ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន​ឧកញ៉ាម្នាក់កំពុងឈូស​ឆាយដីព្រៃខាងក្នុង ទុកខាងក្រៅនៅ​ឧ​ទ្យាន​ជាតិ​​បូកគោ

ចែករំលែក៖

ខេត្តកំពត​ ៖ ​ប្រជាពលរដ្ឋបានរាយការណ៍ឲ្យដឹងថា ដី​ព្រៃ​តាម​ជួរ​ភ្នំ​ឧទ្យាន​ជាតិ​ព្រះ​មុនី​វង្ស​បូកគោជាសម្បត្តិរដ្ឋ ស្ថិតនៅឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត ដែលជាប់​ព្រំប្រទល់​រវាងឃុំ​ទឺ​ក​ថ្លា​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ ត្រូវឧកញ៉ា​ម្នាក់ ​កំពុង​បើក​យុទ្ធនាការ​ឈូស​ឆាយ​យកធ្វើកម្មសិទ្ធិ និងធ្វើអគារថ្មនៅទីនោះទៀតផង ។

តាមសេចក្ដីរាយការណ៏ពីប្រជាពលរដ្ឋ​នៅ​ភូមិ​ត្រពាំងរ​ពៅ ឃុំ​ព្រែក​ត្នោត​ ​បាននិយាយថា​ ដីព្រៃភ្នំ​ដែល​ក្រុមហ៊ុន​មួយនេះគេមិនស្គាល់ឈ្មោះ និងមានម្ចាស់ឈ្មោះអីនោះទេ គ្រាន់តែដឹងពីក្រុមកូននៅទីនោះហៅថាលោក​ឧកញ៉ា​ប៉ុណ្ណោះ ។ ពេលនេះក្រុមហ៊ុនឧកញ៉ាម្ណាក់នេះ​កំពុង​ឈូស​ឆាយក្នុងតំបន់​គេ​ហៅ​ថា​ភ្នំ​ស្លឹក ​ជាប់​ព្រំប្រទល់រវាងខេត្តកំពត និង​ខេត្ត​ព្រះ​សីហ​នុ ។ ប្រជាពលរដ្ឋទើបតែ​ភ្ញាក់ផ្អើល​ដែរ ពេល​ឃើញ​គេ​សាងសង់​ផ្ទះថ្មជា​បណ្ដើរ​ៗ ដែលកាលពី​មុន​មើល​ពី​ថ្នល់ជាតិ​ទៅ​ឃើញ​តែព្រៃ​ ​ស្រាប់តែ​ពេល​នេះ​គេ​ឈូស​ឆាយ​ព្រៃ​ពី​ខាងក្នុង​ដោយ​ទុក​ព្រៃ​នៅ​ខាងក្រៅ​ ហើយ​បើ​គេ​ឈូស​ព្រៃ​ខាងក្រៅ​អស់​​ទើប​ដឹង​ថា ​គេ​ឈូស​ឆាយ​អស់​ព្រៃឈើ​​ទៅ​ហើយ ។

ប្រជាពលរដ្ឋភូមិ​ត្រពាំងរ​ពៅម្នាក់​ទៀតនិយាយ​​ថា នៅ​ក្នុង​ព្រៃ​ជ្រៅ​ជាង​នេះ គេ​បាន​ឈូស​ឆាយ​ធ្វើ​ផ្លូវ​ឆ្លង​ជ្រោះ​កាត់​ភ្នំ​រួច​ហើយ គឺ​ចូល​ទៅ​ដល់​កន្លែង​ដែល​គេ​កំពុង​សាងសង់​ប្រាសាទ​ដ៏​ធំ​មួយ​នៅ​កណ្ដាល​ព្រៃ​ភ្នំ​នោះទៀតផង ។ ចំណែកគ្រួសារ​មួយ​ដែល​មានមុខ​របរ​ដុត​ធ្យូង​​គ្រាន់ចិញ្ចឹម​ក្រពះ​​និយាយ​ថា គាត់​​មក​រស់​លើ​ដី​ភ្នំ​នេះ​​រយៈពេល​៣​ឆ្នាំ​ហើយ បាន​ដាំ​ខ្នុរ​ធំ​ៗ​អស់ហើយ តែ​បច្ចុប្បន្ន​​ខាង​ក្រុមហ៊ុន​សាងសង់​ប្រាសាទ​នេះ​បាន​បណ្ដេញ​គាត់​ឱ្យ​ចាកចេញ​ដោយ​គ្មាន​សំណង​អ្វី​ទាំងអស់ ។

ចំណែកលោក ភឿន ណាំ មេ​ឃុំ​ទឹកថ្លា​ បាន​​ប្រាប់​ថា ការ​ឈូស​ឆាយដី​ព្រៃ​ភ្នំ​មានគម្រោងសាងសង់ប្រាសាទ​នៅ​ក្នុង​ព្រៃ​នោះ​ លោក​មិន​បានដឹង​ថា​ក្រុមហ៊ុន​នោះ​ គេ​ធ្វើ​អ្វីខ្លះ​ទេ ។ ការ​ឈូស​ឆាយដី​ព្រៃ​ក្នុង​ឧ​ទ្យាន​ជាតិ​ព្រះ​មុនី​វង្ស​បូកគោ​នេះ បើ​តាម​ដឹង​ប្រហែលជា​គេ​មានច្បាប់​ពី​ថ្នាក់លើ​ ។ ​ទោះជា​មានការ​រុករាន​ទន្ទ្រានព្រៃ​ភ្នំ​បែប​នេះ​ក៏​ដោយ ក៏​គេ​មិន​ទាន់​ឃើញ​មានធ្វើ​អ្វី​ជា​ដុំ​កំភួន​នៅឡើយ​ដែរ​ ព្រោះ​នៅ​កន្លែង​ធ្វើ​ប្រាសាទកំពុង​ចាក់​ពង្រីក​ដី​ និង​ធ្វើ​គ្រឹះ​ប្រាសាទ​ និង​ធ្វើ​ផ្លូវ​ចូល​ទៅ​កាន់​ទីតាំង​នោះ ។

ក្នុងករណីនេះមហា​ជន​​​ពិត​ជា​​​មាន​ការ​​​ងឿង​​ឆ្ងល់​​​ពេក​ណាស់​ ហើយ​​​សួរ​ថា​​ ទីតាំង​​នោះ​​មិន​ដឹង​​​ស្ថិត​ក្នុង​​ភូមិ​សាស្ត្រ​​​ឧទ្យាន​​​ជាតិ​ដែរ​ឬ​បែប​ណា​នោះទេ ហើយ​ការ​​​ឈូស​ឆាយ​​​ដីព្រៃ​​​ធម្ម​ជាតិ​​​បែប​នេះ​​​ជាការ​​វិនិយោគ​​​ផ្នែក​អចលនទ្រព្យ​ឬ ?​ តើអាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធដឹងទេ?ឬមួយងាប់សរសៃដោយត្រូវថ្នាំឧកញ៉ាម្នាក់នេះហើយទេដឹង? បើតែយ៉ាងនេះធនធានធម្មជាតិរបស់រដ្ឋនឹងវិនាសហិនហោចអស់ហើយ ៕ ប្រាថ្នា


ចែករំលែក៖