ខេត្តកំពត ៖ ប្រជាពលរដ្ឋបានរាយការណ៍ឲ្យដឹងថា ដីព្រៃតាមជួរភ្នំឧទ្យានជាតិព្រះមុនីវង្សបូកគោជាសម្បត្តិរដ្ឋ ស្ថិតនៅឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ដែលជាប់ព្រំប្រទល់រវាងឃុំទឺកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវឧកញ៉ាម្នាក់ កំពុងបើកយុទ្ធនាការឈូសឆាយយកធ្វើកម្មសិទ្ធិ និងធ្វើអគារថ្មនៅទីនោះទៀតផង ។
តាមសេចក្ដីរាយការណ៏ពីប្រជាពលរដ្ឋនៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោត បាននិយាយថា ដីព្រៃភ្នំដែលក្រុមហ៊ុនមួយនេះគេមិនស្គាល់ឈ្មោះ និងមានម្ចាស់ឈ្មោះអីនោះទេ គ្រាន់តែដឹងពីក្រុមកូននៅទីនោះហៅថាលោកឧកញ៉ាប៉ុណ្ណោះ ។ ពេលនេះក្រុមហ៊ុនឧកញ៉ាម្ណាក់នេះកំពុងឈូសឆាយក្នុងតំបន់គេហៅថាភ្នំស្លឹក ជាប់ព្រំប្រទល់រវាងខេត្តកំពត និងខេត្តព្រះសីហនុ ។ ប្រជាពលរដ្ឋទើបតែភ្ញាក់ផ្អើលដែរ ពេលឃើញគេសាងសង់ផ្ទះថ្មជាបណ្ដើរៗ ដែលកាលពីមុនមើលពីថ្នល់ជាតិទៅឃើញតែព្រៃ ស្រាប់តែពេលនេះគេឈូសឆាយព្រៃពីខាងក្នុងដោយទុកព្រៃនៅខាងក្រៅ ហើយបើគេឈូសព្រៃខាងក្រៅអស់ទើបដឹងថា គេឈូសឆាយអស់ព្រៃឈើទៅហើយ ។
ប្រជាពលរដ្ឋភូមិត្រពាំងរពៅម្នាក់ទៀតនិយាយថា នៅក្នុងព្រៃជ្រៅជាងនេះ គេបានឈូសឆាយធ្វើផ្លូវឆ្លងជ្រោះកាត់ភ្នំរួចហើយ គឺចូលទៅដល់កន្លែងដែលគេកំពុងសាងសង់ប្រាសាទដ៏ធំមួយនៅកណ្ដាលព្រៃភ្នំនោះទៀតផង ។ ចំណែកគ្រួសារមួយដែលមានមុខរបរដុតធ្យូងគ្រាន់ចិញ្ចឹមក្រពះនិយាយថា គាត់មករស់លើដីភ្នំនេះរយៈពេល៣ឆ្នាំហើយ បានដាំខ្នុរធំៗអស់ហើយ តែបច្ចុប្បន្នខាងក្រុមហ៊ុនសាងសង់ប្រាសាទនេះបានបណ្ដេញគាត់ឱ្យចាកចេញដោយគ្មានសំណងអ្វីទាំងអស់ ។
ចំណែកលោក ភឿន ណាំ មេឃុំទឹកថ្លា បានប្រាប់ថា ការឈូសឆាយដីព្រៃភ្នំមានគម្រោងសាងសង់ប្រាសាទនៅក្នុងព្រៃនោះ លោកមិនបានដឹងថាក្រុមហ៊ុននោះ គេធ្វើអ្វីខ្លះទេ ។ ការឈូសឆាយដីព្រៃក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោនេះ បើតាមដឹងប្រហែលជាគេមានច្បាប់ពីថ្នាក់លើ ។ ទោះជាមានការរុករានទន្ទ្រានព្រៃភ្នំបែបនេះក៏ដោយ ក៏គេមិនទាន់ឃើញមានធ្វើអ្វីជាដុំកំភួននៅឡើយដែរ ព្រោះនៅកន្លែងធ្វើប្រាសាទកំពុងចាក់ពង្រីកដី និងធ្វើគ្រឹះប្រាសាទ និងធ្វើផ្លូវចូលទៅកាន់ទីតាំងនោះ ។
ក្នុងករណីនេះមហាជនពិតជាមានការងឿងឆ្ងល់ពេកណាស់ ហើយសួរថា ទីតាំងនោះមិនដឹងស្ថិតក្នុងភូមិសាស្ត្រឧទ្យានជាតិដែរឬបែបណានោះទេ ហើយការឈូសឆាយដីព្រៃធម្មជាតិបែបនេះជាការវិនិយោគផ្នែកអចលនទ្រព្យឬ ? តើអាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធដឹងទេ?ឬមួយងាប់សរសៃដោយត្រូវថ្នាំឧកញ៉ាម្នាក់នេះហើយទេដឹង? បើតែយ៉ាងនេះធនធានធម្មជាតិរបស់រដ្ឋនឹងវិនាសហិនហោចអស់ហើយ ៕ ប្រាថ្នា