថយន្តស្រាបៀ១គ្រឿង ដោយបាញ់ពន្លត់ជាង១ម៉ោងទើបរលត់នៅយប់ថ្ងៃកើតហេតុដដែល ៕ ភារ៉ា ដង្កោ