នៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី១៣ ខែធ្នូ នៅប្រទេស អាល់ហ្សេរី ពេលនេះមានលទ្ធផលជាបឋមដោយអតីតនាយករដ្ឋមន្រ្ដីអាល់ហ្សេរី លោក Abdelmadjid Tebboune បានឈ្នះការបោះឆ្នោតជាប្រធានាធិបតី នៃប្រទេសនេះ ដោយទទួលបានសំឡេងគាំទ្រ ៥៨,១៥ភាគយ។
សេចក្ដីរាយការណ៍ ក្នុងតំបន់ បានឲ្យដឹងថា នៅក្នុងប្រទេសអាល់ហ្សេរី បានផ្ទុះឡើងនូវចលនាបាតុកម្ម អស់រយៈជាច្រើនខែមកហើយ។ ក្រុមចលនានេះ ក៏បានប្រឆាំងយ៉ាងខ្លាំងនឹងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី១២ ខែធ្នូ ហើយពួកគេនៅតែអំពាវនាវឲ្យមានការផ្លាស់ប្ដូរនូវប្រព័ន្ធនយោបាយ នៅក្នុងប្រទេស។ ដោយឡែកចំនួនអ្នកដែកទៅបោះឆ្នោត បានធ្លាក់ចុះ ទាប៤០ភាគរយ ដោយសារក្រុមអ្នកតវ៉ា បានអំពាវនាវឲ្យប្រជាពលរដ្ឋធ្វើពហិការ ចំពោះអ្វីដែលពួកគេបាននិយាយថា នេះជាការបោះឆ្នោតក្លែងក្លាយ។
ប្រភពព័ត៌មានដដែល បានបន្ដថា ក្រុមអ្នកតវ៉ា បានចេញមកតាមដងផ្លូវ ដោយបានប្រកាសថា ពួកគនឹងបន្ដធ្វើយុទ្ធនាការ ដោយសន្ដិវិធី ដើម្បីជំរុញឲ្យមានការកែទម្រង់ប្រព័ន្ធនយោបាយ នៅក្នុងប្រទេសនេះ។ ពួកគេចង់ជំរុញឲ្យមានការកែប្រែ តែបេក្ខជនប្រធានាធិបតីទាំងអស់ សុទ្ធតែតំណាងឱ្យរបបតែមួយ ដូចជា ប្រធានាធិបតីដែលត្រូវបានបណ្តេញចេញពីតំណែង គឺលោក Abdelaziz Bouteflika ជាដើម។
ទោះជាយ៉ាងណា ក្រុមបាតុករ នៅតែថ្លែងថា ពួកគេនឹងមិនសប្បាយចិត្ត ចំពោះការបោះឆ្នោតនេះទេ។ ប៉ុន្ដែពួកគេរីករាយត្រង់ថា ប្រជាពលរដ្ឋអាល់ហ្សេរី នៅតែបន្ដធ្វើបាតុកម្មទាមទារឲ្យមានការផ្លាស់ប្ដូរប្រព័ន្ធនយោបាយ នៅក្នុងប្រទេស។
បើយោងតាមលទ្ធផលបោះឆ្នោត កាលពីថ្ងៃទី១២ ខែធ្នូ ហើយត្រូវបានប្រកាសជាបឋម កាលពីម្សិលមិញនេះ បានបង្ហាញថា លោក Tebboune អតីតនាយករដ្ឋមន្រ្ដី វ័យ៧៤ឆ្នាំ កំពុងតែមានសំឡេងនាំមុខគេ ហើយអ្នកបន្ទាប់គឺលោក Abdlekader Bengrina ៕