ខេត្តតាកែវ៖ កូនប្រុសអកតញ្ញូសេពគ្រឿងញៀនម្នាក់ បានគំរាមសម្លាប់ម្តាយខ្លួនឯង ព្រមទាំងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ក្នុងផ្ទះគ្មានសល់ ហើយដោយទ្រាំលែងបានម្តាយក៏បានប្តឹងសមត្ថកិច្ចមូលដ្ឋានឲ្យចាប់ដាក់ខ្នោះយកទៅចាត់ការតាមច្បាប់ ។
អំពើហិង្សានេះកើតឡើងនៅវេលាម៉ោង ៧ និង១០នាទីព្រឹក ថ្ងៃ អាទិត្យ ៤រោច ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹងថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ២០១៩ ភូមិព្រៃគុយ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ។
មន្រ្តីនគរបាលស្រុកត្រាំកក់បានឲ្យដឹងថា ជនសង្ស័យឈ្មោះ សំ គ្រាំង ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិព្រៃគុយ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ជាមនុស្សញៀនថ្នាំ បានប្រើអំពើហិង្សាក្នុងគ្រួសារដោយយកពូថៅវ៉ៃបំបែកពាងទឹក ចានបាយ និងកាប់បំផ្លាញជណ្តើរផ្ទះខូចខ្ទេចខ្ទី ។ មិនតែប៉ុណ្ណោះបានគំរាមថាសម្លាប់ម្តាយបង្កើតរបស់ខ្លួនឈ្មោះ ឡុញ ស៊ុន ភេទស្រី អាយុ ៦៤ឆ្នាំ ជាច្រើនលើក ច្រើនសាថែមទៀត ។ ករណីគំរាមម្តាយបែបនេះ ធ្វើឲ្យគាត់ជាម្តាយមានការភ័យខ្លាចលែងហ៊ានចូលផ្ទះ រហូតមកដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៨ព្រឹក ទើបគាត់ទៅដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចនគរបាលមូលដ្ឋានចុះទៅឃាត់ខ្លួនកូនញៀនថ្នាំរូបនេះយកទៅ សាកសួរ និងកសាងសំណុំរឿងដើម្បីផ្ដន្ទាទោសតាមច្បាប់៕ ប្រាថ្នា