ខេត្តឧត្តរមានជ័យ៖ បុរសចំណាស់ម្នាក់ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយសារជនសង្ស័យ ជាមនុស្សវិកលចរិក បានយកដំបងឈើច្រត់ ធ្វើអំពីឈើគ្រញូង វាយទៅលើជនរងគ្រោះជាច្រើនកន្លែង កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចភូមិចំបក់ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។
ជនរងគ្រោះឈ្មោះ អាន អ៊ុន ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិ គោកចំបក់ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
អាវុធហត្ថក្រុងសំរោងបានឲ្យដឹងថា មានករណី ហិង្សាដោយចេតនា មានស្ថានទំងន់ បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ០១នាក់ បង្កឡើងដោយជនសង្ស័យ ជាមនុស្សវិកលចរិក បានយកដំបងឈើច្រត់ ធ្វើពីឈើគ្រញូង រូបក្បាលសេះ វាយទៅលើជនរងគ្រោះឈ្មោះ អាន អ៊ុន ភេទប្រុស អាយុ ៥៦ឆ្នាំ មានទីលំនៅ ភូមិកើតហេតុ ខាងលើ បណ្ដាលឲ្យបែកក្បាល ជាច្រើនកន្លែង បណ្តាលឲ្យស្លាប់តែម្តង ។
ក្រោយកើតហេតុ ជនសង្ស័យ ត្រូវបានប្រជាពលរដ្ឋ និងកម្លាំងកងរាជអាវុធហត្ថក្រុងសំរោង ចាប់ខ្លួនយកទៅសួរនាំនៅមូលដ្ឋាអាវុធហត្ថក្រុងសំរោង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕ ប៉ែន នួន