ភ្នំពេញ ៖ ជនបរទេសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ផ្ទះជួលទាល់តែហើមធុំក្លិនស្អុយ ។
ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ នៅផ្ទះលេខ៤០Eo បន្ទប់ជួលលេខ៩ ជាន់ទី២ ផ្លូវលេខ១៣៦ ក្រុម១៧ ភូមិ១២ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា សព ឈ្មោះ GARDON ANDREW ជនជាតិអង់គ្លេស (ENGLAND) អាយុ៥៧ឆ្នាំ មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ៥១១២០៥៧៥៦ ស្នាក់នៅបន្ទប់កើតហេតុ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសជនជាតិបរទេសរូបនោះ បានមកជួលនៅបន្ទប់កើតហេតុនេះរយៈពេលពីរបីខែមកហើយ ប៉ុន្តែក្នុងរយៈពេលបីបួនថ្ងៃនេះ ដោយសារតែអត់ឃើញគាត់ចេញចូលបន្ទប់ដូចសព្វដង ទើបអ្នកជិតខាង ឆ្ងល់ ម្យ៉ាងទៀតចេះតែធុំក្លិនស្អុយ ក៏បានរាយការណ៍ប្រាប់ម្ចាស់ផ្ទះជួលឲ្យមកមើលឃើញបន្ទប់កើតហេតុនោះ បិទជាប់សោខាងក្នុង រួចម្ចាស់ផ្ទះ ក៏យកកូនសោរមកចាក់បើកទ្វារមើល ក៏ឃើញបុរសជនជាតិអង់គ្លេសរូបនោះដេកស្លាប់ហើមស្អុយទៅហើយ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយពីសភាពការណ៍កើតឡើង កម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍ បានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញា ការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងការិយាល័យស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី ផែនការងារអន្តោប្រវេសន៍ និង លោកគ្រូពេទ្យកោសល្យវិច័យ បង្កើតគណៈកម្មការត្រួតពិនិត្យកោសល្យវិច័យសព។
ជាលទ្ធផល តាមការពិនិត្យរបស់ លោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន និង ការិយាល័យជំនាញបច្ចេកទេសបានបញ្ជាក់ថា សពស្លាប់ដោយសារគាំងបេះដូង (អាចបណ្ដាលមកពីជំងឺបេះដូង)។ នៅកន្លែងកើតហេតុឃើញសម្ភារៈសពរួមមាន ៖ លិខិតឆ្លងដែនចំនួន០១ក្បាល លេខ៥១១២០៥៧៥៦ទូរស័ព្ទដៃចំនួន ម៉ាកHauwei ០១គ្រឿង កាតផ្សេងៗចំនួន១០សន្លឹក កុំព្យូទ័រយួរដៃ(laptop)ម៉ាកGEO ០១គ្រឿង លុយស្កុតឡែន ចំនួន៥ដុល្លារ និង ខ្សែលោហធាតុ ពណ៌សស្លែតចំនួនមួយខ្សែកាបូបដាក់កាតចំនួន០១ វ៉ាលីចំនួន០១ និងខោអាវមួយចំនួន បានប្រគល់ឲ្យការិយាល័យស៊ើបអង្កេត និង អនុវត្តន៍នីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីរក្សាទុក។
បន្ទាប់ពីពិនិត្យរួច ខាងជំនាញបច្ចេកទេស បានដឹកសាកសពទៅតម្កល់នៅវត្តស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជ្រោយពេជ្រ