រ៉ុក្កែត«អនាមិក»ដល់ទៅ៤គ្រាប់ បានធ្លាក់ចូលក្នុងអាកាសយានដ្ឋានអន្តរជាតិនៅទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ។ រ៉ុក្កែតនោះមិនដឹងថាបាញ់ចេញពីទីកន្លែងណានោះទេ បានសំដៅទៅលើមូលដ្ឋានកងទ័ពសហរដ្ឋអាមេរិក នៅជិតអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាដាដ ។ មកទល់ពេលនេះមិនទាន់មានព័ត៌មានស្តីពីការស្លាប់ និងរងរបួសនៅឡើយទេ។
សារព័ត៌មាន Al Arabiya បានផ្សាយថា នេះជាការវាយប្រហារដែលគោលដៅទៅលើកងកម្លាំងទាហានអាមេរិកនៅមូលដ្ឋានយោធាជិតអាកាសយានដ្ឋានអន្តរជាតិនោះ ។
ប្រភពព័ត៌មានអ៊ីរ៉ាក់បានផ្សាយថា រ៉ុក្កែត៤គ្រាប់បានធ្លាក់នៅបរិវេណនៃអាកាសយានដ្ឋាន ហើយថា យន្តហោះយោធាដែលមិនស្គាល់អត្តសញ្ញាណពីខាងណានោះបានហោះហើរពីលើទីតាំងនោះផងដែរ ។
ប្រភពព័ត៌មាន ELINT បានផ្សាយថា ជើងហោះហើរអន្តរជាតិនៅអាកាសយានដ្ឋានទីក្រុងបាដាដកាលពីព្រឹកថ្ងៃទី៩ ខែធ្នូ បានបង្វែរហោះហើរតាមផ្លូវអាកាសរបស់ទីក្រុងបាដាដ ដោយសារខ្លាចទទួលរងនូវការបាញ់ប្រហារពីគ្រាប់មីស៊ីល ។
ពាក់ព័ន្ធករណីមួយនេះ មិនទាន់មានក្រុមណាមួយ ឬប្រទេសណាមួយប្រកាសទទួលស្គាល់ការវាយប្រហារបាញ់រ៉ុក្កែត៤គ្រាប់នេះនៅឡើយទេ ។ គួររំលឹកថា ទីតាំងជិតអាកាសយានដ្ឋានអន្តរជាតិទីក្រុងបាដាដនោះត្រូវបានប្រើប្រាស់ជីតាំងមូលដ្ឋានយោធាសហរដ្ឋអាមេរិកក្នុងការដឹកនាំកម្លាំងសម្ពន្ធមិត្តប្រយុទ្ធប្រឆាំងក្រុមភេរវកម្មជ្រុលនិយមក្នុងប្រទេសអ៊ីរ៉ាក់ ។
គួររំលឹកថា កាលពីសប្តាហ៍មុន អាជ្ញាធរអ៊ីរ៉ាក់បាននិយាយថា មូលដ្ឋានយោធាជើងអាកាស Ayn al-Asad របស់អ៊ីរ៉ាក់ និងអាមេរិក ស្ថិតនៅភាគខាងលិចខេត្ត Al Anbar នោះរងការបាញ់ប្រហារពីមីស៊ីល៥គ្រាប់ផងដែរ ៕