ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ភ្នំពេញជារាជធានី មួយដែលមានវប្បធម៌-អារ្យធម៌សម្បូរបែប ចម្រុះជាតិសាសន៍ និងប្រវត្តិសាស្រ្តយូរលង់ ដែល ទទួលបានកិត្តិសព្ទថាជាទីក្រុងដែលប្រកបដោយភាពសុខដុមរម្យនា និងមានការអធ្យា ស្រ័យ ខ្ពស់ ដូចមានសក្ខីកម្មបញ្ជាក់ស្រាប់ ក្នុងស្នាដៃស្ថាបត្យកម្មដែលរចនាលម្អ តាមបែបទំនើបកម្ម ។
ក្នុងឱកាសប្រារព្ធមហាសន្និបាតប្រចាំឆ្នាំលើកទី ៣៩ និង ខួបលើកទី ៤០ ថ្ងៃកំណើត សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) និងខួប៤០ ឆ្នាំនៃការរស់ រាន របស់កម្ពុជា កាលពីព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា រចនា បទស្ថាបត្យកម្មនេះ ជាលទ្ធផលនៃការសំយោគជំនឿ ដើមរបស់ បុព្វ បុរសខ្មែរ បញ្ចូលជាមួយនឹងជំនឿដែលមានប្រភពមកពីព្រហ្មញ្ញ សាសានា និងពុទ្ធ សាសនា។ ឯកឧត្ដមអភិបាលបានរម្លឹកដោយសង្ខេប អំពីអនុស្សាវរីយ៍ជូរចត់របស់រាជធានី ភ្នំពេញ ដែលក្នុងទសវត្សន៍ឆ្នាំ ៧០ រាជធានីភ្នំពេញបានរងសង្គ្រាមទម្លាក់គ្រាប់បែក និងធ្លាក់ ចូល ក្នុងសង្រ្គាមរវាងខ្មែរ និងខ្មែរ។ ជាមួយគ្នានេះ របបប្រល័យពូជសាសន៍ខ្មែរក្រហម បាន អូស បន្លាយជិត៣ឆ្នាំ ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ហើយធ្វើឱ្យរាជធានីកម្ពុជាមួយនេះ ក្លាយជាទីក្រុងខ្មោច គ្មានមនុស្សរស់នៅ គ្មានការគោរពសិទ្ធិមនុស្ស។
លោក បានបន្ដថា ក្រោយថ្ងៃរំដោះ ០៧ មករា ឆ្នាំ១៩៧៩ ភ្នំពេញត្រូវបានស្តារ បន្តិច ម្តងៗ ស្របតាមដំណើរវិវត្តន៍នៃបរិការណ៍ជាក់ស្តែងនីមួយៗ ហើយបច្ចុប្បន្ននេះ ក្រោមការដឹក នាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា រាជធានីភ្នំពេញបានស្គាល់សារជាថ្មីនូវការអភិវឌ្ឍ។ ទន្ទឹមនេះ នយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោបានធ្វើឱ្យសង្គ្រាម ស៊ីវិលរ៉ាំរ៉ៃបានបញ្ចប់ជាស្ថាពរ ដែលនាំមកនូវ ការបង្រួប បង្រួមជាតិ និងសុខសន្តិភាពពេញលេញជូនកម្ពុជា ហើយបង្កើតបានជាមូលដ្ឋានគ្រឹះ សម្រាប់ បង្កើតរបបគ្រប់គ្រងដឹកនាំរដ្ឋបាលសាធារណៈ និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន។
លោក អភិបាលរាជធានីលើកឡើងទៀតថា ជោគជ័យ និងវិបុលភាពជាប់ជាប្រចាំ ក្នុងរយៈ ពេល០២ទសវត្សរ៍ចុងក្រោយ គឺជាផលដែលបានមកពីការដាក់ចេញនូវនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ ដោយផ្សារភ្ជាប់ជាមួយនឹងនយោបាយលើកទឹកចិត្ត វិនិយោគ ផ្ទាល់ពីបរទេស។ ឯកឧត្តមអភិបាលរាជធានីក៏បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ វត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំសមាគមអន្តរជាតិ អភិបាល ក្រុងប្រើប្រាស់ភាសាបារាំង (AIMF)ថា “ខ្ញុំមានសេចក្តីសប្បាយរីករាយជាខ្លាំង ដែល បានធ្វើជាម្ចាស់ផ្ទះ ដើម្បីរៀបចំអបអរសាទរខួបលើកទី៤០ឆ្នាំ នៃថ្ងៃកំណើតសមាគមអន្តរជាតិ នៃអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង និងមហាសន្និបាតប្រចាំឆ្នាំលើកទី៣៩ របស់ខ្លួន”៕ សំរិត