ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះឈើចាស់ៗក្នុងទីតាំងសិប្បកម្មកែច្នៃតុទូមួយកន្លែង ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចខណ្ឌដង្កោចុះអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ ៖ មានករណី អគ្គិភ័យឆេះគំនរឈើចាស់ៗក្នុងទីតាំងសិប្បកម្មកែច្នៃតុទូមួយកន្លែងត្រង់ចំណុចផ្ទះ​០៩ ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ចចុះអន្តរាគមន៍កាលពីវេលា​ម៉ោង​២២ និង២០នាទី ថ្ងៃទី០២ ខែធ្នូ​ ឆ្នាំ​២០១៩ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ សរ​ មោលីឌមាជោតិក​ ភេទ​ប្រុស​ អាយុ​ ៥៩ឆ្នាំ​ មុខរបរ បើកសិប្បកម្ម បច្ចុប្បន្នស្នាក់នៅទីតាំងកើតខាងលើ ។ ក្នុងករណីអគ្គិភ័យខាងលើនេះ បណ្តាលមកពីជាងផ្សារដំបូលខ្ទាតកម្ទេចធូបផ្សាចូលគំនរឈើ បណ្តាលឲ្យឆាបឆេះតែម្តង ។ ចំពោះទំហំ​នៃការខូចខាត​ ឆេះឈើចាស់ៗមួយចំនួនធំ ។

សមត្ថកិច្ចបានបន្ថែមថា ការប្រើប្រាស់​រថយន្ត​អគ្គិភ័យ​​អស់ចំនួន​ ០២គ្រឿង ក្នុងនោះមានរថយន្ត​សាលាខណ្ឌ​ ០១គ្រឿង​ និងរថយន្ត​ស្រាបៀ១គ្រឿង ដោយបាញ់ពន្លត់ជាង១ម៉ោងទើបរលត់នៅយប់ថ្ងៃ​កើតហេតុដដែល ៕ ភារ៉ា ដង្កោ


ចែករំលែក៖