ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌសែនសុខបង្រ្កាបទីតាំងហ្គេមបាញ់ត្រី និងលេងល្បែងសុីសងមួយកន្លែង ក្នុងសង្កាត់ទឹកថ្លា

ចែករំលែក៖

ភ្នំពេញៈ អនុវត្តតាមតួនាទីភារកិច្ច និងបន្ទាប់ពីទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងយកចិត្តទុកដាក់ពីលោក ម៉ូវ ម៉ានិត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ និងជាអភិបាលខណ្ឌសែនសុខ នៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ លោកស្រី លី រ៉ូហ្សាមី អភិបាលរងខណ្ឌបានដឹកនាំកម្លាំងចម្រុះចុះពិនិត្យទីតាំងហ្គេមបាញ់ត្រីបង្កប់ល្បែងសុីសងមួយកន្លែង ស្ថិតនៅផ្លូវណ័រប្រ៊ីត ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រតិបត្តិការខាងលើនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបានដកហូតទូហ្គេមបាញ់ត្រីប្រភេទធំចំនួន ០៣គ្រឿង តុលេងល្បែងសុីសងចំនួន ០៣តុ បៀរចិន(ម៉ាជាំង) ចំនួន ០៤ឈុត និងឃាត់ខ្លួនជនជាតិជាអ្នកមើលការខុសត្រូវបានចំនួន ០១នាក់ ។ បច្ចុប្បន្នវត្ថុតាងបានយករក្សាទុកនៅសាលាខណ្ឌសែនសុខ ដោយឡែក មនុស្សបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់វិធានការទៅតាមនីតិវិធីច្បាប់ ។

លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជាប្រធានគណៈកម្មការបង្រ្កាប និងទប់ស្កាត់ល្បែងសុីសងគ្រប់ប្រភេទក្នុងមូលដ្ឋានខណ្ឌ បានអោយដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភា្លមៗ ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបានចាត់កម្លាំងគ្រប់ផ្នែកសហការគ្នាចុះពិនិត្យដល់ទីតាំងជាក់ស្តែង ហើយធ្វើការដកហូតទូហ្គេម និងសម្ភារមួយចំនួនតែម្តង បន្ទាប់ពីពិនិត្យឃើញថា ទីតាំងអាជីវកម្មហ្គេមត្រីនេះ មិនមានលិខិតអនុញ្ញាត និងបង្កប់ល្បែងសុីសងផ្ទុយពីច្បាប់ ។ កន្លងមក ក្នុងមូលដ្ឋានខណ្ឌសែនសុខ អាជ្ញាធរខណ្ឌបានធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្តបន្ទាប់ដល់អាជីវកម្មអុីធើណែតបង្កប់ភ្នាល់បាល់សុីសង ហ្គេមបាញ់ត្រី និងអាជីវកម្មបទល្មើសខុសច្បាប់មួយចំនួនទៀត ។

ជាមួយនេះ ដើម្បីអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពអោយមានប្រសិទ្ធភាព អាជ្ញាធរខណ្ឌសែនសុខសូមសំណូមពរបងប្អូនប្រជាពលរដ្ឋបន្តចូលរួមសហការសម្ថកិច្ច និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងបទល្មើសខុសច្បាប់ផ្សេងៗដែលកើតមានក្នុងមូលដ្ឋានខណ្ឌរបស់យើង ដើម្បីសមត្ថកិច្ចធ្វើការបង្រ្កាបទប់ស្កាត់អោយបានទាន់ពេលវេលាផងដែរ ៕ ចន្ទ លីហ្សា


ចែករំលែក៖