ភ្នំពេញ៖ ទីតាំងភ្លឹបស្មូកឃ័រ វីន ក្បែរសាលាខណ្ឌ៧មករា ក្នុងសង្កាត់វាលវង់ ត្រូវបានគេទម្លាយថា បានលួចបង្កប់លេងល្បែងសុីសង(អាប៉ោង) ក្នុងទឹកលុយធំៗ ខណៈអ្នកញៀនល្បែងភាគច្រើនជាអ្នករកសុីឡាន សមត្ថកិច្ច មន្ត្រីរាជការ និងមានមេនគរបាលព្រហ្មទណ្ឌឋានៈដល់ទៅផ្កាយ៣ ជាអ្នកចេញមុខការពារទីតាំងនោះ ឬជាអ្នកបើកបនល្បែងតែម្តង។ ទោះមានលេចឮនូវដំណឹងបែបនេះក៏ដោយ គេមានជំនឿថា៖ អាជ្ញាធរខ័ណ្ឌ ប្រាកដជាចាត់វិធានការបង្ក្រាបប្រសិនបើ មានជនដ៏គឃ្លើនហ៊ានបើកបនល្បែងសុីសងបំពានច្បាប់ ហើយស្ថិតនៅជិតសាលាខ័ណ្ឌនោះ។ ពិសេសក៏មិនត្រូវមានអ្នកផ្កាយពេញស្មាមកបើកបនល្បែង ក្នុងនាមខ្លួនមានកាតព្វកិច្ចជាអ្នកបង្ក្រាបនោះដែរ។
ពាក់ព័ន្ធករណីនេះ លោក ជា សុខលាង មេប៉ុស្តិ៍វាលវង់ បានប្រាប់អង្គភាព នគរវត្ត តាមទូរស័ព្ទនៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ថា៖ ករណីនេះខាងកម្លាំងប៉ុស្តិ៍ និងខាងខ័ណ្ឌចុះទៅពិនិត្យ និងអោយធ្វើកិច្ចសន្យាបញ្ឈប់កាលពីម្សល់ម្ងៃមួយរួចហើយ និងបន្តតាមដានផងដែរ។
លោក នេត សុីថុន អធិការនគរបាល ខ័ណ្ឌ៧មករា បានអោយដឹងថា៖ ខ្ញុំបានអោយកម្លាំងចុះទៅមើលហើយ បន្ទាប់ពីការផ្សព្វផ្សាយ គឺមិនអនុញ្ញាតអោយមានការបើកល្បែងនោះឡើយ។ លោកបន្តថា៖ ខ្ញុំនៅតែអោយសមត្ថកិច្ចស្រាវជ្រាវបន្ត ទោះជារបស់អ្នកណាក៏ដោយ។ ដោយឡែកលោក លីម សុភា អភិបាលនៃគណៈអភិបាលខ័ណ្ឌ ៧មករា បានប្រាប់អង្គភាព នគរវត្ត តាមទូរស័ព្ទថា៖ ខ្ញុំនឹងអោយមន្ត្រីចុះពិនិត្យក្នុងករណីនេះ ប៉ុន្តែបច្ចុប្បន្នខ្ញុំកំពុងជាប់ភារកិច្ចប្រជុំការងារ៕
ដោយ៖ ស រស្មី