ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ បទល្មើសនេសាទកំពុងធ្វើឲ្យធនធានមច្ឆជាតិក្នុងបឹងទន្លេសាប ខេត្តកំពង់ធំ ប្រឈមនឹងសេចក្ដីវិនាស

ចែករំលែក៖

ប្រភពពីប្រជានេសាទរស់នៅតំបន់បឹងទន្លេសាប នៃឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្នមុខរបរនេសាទជាលក្ខណៈគ្រួសាររបស់ពួគគាត់កំពុងប្រឈមនឹងការលំបាកយ៉ាងខ្លាំង ព្រោះធនធានមច្ឆជាតិកំពុងប្រឈមនឹងសេចក្ដីវិនាសគួរឲ្យព្រួយបារម្ភ។ ប្រភពបានឲ្យដឹងទៀតថា ការដែលធនធានមច្ឆជាតិក្នុងតំបន់បឹងទន្លេសាប នៃឃុំផាត់សណ្ដាយ ត្រូវវិនាសនៅពេលនេះគឺដោយសារមន្ត្រីរដ្ឋបាលជលផល ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធប្រចាំតំបន់បឹងទន្លេសាបនៃស្រុកកំពង់ស្វាយ ឃុបឃិតឲ្យជនល្មើសប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីយ៉ាងរាលដាល។ ចំណែកលោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ និងលោក ហម ហ៊ុន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ បណ្ដែតបណ្ដោយឲ្យមន្ត្រីរដ្ឋបាលជលផលក្នុងស្រុកកំពង់ស្វាយ ធ្វើអ្វីៗតាមអំពើចិត្ត។

ចំណែកសេចក្ដីរាយការណ៍ពីប្រជានេសាទក្នុងតំបន់បឹងទន្លេសាប នៃឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានឲ្យដឹងថា រដូវបើកនេសាទឹឆ្នាំនេះមុខរបរនេសាទជាលក្ខណៈគ្រួសាររបស់ពួកគាត់ស្ទើរតែមិនអាចរកចំណូលទិញអង្ករច្រកឆ្នាំងបានទេ។ ដោយហេតុថា មន្ត្រីរដ្ឋបាលជលផលនិងសមត្ថកិច្ចពាក់ព័ន្ធ ឃុបឃិតឲ្យក្រុមជនល្មើសប្រើឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយធំចាប់ត្រីក្នុងទន្លេសាប យ៉ាងមហន្តរាយហើយសូម្បីតែនៅក្នុងតំបន់ឡូត៍អភិរក្សក៏មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធឃុបឃិតឲ្យមានបទល្មើសប្រើឧបករណ៍ខុសច្បាប់យ៉ាងពេញបន្ទុកដែរ។ ប្រជានេសាទជាលក្ខណៈគ្រួសារបានត្អូញត្អែរថា ឆ្នាំមុនៗក្នុងមួយមងយ៉ាងហោចណាស់ក៏បានត្រី២ទៅ៣គីឡូក្រាមដែរ ប៉ុន្តែឆ្នាំនេះលើកមុងម្ដងបានត្រីត្រឹម១ឬ២ក្បាលប៉ុណ្ណោះ។ បញ្ហានេះបញ្ជាក់យ៉ាងច្បាស់ថា ធនធានមច្ឆជាតិក្នុងបឹងទន្លេសាប នៃខេត្តកំពង់ធំ កំពុងប្រឈមនឹងសេចក្ដីវិនាសគួរឲ្យបារម្ភបំផុត ព្រោះមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធគិតតែពីរឿងផលប្រយោជន៍ផ្ទាល់ខ្លួន។

បើតាមការកត់សម្គាល់ពីសំណាក់ប្រជានេសាទនៅតំបន់បឹងទន្លេសាបក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានឲ្យដឹងថា ក្រោយពេលលោក ហម ហ៊ុន ទទួលបានតំណែងជានាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ ជំនួសលោក ប៉ែន វណ្ណរិទ្ធ ដែលទទួលបានតំណែងជាប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ គឺបទល្មើសនេសាទក្នុងតំបន់បឹងទន្លេសាប កើតឡើងខ្លាំងក្លាជាងមុន១០០ដង។ ប្រជានេសាទបានលើកឡើងទៀតថា លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល មិនចាត់វិធានការទប់ស្កាត់បទល្មើសនេសាទក្នុងតំបន់បឹងទន្លេសាបនៃខេត្តកំពង់ធំ ដែលកំពុងមានការកើនឡើងយ៉ាងគំហុកនោះទេ។ ប្រការនេះហើយដែលធ្វើឲ្យធនធានមច្ឆជាតិក្នុងតំបន់បឹងទន្លេសាប នៃខេត្តកំពង់ធំ កំពុងប្រឈមនឹងសេចក្ដីវិនាស ហើយថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធសម្ងំស្ងាត់ឈឹងធ្វើមិនដឹងមិនឮអ្វីទាំងអស់៕


ចែករំលែក៖